ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ទិញ​អង្ករ​៣០ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ ព្រមទាំង​ប្ដេជ្ញា​ជំរុញ​ទំហំពាណិជ្ជកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​នឹង​បន្ត​ជួយ​ទិញ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ កើន​ដល់​៣០​ម៉ឺន​តោន និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២០ ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុជា ។ លោក អ៊ុ​ង…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​នឹង​បន្ត​ជួយ​ទិញ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ កើន​ដល់​៣០​ម៉ឺន​តោន និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២០ ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុជា ។

លោក អ៊ុ​ង រចនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើក​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ » កាលពី​ថ្ងៃ​ទី​៣០ មិថុនា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ថា ចិន​គឺជា​ប្រទេស​ដែល​បាន​ជួយ​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​យ៉ាងច្រើន ហើយ​ទំហំ​ពាណិជ្ជកម្ម​ចិន​មក​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ។

លោក​បាន​បន្ត​ថា បើ​សរុប​ជំនួយ​របស់​ចិន​មក​កម្ពុជា គឺ​បាន​សាងសង់​ស្ពាន​ចំនួន​៧, កសាង​ផ្លូវថ្នល់​បាន​ជាង​២​ពាន់​គីឡូម៉ែត្រ ហើយ​កំពុង​ពង្រីក​ការ​សាងសង់​ជា​បន្តបន្ទាប់​ដូច​ជា ផ្លូវ​ពី​ស្វាយ​អ​ន្ទ​រម​ក​ព្រៃវែង (​ផ្លូវជាតិ​លេខ​១១) និង​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៧ មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ចែកចាយ​ថាមពល​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​តាម​បណ្តា​ខេត្ត​/​ក្រុង ។

លោក​បាន​បន្ថែម​ថា ចំពោះ​ទំហំ​ពាណិជ្ជកម្ម​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា នឹង​ខិតខំ​ឱ្យ​បាន​ដល់​៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ តាម​រយៈ​ការ​ទាក់ទាញ​វិនិយោគិន​ចិន​ឱ្យ​បាន​ច្រើន​មក​ស្រុក​ខ្មែរ ហើយ​ខេត្ត​ព្រះ​សីហ​នុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ជា​គោលដៅ​វិនិយោគ​ដ៏​ធំ​របស់​វិនិយោគិន​ចិន ។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ឆ្នាំ​២០១៥​ដល់​២០១៧ ចិន​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​២​សែន​តោន​មក​ហើយ ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ ចិន​គ្រោង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​៣០​ម៉ឺន​តោន ដើម្បី​ជួយ​កម្ពុជា​ដែល​ពិបាក​រក​ទីផ្សារ​។ ដោយឡែក​ចំពោះ​កសិផល​ផ្សេង​ៗ​ដូច​ជា ដំឡូង​មី និង​គ្រាប់ស្វាយចន្ទី​វិញ ក្រសួងកសិកម្ម​កម្ពុជា​កំពុង​ចរចា​បំពេញ​លក្ខខណ្ឌ​ជាមួយ​ចិន ដើម្បី​នាំ​ចេញ​កសិផល​ទៅ​ប្រទេស​ចិន នា​ពេល​ខាង​មុខ ។
លោក​បញ្ជាក់​ថា ៖« ការ​សាងសង់​គម្រោង​ធំ​អីចឹង​សួរ​ថា​តើ​ប៉ុន្មាន​ឆ្នាំ គេ​អាច​ទទួលផល​មក​វិញ? ទីផ្សារ​យើង​មាន​ប្រជាជន​តិច ការ​ធ្វើ​ចរាចរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ទោះបី​មមាញឹក​ប៉ុនណា រថយន្ដ​ច្រើន​ប៉ុនណា ក៏​ទុន​វិនិយោគ​របស់​គេ​រាប់​ពាន់​លាន​ដុល្លារ​ដែរ អីចឹង គេ​ពិបាក​ក្នុង​ការ​វិនិយោគ ហើយ​គម្រោង​ធំ​មួយទៀត គឺជា​គម្រោង​នៅ​ក្នុង​ក្របខ័ណ្ឌ​ផ្លូវ​សូត្រ​សមុទ្រ » ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ពី​វិស័យ​ទេសចរណ៍​ចិន​មក​កម្ពុជា​ថា ចិន​ឈរ​នៅ​លំដាប់​លេខ​១ ដោយសារ​ទេសចរ​ចិន​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​១​លាន​២​សែន​នាក់ ដែល​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ងារ​ធ្វើ​ក៏​ច្រើន​ផង​ដែរ ជា​ពិសេស នៅ​ប្រាសាទអង្គរវត្ត និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ។ រីឯ​វិស័យ​អាកាសចរណ៍ ចិន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​១៥ បាន​និង​កំពុង​បើក​ប្រតិបត្តិការ​ហោះហើរ​នៅ​ស្រុក​ខ្មែរ ដោយ​ក្នុង​១​ស​ប្តា​ហ៍​មាន​១៥០​ជើង ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​រក​វិនិយោគទុន​មក​ពង្រីក​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​សៀមរាប​ទៀត ក្នុង​ទិស​ដៅ​ទទួល​ទេសចរ​មក​ស្រុក​ខ្មែរ​ឱ្យ​បាន​ច្រើន​ទៀត​នា​ពេល​ខាង​មុខ ហើយ​ចាប់ពី​ខែមករា ដល់​ខែមេសា ដើមឆ្នាំ​២០១៨​នេះ យើង​បាន​ទទួល​ទេសចរ​អន្តរជាតិ​ជាង​៦​សែន​នាក់ ។ ទិស​ដៅ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍​ដែរ ធ្វើ​ម៉េច​ទាក់ទាញ​ទេសចរ​ចិន​ឱ្យ​បាន​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ។ លោក​ថា ៖« យើង​បាន​បង្កើត​ទីក្រុង​សម្ព័ន្ធភាព​កម្ពុជា​-​ចិន មាន​ខណ្ឌ​-​ខេត្ត​សម្ព័ន្ធមេត្រីភាព​កម្ពុជា​-​ចិន ដើម្បី​ផ្លាស់​ប្តូរ​ទៅ​វិញ​ទៅ​មក​ធ្វើ​ឲ្យ​យើង​ស្គាល់គ្នា​កាន់តែ​ជិត​ស្និទ្ធ កាន់តែ​ស៊ីជម្រៅ យល់​គ្នា​កាន់តែ​ច្រើន ដែល​ទាំងនេះ​ជា​ចំណុច​សំខាន់ » ។

លោក នាក់ ចិ​ន្ថា​រិ​ទ្ធិ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា សម្រាប់​ការ​ស្រាវជ្រាវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​លើក​ឡើង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​នេះ ដើម្បី​ធ្វើការ​កាត់​បន្ថយ ឬ​លុប​បំបាត់​រនាំង​ពាណិជ្ជកម្ម និង​វិនិយោគ ,​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ទិន្នន័យ​ពាណិជ្ជកម្ម​, គោរព​និង​លើក​ស្ទួយ​ការ​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្តទៅ​វិញ​ទៅ​មក​។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ធ្លាប់​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា ទៅ​កាន់​ប្រទេស​ជា​ដៃគូ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ សម្រេច​បាន​ទឹកប្រាក់​៥,៩​ប៊ី​លាន​ដុល្លារ ពោល​គឺ​បាន​កើនឡើង​២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។  លោក​បន្ថែម​ថា តាម​រយៈ​តួលេខ​នេះ នៅ​ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​ទាំងអស់ សម្រេច​បាន​៥,៨​ប៊ី​លាន​ដុល្លារ ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ចំនួន​១​ប៊ី​លាន​ដុល្លារ និង​នាំ​ចូល​ជាង​៤,៧​ប៊ី​លាន​ដុល្លារ​។ ប្រទេស​ចិន គឺជា​ដៃគូ​វិនិយោគ​ដ៏​ធំ​នៅ​កម្ពុជា ដែល​ចូលរួម​ចំណែក​ឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ