ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកែក​ចុះ​ប្រកែក​ឡើង​ក៏​ស្ទុះ​ដល់​…

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​កោះ​សនិ្ត​ភាព​បាន​ចុះ​ផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​ថា បុរស​ម្នាក់​ត្រូវ​ជន​ដៃដល់​ម្នាក់​វាយ បណ្តាល​ឱ្យ​ជាំភ្នែក​ខាងឆ្វេង ខណៈ​អង្គុយ​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​មាន​គ្នា​៣​នាក់ ក្នុង​ផ្សារ​ត្រី​ថ្មី​មួយ​កន្លែង ដោយ​ជជែក​គ្នា​រឿងស្រី…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​កោះ​សនិ្ត​ភាព​បាន​ចុះ​ផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​ថា បុរស​ម្នាក់​ត្រូវ​ជន​ដៃដល់​ម្នាក់​វាយ បណ្តាល​ឱ្យ​ជាំភ្នែក​ខាងឆ្វេង ខណៈ​អង្គុយ​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​មាន​គ្នា​៣​នាក់ ក្នុង​ផ្សារ​ត្រី​ថ្មី​មួយ​កន្លែង ដោយ​ជជែក​គ្នា​រឿងស្រី ។

រហូត​មក​ដល់​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ជន​រង​គ្រោះ​បាន​ចេញ​មុខ​ធ្វើការ​បកស្រាយ​បំភ្លឺ​ថា រូបគេ​មិន​បាន​ផឹកស៊ី​ឈ្លោះ​ទាស់ទែង​គ្នា ដោយសារ​តែ​រឿងស្រី​ញី​នោះ​ឡើយ គឺ​រូបគេ​ធ្វើការ​អប់រំ​ណែនាំ​ដល់​កូនជាង​របស់​ខ្លួន​ម្នាក់​ដែល​ទើបនឹង​ចូល​ធ្វើការ ស្រាប់តែ​រូបគេ​មិន​ព្រម​ស្តាប់​តាម ហើយ​ថែម​ទាំង​ស្ទុះ​មក​ដាល់​ចំ​ភ្នែក​ខាងឆ្វេង​បណ្តាល​ឱ្យ​រង​របួស​តែ​ម្តង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ហេតុការណ៍​បង្ក​អំពើ​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្សារ​ត្រី​ជាង​អូន ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ជន​រង​គ្រោះ មាន ឈ្មោះ ពៅ ហ៊ួ​រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ម្ចាស់​ស្ថានីយ៍​ជួសជុល​រថយន្ត រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន រង​របួស​ហើម​ក្រោម​ភ្នែក​ខាងឆ្វេង ។ រីឯ​ជន​បង្ក​មាន ឈ្មោះ សុង សុ​ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កូនជាង​ជួសជុល​រថយន្ត រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ ឈ្មោះ ពៅ ហួរ បាន​រៀបរាប់​នៅ​ក្នុង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ឱ្យ​ដឹង​ថា កាលពី​ជាង​១​ខែ​មុន ម្តាយ​របស់​ជន ដៃដល់ បាន​យក​កូន​របស់​ខ្លួន​ទៅ​រៀន​ជួសជុល​រថយន្ត​នៅ​ក្នុង​ស្ថានីយ៍​របស់​ខ្លួន ដោយ​ផ្តាំផ្ញើ​ឱ្យធ្វើ ការ​អប់រំ​រូបគេ​ផង​ដែរ ព្រោះ​បុរស​ដៃដល់​ជា​កូនជាង​នោះ មិន​ស្តាប់បង្គាប់​ឪពុក​ម្តាយ​ឡើយ ។ បន្ទាប់​ពី​ផឹកស៊ី​ម្តង​ៗ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែងតែ​ស្រែក​ឡូឡា​បង្ករឿង​ដល់​ក្រុម​គ្រួសារ ហើយ​ម្តាយ​របស់​គេ​តែងតែ​ខ្សឹប​ប្រាប់​ឱ្យ​ជួយ​អប់រំ​ណែនាំ​ផង​ដែរ ។

លុះ​បន្ទាប់​ពី​ចប់​ការងារ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​មាន​មិត្តភក្តិ​ម្នាក់​បាន​ទូរស័ព្ទ​ហៅ​រូបគេ​ឱ្យទៅ​ចូលរួម​ផឹកស៊ី​ជាមួយ​គ្នា នៅ​ក្នុង​ផ្សារ​ត្រី​ខាងលើ លុះ​ជិះ​ម៉ូតូ​ទៅ​ដល់​ស្រាប់តែ​ឃើញ​កូនជាង​រូប​នោះ អង្គុយ​ផឹកស្រា​បៀរ​នៅ​ទីនោះ​ដែរ ដោយ​រូបគេ​ក៏​ចូល​ទៅ​អង្គុយ​ផឹក​មាន​គ្នា​៣​នាក់ លុះ​អស់​រយៈពេល​ប្រហែល​កន្លះ​ម៉ោង ដោយ​មិន​ទាន់​អស់​ស្រា​បៀរ​មួយ​កំប៉ុង​ផង រូបគេ​ក៏​ធ្វើការ​អប់រំ​ណែនាំ​ដល់​កូនជាង ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​នោះ​ក៏​ក្លាយទៅជា​ប្រកែក​ដាក់​គ្នា​មួយ​ពីរ​ៗ ធ្វើ​ឱ្យ​ជន​ដៃដល់​ច្រឡោត​ក៏​ស្ទុះ​មក​ដាល់​រូបគេ​ចំនួន​២​ទៅ​៣​ដៃ បណ្តាល​ឱ្យ​ចំ​ភ្នែក​ខាងឆ្វេង​រង​របួស​តែ​ម្តង ។ ជន​រង​គ្រោះ​បញ្ជាក់​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​ប្រកែក​ឈ្លោះ​ទាស់ទែង​គ្នា​រឿងស្រី​ញី​នោះ គឺ​រូបគេ​សុំ​បដិសេធ​ជា​ដាច់ខាត​ថា អត់​មាន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ ហើយ​រូបគេ​បាន​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​អធិការ​នគរបាល​ក្រុងប៉ៃលិន​រួចរាល់​អស់ហើយ​ដែរ ។ តែ​កូនជាង​កំហូច​ម្នាក់​នេះ ក៏​លែង​មក​ចូល​ទៅ​ធ្វើការ​បន្ត​ទៀត​ហើយ ។

ចំណែក​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​ផឹកស៊ី​រហូត​ដល់​ទាស់ទែង​វាយតប់​គ្នា គឺ​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​នាំ​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម អាច​នឹង​ក្លាយទៅជា​កាប់​ចាក់​សម្លាប់​គ្នា ដោយសារ​តែ​ការ​ឈ្លោះប្រកែក​គ្នា​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ