ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ផ្កា​នៅ​មុខ​ព្រះ​អង្គ​ដង​កើ មាន​ជីវភាព​ធូរធា (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខរបរ​លក់​ផ្កាឈូក​នៅ​ទីតាំង​ព្រះ​អង្គ​ដង​កើ ខាង​មុខ​ព្រះ​បរមរាជវាំង តាម​​បណ្តោយ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ បាន​ផ្ដល់​ប្រាក់​ចំណូល​​ដល់​ពលរដ្ឋ​ដែល​ចាប់​យក​អាជីព​នេះ ប្រមាណ​ពី​៥​ម៉ឺន ទៅ​១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ។…

រាជធានី​ភ្នំពេញ ៖ មុខរបរ​លក់​ផ្កាឈូក​នៅ​ទីតាំង​ព្រះ​អង្គ​ដង​កើ ខាង​មុខ​ព្រះ​បរមរាជវាំង តាម​​បណ្តោយ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ បាន​ផ្ដល់​ប្រាក់​ចំណូល​​ដល់​ពលរដ្ឋ​ដែល​ចាប់​យក​អាជីព​នេះ ប្រមាណ​ពី​៥​ម៉ឺន ទៅ​១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ។ ចំណូល​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

អ្នកស្រី ឡាយ លី​ន អាយុ​៥៣​ឆ្នាំ ជា​អ្នកលក់​ផ្កា​នៅ​ជាប់​របង​សាល​មហា​ស្រប​ចតុមុខ ជាទី​កន្លែង​កំណត់​ស្តង់​លក់​ផ្កា ដែល​រៀបចំ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ បាន​រៀបរាប់​ថា អ្នកស្រី​ប្រកប​របរ​នេះ​តាំងពី​ឆ្នាំ​២០០០​មក ហើយ​ការ​លក់​ផ្កា​បាន​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​អ្នកស្រី​ល្អ​ប្រសើរ​ជាង​មុន​ផង​ដែរ ។

អ្នកស្រី​បន្ត​ថា ក្នុង​១​ថ្ងៃ អាច​លក់​ផ្កាឈូក​បាន​ចន្លោះ​ពី​២០០​ទៅ​៣០០​ទង​។ ថ្ងៃ​លក់ដាច់​ជាងគេ គឺ​នៅ​ថ្ងៃសីល និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ ហើយ​ផ្កា​ដែល​លក់ដាច់​ច្រើន​គឺ​ផ្កា​ឈូក។ ផ្កាឈូក​ទាំងនេះ អ្នកស្រី​បាន​ទិញ​ពី​អ្នក​ដាំ​នៅ​តំបន់​ទំនប់​កប់​ស្រូវ ដែល​យក​មក​បោះ​ដុំ​ឲ្យ​គាត់ គឺ​ផ្កាឈូក​១០០​ដើម​តម្លៃ​២​មុ​ឺ​ន​រៀល ប៉ុន្តែ​បើ​នៅ​ថ្ងៃ​បុណ្យ​ទាន គឺ​ថ្លៃ​ជាង​នេះ ។ សព្វថ្ងៃ គាត់​មានកូន​៥​នាក់ ហើយ​ពួក​គេ​ក៏​ប្រកប​មុខរបរ​លក់​ផ្កា​ដែរ ។

អ្នកស្រី​និយាយ​ថា ៖« ក្នុង​១​ខែ ខ្ញុំ​អាច​រក​ប្រាក់​បាន​៣០០​ដុល្លារ និង​យក​ប្រាក់​ទៅ​បង់​ធនា​គារ ព្រោះ​ខ្ចី​លុយ​ធនាគារ​មក​ធ្វើ​ផ្ទះ ក្រោយ​ពី​ភ្លើង​ឆេះ ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​សាងសង់​ស្តង់​លក់​ផ្កា​ដ៏​ស្រស់​ស្អាត និង​មាន​របៀប​រៀបរយ ងាយស្រួល​ដល់​ភ្ញៀវ​ចូល​មក​ទិញ​ផ្កា ដោយ​មិន​យក​ថ្លៃ​ឈ្នួល​ប្រចាំខែ​ទេ គឺ​គ្រាន់តែ​យក​លុយ​ថ្លៃ​អនាម័យ​ក្នុង​១​ថ្ងៃ ១​ពាន់​រៀល​បុ​៉​ណ្ណោះ » ។

អ្នកស្រី​បន្ថែម​ថា មុខរបរ​លក់​ផ្កាឈូក ទៀន ធូប​នេះ មិន​អាច​ឲ្យ​អ្នកស្រី​ធ្វើ​ជា​អ្នកមាន​ក៏​ពិតមែន ប៉ុន្តែ​វា​ជា​មុខរបរ​សុចរិត​និង​ថ្លៃថ្នូរ ដែល​អាច​ឲ្យ​ជីវភាព​គ្រួសារ​គាត់​ធូរធារ មិន​ខ្វះ​មុខ ខ្វះ​ក្រោយ​ទេ ហើយ​គាត់​នឹង​បន្ត​មុខរបរ​នេះ​ត​កូន ត​ចៅ​ផង​ដែរ ។

លោកយាយ សុខ យ៉ា​ត អាយុ​៧៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​អ​ន្ទ ខេត្តព្រៃវែង ដែល​បាន​មក​លក់​ផ្កាឈូក​នៅ​ទី​នេះ​ដែរ រៀបរាប់​ថា គាត់​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​ចាប់​មុខរបរ​លក់​ផ្កាឈូក​នៅ​មុខ​ព្រះ​អង្គ​ដង​កើ អស់​រយៈពេល​៣​ឆ្នាំ​ហើយ​។ ការ​លក់​ដូរ​នេះ​ម្យ៉ាងដែរ​សម្រាប់​មនុស្ស​ចាស់​ដូច​គាត់ វា​មិន​ប្រើ​កម្លាំង​ធ្ងន់​ទេ ។ ជា​រៀងរាល់ថ្ងៃ មាន​ម៉ូយ​ដឹក​ផ្កាឈូក​ពី​តំបន់​កប់​ស្រូវ យក​មក​បោះ​ដុំ​លក់​ឲ្យ​គាត់ គឺ​១០០​ដើម តម្លៃ​១៥.០០០​រៀល​។ ពេល​គាត់​លក់​ចេញ​វិញ គឺ​ផ្កាឈូក​៥​ដើម និង​ទៀន​ធូប​ផង តម្លៃ​១​ម៉ឺ​ន​រៀល ។ ក្នុង​១​ថ្ងៃ គាត់​អាច​លក់​បាន​ប្រាក់​ពី​១០​ម៉ឺ​ន ទៅ​១៥​ម៉ឺ​ន​រៀល​ដែរ ហើយ​លក់​ដាច់​ច្រើន គឺ​នៅ​ថ្ងៃសីល និង​បុណ្យ​ទាន​តូច​ធំ ។

លោកយាយ​ប្រាប់​ថា ៖« ខ្ញុំ​មាន​កូនចៅ​នៅ​ឯ​ស្រុក​កំណើត​ដែរ ពួក​គេ​មិន​ឲ្យ​ខ្ញុំ​មក​លក់​ផ្កា​នៅ​ភ្នំពេញ​ទេ តែ​ដោយសារ​ខ្ញុំ​មើលឃើញ​ថា មុខរបរ​លក់​ផ្កា​នៅ​មុខ​ព្រះ​អង្គ​ដង​កើ មិន​ប្រើ​កម្លាំង​ធ្ងន់ ហើយ​ទទួល​ចំណូល​អាច​សន្សំ​បាន​ប្រាក់​គ្រាន់​នឹង​ទៅ​វត្ត​នៅ​ចូល​ឆ្នាំ​ខ្មែរ និង​មិនបាច់​សុំ​លុយ​កូនចៅ ។ ម្យ៉ាងទៀត ខ្ញុំ​មិន​អាច​ដើរ​សុំទាន​គេ​ឡើយ » ។

យុវជន យឹ​ម វាសនា ដែល​កំពុង​តែ​ឈរ​ទិញ​ផ្កាឈូក​ពី​លោកយាយ សុខ យ៉ា​ត បាន​និយាយ​ថា ៖« ជា​រៀងរាល់ថ្ងៃ​សីល ខ្ញុំ​តែង​មក​ជួយ​ទិញ​ផ្កាឈូក​របស់​លោកយាយ ព្រោះ​ឃើញ​គាត់​មាន​អាយុ​ច្រើន សុខចិត្ត​អង្គុយ​លក់​ក្រោម​ឆត្រ » ។

សូម​បញ្ជាក់​ថា សម្រាប់​ពលរដ្ឋ​កម្ពុជា រួម​ទាំង​ទេសចរ​បរទេស ដែល​បាន​មក​ទស្សនា​រមណីយដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ ភាគច្រើន​ពួក​គេ​ទៅ​គោរព​នៅ​ខាង​មុខ​ព្រះ​អង្គ​ដង​កើ ដើម្បី​សុំ​សេចក្ដីសុខ​ចម្រើន​ទៅ​តាម​ជំនឿរៀង​ៗ​ខ្លួន​។

ពួក​គេ​បាន​ទិញ​ធូប ទៀន និង​ផ្កា​ភ្ញី​សម្រាប់​ថ្វាយ​ព្រះ​អង្គ ។ កត្តា​ទាំងនេះ​ហើយ​បាន​ផ្ដល់​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ​ជា​អ្នកលក់​ផ្កា​នៅ​ទី​នេះ​ជា​រៀងរាល់ថ្ងៃ ។ មុខរបរ​លក់​ផ្កា​របស់​ពលរដ្ឋ​នៅ​មុខ​ព្រះ​អង្គ​ដង​កើ គឺ​មានការ​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ និង​បែងចែក​វេន​គ្នា​លក់​នៅ​ខាង​មុខ​ម្នាក់​១​ថ្ងៃ ដើម្បី​ឱ្យ​អ្នកលក់​ផ្កា​នៅ​តំបន់​នេះ​ទទួល​បាន​ប្រាក់​ចំណូល​ដូច​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ