ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយរៀង​កំពុង​ខ្វះ​កម្លាំង​ជំនាញ​ធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ស្រប​ពេល​មានការ​វិនិយោគ​ថ្មី​ៗ​បន្ថែម​នៅ​ក្នុង​ខេត្តស្វាយរៀង ជា​ពិសេស នៅ​ក្រុង​បា​វិត ដែល​ជា​តំបន់​មាន​សក្ដានុពល​ខ្ពស់​ក្នុង​វិស័យ​ឧស្សាហកម្ម តម្រូវការ​ធនធានមនុស្ស​សម្រាប់​បម្រើ​ឲ្យ​វិស័យ​នេះ​ក៏​មាន​ខ្ពស់​ដែរ ជា​ពិសេស កម្លាំង​ពលកម្ម​ជំនាញ​កំពុង​មានការ​ខ្វះខាត​នៅ​ក្នុង​បណ្ដា​រោងចក្រ​សហគ្រាស​នានា ។…

ខេត្តស្វាយរៀង ៖ ស្រប​ពេល​មានការ​វិនិយោគ​ថ្មី​ៗ​បន្ថែម​នៅ​ក្នុង​ខេត្តស្វាយរៀង ជា​ពិសេស នៅ​ក្រុង​បា​វិត ដែល​ជា​តំបន់​មាន​សក្ដានុពល​ខ្ពស់​ក្នុង​វិស័យ​ឧស្សាហកម្ម តម្រូវការ​ធនធានមនុស្ស​សម្រាប់​បម្រើ​ឲ្យ​វិស័យ​នេះ​ក៏​មាន​ខ្ពស់​ដែរ ជា​ពិសេស កម្លាំង​ពលកម្ម​ជំនាញ​កំពុង​មានការ​ខ្វះខាត​នៅ​ក្នុង​បណ្ដា​រោងចក្រ​សហគ្រាស​នានា ។


បើ​តាម​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា កាលពីមុន ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​មួយ​ភាគ​ធំ ឬ​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ គឺ​ប្រកប​របរ​កសិកម្ម ធ្វើ​តែ​ស្រែ និង​មានការ​ជួញដូរ​តិចតួច ។ ការ​ប្រកប​របរ​កសិកម្ម​មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ ព្រោះ​ការ​ធ្វើស្រែ​ទៅ​តាម​រដូវ​កាល ។ ដូចនេះ នៅ​ពេល​ចប់​ការងារ​កសិកម្ម ពលរដ្ឋ​ក៏​ទំនេរ មិន​មានការ​ងារ​ណា​ផ្សេង​ទេ តែ​ក្រោយមក នៅ​ពេល​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​នៅ​ក្រុង
បា​វិត បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សមាជិក​ពេញកម្លាំង​បំពេញការងារ ទៅ​ធ្វើការ​នៅ​តាម​បណ្ដា​រោងចក្រ​សហគ្រាស និង​អាច​រក​ចំណូល​បាន​ខ្ពស់​ជាង​មុន ។

លោក​បន្ត​ថា ដោយសារ​តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ សក្ដានុពល​វិនិយោគ​នៅ​ក្នុង​ខេត្តស្វាយរៀង ជា​ពិសេស នៅ​ក្រុង​បា​វិត​កាន់តែ​មាន​ច្រើន តម្រូវការ​កម្លាំង​ពលកម្ម​ក៏​កាន់តែ​ច្រើន រហូត​ធ្វើ​ឲ្យ​វិបត្តិ​កង្វះ​កម្លាំង​ពលកម្ម​កើត​មាន​ឡើង ក្នុង​កម្លាំង​ពលកម្ម​ជំនាញ​កំពុង​តែ​ត្រូវការ​ខ្លាំង និង​ទាមទារ​ឲ្យ​សិស្ស​-​និស្សិត​ត្រូវ​រៀន​ជំនាញ​ឲ្យ​ចំ​នឹង​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​។ លោក​ថា ៖« កង្វះ​កម្លាំង​ពលកម្ម​ដើម្បី​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​ក្នុង​ខេត្តស្វាយរៀង បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ពី​ខេត្ត​ជិត​ៗ​មក​ធ្វើការ​នៅ​ក្នុង​ខេត្តស្វាយរៀង ហើយ​ពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង ក៏​លែង​មាន​អ្នក​ចំណាកស្រុក​ច្រើន​ដូច​កាលពីមុន​ដែរ » ។

បើ​តាម​លោក ហាស់ ប៊ុ​ន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងផង​ដែរ​ថា បើ​និយាយ​ពី​កម្លាំង​ពលកម្ម​មិន​មាន​ជំនាញ មិនសូវ​ខ្វះ​ទេ តែបើ​កម្លាំង​ពលកម្ម​ជំនាញ បច្ចេកទេស ជំនាញ​គ្រប់គ្រង រដ្ឋបាល និង​ធនធានមនុស្ស វា​ពិតជា​ខ្វះខាត​មែន​។ លោក​ថា ៖« សព្វ​ថ្ងៃនេះ ជំនាញ​ទាំង​អស់នេះ ភាគច្រើន​ត្រូវ​បាន​ជ្រើសរើស​មក​ពី​ខេត្ត​ផ្សេង ឬ​មក​ពី​ភ្នំពេញ ជាដើម ។ ដូចនេះ ក្នុង​នាម​ជា​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត សូម​អំពាវនាវ​ឲ្យ​ប្អូន​ៗ​សិស្ស​-​និស្សិត​ចាប់​យក​ជំនាញ​ណា​ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រូវការ​វិញ » ។

លោក​បន្ត​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្នុង​ស្វាយ​រៀង បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ជា​ច្រើន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ។ បច្ចុប្បន្ន​នេះ នៅ​ក្នុង​ខេត្តស្វាយរៀង​ទាំងមូល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១១ ហើយ​ក្នុង​នោះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៨ កំពុង​ដំណើរការ​។ លោក​ថា ៖« នៅ​ក្នុង​ខេត្តស្វាយរៀង មាន​សហគ្រាស​ដែល​បាន​ចុះបញ្ជី និង​ដំណើរការ​មាន​ចំនួន​១៧៥​សហគ្រាស និង​មាន​កម្មករ​កំពុង​បម្រើ​ការ​ចំនួន​៦១.០៤៣​នាក់ ។ ក្នុង​ចំណោម​កម្មករ​កំពុង​បម្រើ​ការ​នេះ​ដែរ អាច​ស្រូប​យក​ប្រាក់​ចំណូល​សរុប​បាន​ប្រមាណ​១៤៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ » ។

គួរ​បញ្ជាក់​ថា ខេត្តស្វាយរៀង​ចាប់ផ្ដើម​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដំបូង​នៅ​ឆ្នាំ​២០០៥ ហើយ​កាល​ណោះ មាន​កម្មករ​តែ​ចំនួន​២.៩៨៣​នាក់​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​ក៏​បាន​កើន​ឡើងជា​បន្តបន្ទាប់ នៅ​ពេល​មាន​រោងចក្រ​សហគ្រាស​ថ្មី​ៗ​ចូល​ទៅ​វិនិយោគ​នៅ​តំបន់​នោះ និង​បាន​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​កំពុង​ជួប​ប្រទះ​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម តែ​មិន​ទាន់​ធ្ងន់ធ្ងរ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ