ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជ​ន​ម្នាក់​​​មកការ​បងត្រូវ​​ក្រុម​​ក្មេង​ស្ទាវ​​ចាក់​​ស្លាប់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​​​វ័យ​២២​ឆ្នាំ​ម្នាក់​​បានស្លាប់ក្នុងមន្ទីរពេទ្យ​​​កាល់ម៉ែត ​កាលពី​វេលា​ម៉ោង​​​៣​និង​​៣០នាទី​​ទៀបភ្លឺ​ថ្ងៃទី​​១០ មីនា​២០១១ ​ក្រោយពី​យុវជននោះ​ត្រូវ​​ក្រុម​ក្មេង​ស្ទាវ​​​ចាក់​មួយ​​កាំ​បិត ខណៈ​​​កើត​ទំនាស់​​ពាក្យ​សម្តី​​​​ពេល​រាំ​ធុងបាស់ ក្នុងពិធីមង្គល​ការ​​របស់បង​ប្រុស​បង្កើត​នៅ​​​ភូមិ​កណ្តាល ឃុំ​សាឡុង ស្រុក​ខ្សាច់​កណ្តាល ​​ខេត្តកណ្តាល ។​

សាច់ញាតិ​​យុវ​ជនរងគ្រោះ​​បាន​និយាយ​​ឱ្យ​​ដឹង​ថា យុវជន​រងគ្រោះ​​ដែលត្រូវ​​ក្រុមក្មេង​​ស្ទាវ​​នៅ​ឃុំ​សាឡុង ​ចាក់ស្លាប់​​មានឈ្មោះ​​​អ៊ិន សំណាង អាយុ​​២២​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​​​ម្រះព្រៅ ​​ឃុំ​ត្រពាំង​​ស្តៅ ​ស្រុករមាស​ហែក ​ខេត្តស្វាយ​រៀង។ នៅថ្ងៃកើតហេតុ​ ជនរងគ្រោះដែល​​ជា​កូនពៅ​ និង​សាច់ញាតិ​​​បានមក​ចូលរួម​ពិធី​មង្គល​ការ​​របស់​បងប្រុស​​បង្កើត​ក្នុង​ភូមិ​​​កណ្តាល​ ឃុំ​សាឡុង​ ស្រុកខ្សាច់​កណ្តាល ​​ខេត្តកណ្តាល ​​ពេល​នោះ​​​ភាព​សប្បាយ​រីករាយ និង​អបអរ​​សាទរ​​គូ​ស្វាមី​ភរិយា​ថ្មី បានដំណើរការ​​យ៉ាង​រលូន ។ លុះ​យប់​ឡើង​មាន​​ចាក់រាំ​ធុង​បាស់ ដើម្បី​​កំដរ​​រោង​ការ​​ និងកិច្ចស្វាគមន៍​​ដល់មិត្ត​ភក្តិ​ដែល​ចូលរួម​​​បទញាក់​​កន្ទ្រាក់​ពេញ​​និយម​​របស់យុវវ័យពី​មួយបទ​ទៅមួយបទយ៉ាង​សប្បាយ​​​ ដោយ​មាន​​កូន​​កម្លោះ​ កូនក្រមុំ​​ឡើង​រាំ​ ដើម្បី​​បើកពិធី​​សប្បាយ​​ភាព​ជូន​​ញាតិ​មិត្ត​ផង​ដែរ ។ ​

នៅវេលាម៉ោង​​​ជាង​១១យប់នាថ្ងៃ​ដដែល យុវជន​​រងគ្រោះ​ឈ្មោះ​​អ៊ិន សំណាង បានឡើង​រាំ​​ជា​មួយមិត្តភក្តិ ​ហើយពេលនោះ​​មានយុវជន​​មួយ​ក្រុមទៀត​​​ដែលគេ​ស្គាល់​​ជា​ក្រុម​​ស្ទាវ​ប្រចាំ​​​ឃុំ​សាឡុង ចូល​រាំ​បទ​ញាក់ និង​ជាន់ជើង​ភាគី​ជន​រង​គ្រោះ​​ក៏កើត​​ទំនាស់ពាក្យ​សម្តី​​​ដាក់គ្នា​ទៅ​វិញ​ទៅ​មក ​​ភ្លាម​នោះ​ម្ចាស់​​រោង​ការ​​សុំ​ឱ្យ​បញ្ឈប់​​ទំនាស់​​ និង​បន្ត​​ការរាំ​ទៀត ។ ​​ក្រោយ​មក​​​យុវជន​​រង​គ្រោះ​​ឈប់រាំ​​​ហើយ​ដើរ​ទៅផ្ទះ​ស្នាក់​នៅ លុះ​ចេញ​ផុត​​ពី​រោង​ការ​​បន្តិច​​ស្រាប់តែ​​មាន​ក្មេង​​ស្ទាវ​ពី​​រ​នាក់ជិះ​ម៉ូតូមក​ក្បែរ​​​ជនរងគ្រោះ ​រួច​ជន​ម្នាក់ដែល​​អង្គុយ​ខាង​​ក្រោយ​​​លោតចុះ​​ពីលើ​ម៉ូតូ​​ដក​កាំបិត​​ចាក់​​ចំក្រោម​ឆ្អឹង​​ជំនីរ​ខា​ងឆ្វេង​មួយ​កាំបិត​​បណ្តាល​ឱ្យ​​ដេក​ដួល​​លើ​ដី​ ព្រមទាំង​​ស្រែក​​​ឱ្យសាច់ញាតិ​​ជួយ​ រីឯ​ជន​ដៃ​ដល់​​នាំគ្នា​គេចខ្លួន​​បន្សល់​ទុក​​ម៉ូតូ​នៅ​​កន្លែង​កើតហេតុ ។​

សាច់ញាតិ​ជនរងគ្រោះ​​បានបញ្ចាក់​ថា ភ្លាមៗ​នោះ​យុវជន​​រងគ្រោះ​​ត្រូវ​បាន​​បញ្ជូន​​ទៅ​មន្ទីរ​​ពេទ្យកាល់​ម៉ែត​​ ដើម្បីសង្គ្រោះ​​ជីវិត ក៏​ប៉ុន្តែ​​ដោយសារ​មុខរបួស​​ធ្ងន់​ធ្ងរ​ ជនរងគ្រោះ​​បាន​ស្លាប់​​​​នៅ​វេលាម៉ោង​​៣​និង​​៣០នាទី​ទៀប​ភ្លឺ​​ឈាន​​ចូល​ថ្ងៃ​​ទី​​១០ មីនា ​ក្រោម​​សំឡេង​​ស្រែក​យំពី​ក្រុមគ្រួសារ ព្រោះ​យុវជន​​ដែលស្លាប់​​នេះគឺ​ជា​កូនពៅមក​​ចូល​​​រួមមង្គល​ការ​បង​ប្រុស​ជា​កូនទី​ប្រាំ ។ ​សព​យុវ​​រង​​គ្រោះ​​​ត្រូវបានគេ​ដឹកយកទៅ​ធ្វើបុណ្យ​​នៅឯ​ស្រុក​​កំណើត​​ រីឯជន​ដៃ​ដល់​ត្រូវបាន​​​ស្គាល់​​អត្ត​សញ្ញាណ​​ ហើយ​​ពេលនេះ​សមត្ថកិច្ច​​កំពុងស្រាវជ្រាវ៕