ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន២​លាន​នាក់​នៅ​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា នា​ពេល​ខាង​មុខ ភ្ញៀវ​ទេសចរ​ចិន​នឹង​មក​ប្រទេស​កម្ពុជា​ប្រមាណ​២​លាន​នាក់​ក្នុង​១​ឆ្នាំ ឬ​អាច​មក​ច្រើន​ជាង​នេះ ខណៈ​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជិត​១​លាន​នាក់ ក្នុង​កំណើន​៨០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន…

ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា នា​ពេល​ខាង​មុខ ភ្ញៀវ​ទេសចរ​ចិន​នឹង​មក​ប្រទេស​កម្ពុជា​ប្រមាណ​២​លាន​នាក់​ក្នុង​១​ឆ្នាំ ឬ​អាច​មក​ច្រើន​ជាង​នេះ ខណៈ​នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជិត​១​លាន​នាក់ ក្នុង​កំណើន​៨០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្របខ័ណ្ឌ​សាធារណៈ និង​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​-​ចិន នៅ​សណ្ឋាគារ​សុខា​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា បច្ចុប្បន្ន ប្រទេស​មាន​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​មានការ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បន្ដ​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ជិត ១​លាន​នាក់ កើនឡើង​៨០% ហើយ​សង្ឃឹមថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨ និង​ច្រើន​ជាង​នេះ​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ហើយ​កម្ពុជា​គ្រៀង​នឹង​រៀបចំ​ពិធី​ដ៏​ពិសេស​មួយ​សម្រាប់​អបអរសាទរ និង​ស្វាគមន៍​ភ្ញៀវ​២​លាន​នាក់​របស់​ចិន ។ លោក​ថ្លែង​ថា ៖« កម្ពុជា​គ្រោង​នឹង​រៀបចំ​ពិធី​ពិសេស​មួយ ដើម្បី​ទទួល​ទេសចរ​ចិន​២​លាន​នាក់​នៅ​កម្ពុជា ហើយ​នេះ​ជា​សារ​ដ៏​សំខាន់​ទៅ​កាន់​ពិភពលោក នៃ​ការ​សម្រេច​នូវ​គោលដៅ និង​ការ​ឈាន​ឆ្ពោះទៅ​រក​គោលដៅ​ថ្មី​នា​ពេល​ខាង​មុខទៀត » ។ លោក​ថា ៖« បានជា​កម្ពុជា​មាន​សុទិដ្ឋិនិយម​ខ្លាំង​ចំពោះ​ទេសចរ​ចិន​បែប​នេះ ព្រោះ​២​លាន​នាក់​របស់​ទេសចរ​ចិន ទើបនឹង​បាន​ប្រហែល​១%​នៃ​ទេសចរ​ចិន​សម្រាប់​ក្រៅប្រទេស​ប៉ុណ្ណោះ ។ ទន្ទឹម​នឹង​នោះ ក៏​ដោយសារ​កំណើន​ទេសចរ​ចិន​នៅ​កម្ពុជា​កំពុង​មាន​កំណើន​ខ្លាំង រហូត​នៅ​តំបន់​ខ្លះ​ដូច​ជា នៅ​ខេត្ត​ព្រះ​សីហ​នុ កំណើន​ទេសចរ​ចិន​កើន​ដល់​ជាង​១០០% ឯណោះ » ។

លោក ទិ​ត ច​ន្ថា ក៏​បាន​ស្នើ​ដល់​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន និង​ផ្នែក​ឯកជន ទេសចរណ៍ បន្ត​កិច្ចសហការ​ល្អ​ជាមួយ​កម្ពុជា ជួយ​ជំរុញ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍ កម្ពុជា​នៅ​ក្នុង​ទីផ្សារ​ចិន ការ​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​មន្ត្រី និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ចិន​ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត ។

លោក ចាង ស៊ី​ឡុ​ង អគ្គនាយក​នៃ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ បាន​សន្យា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​នូវ​បរិយាកាស​មិត្តភាព​ក្នុង​វិស័យ​ទេសចរណ៍ និង​ខិតខំ​សម្រួល​ធ្វើ​យ៉ាងណា ឱ្យ​ទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា មាន​សុខ​សុវត្ថិភាព ជា​ពិសេស នឹង​បន្ត​រៀបចំ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​ពី​កម្ពុជា​ទៅ​ចិន ពី​ចិន​មក​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត សំដៅ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​មានការ​អភិវឌ្ឍ​ជាមួយនឹង​ចំណងមិត្តភាព​ដ៏​ជិត​ស្និទ្ធ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៣០ មិថុនា កន្លង​មក​ថា អនាគត​នៃ​ទេសចរណ៍​កម្ពុជា គឺ​មិន​អាច​កាត់​ផ្តាច់​ចេញពី​ការ​ស្រូប​ទាញ​កំណើន​នៃ​លំហូរ​ទេសចរ​ចិន និង​អ្នក​វិនិយោគ​ចិន​បាន​ឡើយ ។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៧ កន្លង​មក កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥,៦​លាន​នាក់ កើនឡើង​១១,៨% ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​១.២១០.៧៨២​នាក់ កើនឡើង​៤៥,៩% ឈរ​ក្នុង​លំដាប់ថ្នាក់​លេខ​១ នៃ​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ទាំង​១០ និង​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ប្រមាណ​៣.៦៣៨​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ រួមចំណែក​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។
តាម​ការ​ព្យាករ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​គូសបញ្ជាក់​ថា នៅ​ឆ្នាំ​២០២០ ចំនួន​ទេសចរ​ចិន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​មាន​ប្រមាណ​២០០​លាន​នាក់ ឬ​ច្រើន​ជាង​នេះ ហើយ​ចំណាយ​ប្រមាណ​៤២០​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ត្រៀមខ្លួន​ក្នុង​ការ​ទាក់ទាញ និង​ទទួល​ស្វាគមន៍​ទេសចរ​ចិន ។ ដោយឡែក នៅ​ឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៦,២​លាន​នាក់​, នៅ​ឆ្នាំ​២០២០ ប្រមាណ​៧​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តជាតិ​ប្រមាណ​១៥​លាន​នាក់ ដែល​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​១០.០០០​លាន​ដុល្លារ និង​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ​២​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ