ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សុទ្ធ សំអោក ចៅក្រមជម្រះក្តីនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិនបានធ្វើការប្រកាសសាលក្រមរឿងករណីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្ត បានរងការចោទប្រកាន់ថា បានវាយទៅលើជនរងគ្រោះម្នាក់បណ្តាលឱ្យបាក់ឆ្អឹងជំនីអស់២កាំ កាលពីឆ្នាំ២០១៤ កន្លងមក ។ ហើយនៅពេលនេះចៅក្រមបានសម្រេចថា នឹងផ្តន្ទាទោសជនសង្ស័យដោយដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែស្ថិតនៅក្នុងការព្យួរមិនដាក់ពន្ធនាគារនោះទេ ហើយកំណត់ឱ្យបង់លុយចំនួន១០លានរៀល ។
សូមបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ជា រ៉ាស៊ី អាយុ៣០ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិស្ទឹង កាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្តឹងឈ្មោះ ផាត គឹមយូ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តប៉ៃលិនថា ប្រើអំពើហិង្សាធ្វើឱ្យបាក់ឆ្អឹងជំនីអស់២កាំ ខណៈដែលចុះទៅចាប់រូបគេពីបទប្រើអំពើហិង្សាក្នុងគ្រួសារ បន្ទាប់ពីពួកគេបានដោះស្រាយគ្នារួចរាល់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់បានរយៈពេលប្រហែល១អាទិត្យ ។ ហើយសមត្ថកិច្ចចុះទៅចាប់ និងប្រើហិង្សាលើជនរងគ្រោះនេះបានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ ដោយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនលុះនៅថ្ងៃទី០៤ ខែសីហា សមត្ថកិច្ចក៏បានបញ្ជូនឈ្មោះ ជា រ៉ាស៊ី ទៅតុលាការខេត្ត ។
គួររំលឹកផងដែរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៩និង០០នាទីព្រឹក បុរសម្នាក់ឈ្មោះ ជា រ៉ាស៊ី និងប្រពន្ធឈ្មោះ រ៉ាយ សុខរ៉ា បានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ស្រាប់តែប្រពន្ធទាញដំបងវាយម៉ូតូបែកកុងទ័រ និងបែកអាវ ។ ពេលនោះរូបគេខឹងយ៉ាងខ្លាំងក៏ស្ទុះទៅទះកំផ្លៀងប្រពន្ធ១ដៃ ។
ក្រោយមកប្រពន្ធក៏រត់ទៅទាញយកកូនកាំបិតចុងស្រួចបម្រុងមកចាក់រូបគេ តែត្រូវជនរងគ្រោះរុញចេញ បណ្តាលឱ្យដួលប៉ះនឹងពាងរលាត់ខ្ទង់ច្រមុះបន្តិច រួចនាងក៏ចេញពីផ្ទះខ្លួនឯង ទៅផ្ទះឪពុកបង្កើតដែលនៅក្បែរគ្នា ។ លុះដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ក៏មានការសម្រុះសម្រួលពីចាស់ទុំ និងបានធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ហើយពួកគេក៏យល់ព្រមទៅនៅផ្ទះជាធម្មតាឡើងវិញ ។ តែមិនដឹងជាមូលហេតុអ្វីនៅថ្ងៃទី០២ ខែសីហា ដដែលវេលាម៉ោង៨និង៣០នាទីយប់ ស្រាប់តែនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោក ជា វ៉ាន់រ៉ន អតីតក្រឡាបញ្ជីអមសាលាដំបូងខេត្តប៉ៃលិន លោក ឆម វ៉ាន់ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់លោក ណុប សាវុធ និងបុរសម្នាក់ឈ្មោះ ផាត គឹមយូ បានប្រើហិង្សាទៅលើរូបគាត់រហូតដល់បាក់ឆ្អឹងជំនីទៅវិញ ។
ពេលចុះទៅចាប់ឈ្មោះ ផាត គឹមយូ បានទះកំផ្លៀងគាត់ចំនួន០៣ដៃ លុះពេលទៅដល់ស្នងការខេត្ត ខណៈចុះពីរថយន្តសមត្ថកិច្ចរូបនោះបានទាត់គាត់ចំនួន៣ជើងផ្ទួនៗ គ្នាចំឆ្អឹងជំនីផ្នែកខាងស្តាំ លុះពេលបញ្ជូនទៅតុលាការសមត្ថកិច្ចរូបនេះបានទះកំផ្លៀង២ដៃថែមទៀត ហើយក៏បានស្រែកប្រាប់ឱ្យអ្នកទោសវាយបន្ថែម ។ ចាប់ពីថ្ងៃនៅក្នុងពន្ធនាគារ ចេះតែឈឺចុកចាប់ពេញខ្លួនប្រាណ ជាពិសេសឆ្អឹងជំនីផ្នែកខាងស្តាំ រហូតទាល់តែថ្ងៃបងស្រីរបស់គាត់ធានាឱ្យចេញនៅក្រៅឃុំ ឃើញសភាពក្អកធ្លាក់ឈាម សាច់ញាតិក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តប៉ៃលិន ដើម្បីព្យាបាល ដោយឆ្លុះឃើញឆ្អឹងជំនីបាក់អស់២កាំ (កាំទី៧ និងទី៨) ៕
ចែករំលែកព័តមាននេះ