ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​អឺរ៉ុប​ជាប្រទេស​ទី​១​ដែល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាងគេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា សហគមន៍​អឺរ៉ុប​ជា​ប្រទេស​ទី​១ ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាងគេ ជា​ពិសេស​ផ្នែក​សម្លៀក​បំពាក់​, កង់ និង​ស្បែកជើង ជាដើម ដែល​នេះ​ជា​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា​-​អឺរ៉ុប…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា សហគមន៍​អឺរ៉ុប​ជា​ប្រទេស​ទី​១ ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាងគេ ជា​ពិសេស​ផ្នែក​សម្លៀក​បំពាក់​, កង់ និង​ស្បែកជើង ជាដើម ដែល​នេះ​ជា​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា​-​អឺរ៉ុប ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​តាំងពិព័រណ៍​អឺរ៉ុប​លើក​ដំបូង​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា កន្លង​មក លោក​ជំទាវ តឹក​រ៉េ​ត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប មាន​ជាង​៦​ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ស្មើ​៤​ពាន់​លាន​ដុល្លារ ចំណែក​សហគមន៍​អឺរ៉ុប​នាំ​ចូល​មក​កម្ពុជា ជិត​១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ។

លោក​ជំទាវ​បញ្ជាក់​ថា ៖« សហគមន៍​អឺរ៉ុប ជា​ប្រទេស​ទី​១ ដែល​ទទួល​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា ។ សហគមន៍​អឺរ៉ុប​បាន​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​កម្ពុជា ដោយ​មាន​ក្រុមហ៊ុន​ប្រមាណ​ជាង​៤០​ស្ដង់​ចូលរួម ក្នុង​នោះ​មាន​ក្រុមហ៊ុន​ផលិតផល​យានយន្ត គ្រឿងសង្ហារិម ទំនិញប្រើប្រាស់ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ពេទ្យ ឱសថ សេវាកម្ម​ហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និង​ផលិតផល​ជា​ច្រើន​មុខ​ផ្សេង​ទៀត » ។ លោក​ជំទាវ តឹក​រ៉េ​ត កំរង បាន​បន្ថែម​ថា ការ​តាំងពិព័រណ៍​របស់​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃនេះ ជា​ឱកាសល្អ​សម្រាប់​វិនិយោគិន​កម្ពុជា និង​វិនិយោគិន​អឺរ៉ុប ក្នុង​ការ​ពង្រឹង​ប្រតិបត្តិការ សេដ្ឋកិច្ច​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក ។ អ្វី​ដែល​សំខាន់​ទៀត​នោះ ការ​វិនិយោគ​នេះ​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​ផ្ដល់​ដល់​បណ្ដា​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក​ផង​ដែរ ។

លោក​ជំទាវ​បាន​បន្ត​ថា ពិព័រណ៍​នេះ​មាន​ក្រុមហ៊ុន​៥១​ក្រុមហ៊ុន​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ ដែល​ជា​សមាជិក​របស់​សហគមន៍​អឺរ៉ុប ហើយ​នៅ​ក្នុង​នោះ​មាន​ផលិតផល​ដូច​ជា គ្រឿង​បច្ចេកទេស​, គ្រឿង​អេ​ឡិច​ត្រូ​និក​, រថយន្ដ​, គ្រឿងសង្ហារិម និង​សម្ភារ​ផ្ទះបាយ ជាដើម ។​ល​។ លោក​ជំទាវ​សង្កត់ធ្ងន់​ថា ៖« ចំណុច​សំខាន់​គឺ​ដើម្បី​ចង់​បង្ហាញ​ពី​ផលិតផល​សហគមន៍​អឺរ៉ុប ដែល​មានគុណ​ភាព ហើយ​សំខាន់​មួយទៀត គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង ជា​ពិសេស កិច្ច​សហប្រតិបត្តិការ ក៏​ដូច​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប​ផង​ដែរ » ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ៖« នេះ​ជា​ឱកាស​មួយ​ដែល​ប្រទេស​កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​នៅ​លើ​ពិភពលោក ហើយ​សំខាន់​យើង​គិត​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​នេះ មិនមែន​មាន​ផលប្រយោជន៍​សម្រាប់​តែ​កម្ពុជា​ទេ គឺ​មាន​ផលប្រយោជន៍​ដល់​ប្រទេស​ដែល​ជា​ដៃគូ​យើង​ដែរ ។ ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ ធានា​កំណើនសេដ្ឋកិច្ច​ជាង​៧%​ក្នុង​១​ឆ្នាំ ហើយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាង​១%​រៀង​រាល់​ឆ្នាំ​នេះ យើង​ឃើញ​ថា ការ​រីក​ចម្រើន​នេះ គឺ​បាន​មក​ដោយសារ​តែ​ប្រទេស​កម្ពុជា​យើង​មាន​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​និង​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា » ។

លោក​ជំទាវ​បន្ថែម​ថា ឱកាស​នៃ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​ឱកាស​ដ៏​ល្អ​បំផុត​នា​ពេល​នេះ ពីព្រោះ​ការ​វិនិយោគ​នៅ​កម្ពុជា មិនមែន​ត្រឹមតែ​បម្រើ​អតិថិជន​១៦​លាន​នាក់​ទេ គឺ​បម្រើ​អតិថិជន​ជាង​៦០០​លាន​នាក់ នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​និង​ប្រទេស​ដៃគូ​របស់​អាស៊ាន ដែល​មាន​ជាង​៣​ពាន់​លាន
នាក់ ។ លោក Arnaud Darc ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប បាន​មាន​ប្រសាសន៍​ថា នេះ​ជា​កិត្តិយស​ដ៏​ធំធេង​មួយ​សម្រាប់​អឺរ៉ុប ដែល​បាន​មក​ចូលរួម​រៀបចំ​ពិព័រណ៍​អឺរ៉ុប (EuroFair) ដំបូង​គេ​បង្អស់​មួយ​នេះ​នៅ​កម្ពុជា ។ ពិព័រណ៍​ពាណិជ្ជកម្ម​លើក​ទី​១​នេះ នឹង​ដាក់​តាំង​ផលិតផល​ល្បី​ៗ និង​សេវាកម្ម​ល្អ​ៗ​មក​ពី​អឺរ៉ុប ជូន​អ្នក​ប្រើប្រាស់ និង​សហគ្រិន​ខ្មែរ​ឱ្យ​បាន​ស្គាល់ ហើយ​នេះ​ជា​ការ​ជួយ​ជំរុញ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អឺរ៉ុប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ