តម្លៃប្រេងឆៅបានចុះបន្តិចវិញកាលពីថ្ងៃទី៨ មីនា នៅទីផ្សារក្រុងញូវយ៉ក ក្រោយការប្រកាសអំពីការពិភាក្សាគ្នារវាងបណ្តាប្រទេសជាសមាជិកនៃអង្គការបណ្តាប្រទេសនាំប្រេងចេញហៅកាត់ថា OPEC លើលទ្ធភាពនៃការបង្កើនផលិតកម្មប្រេងដើម្បីទប់ការឡើងថ្លៃប្រេងខ្ពស់ទាក់ទិនដល់សភាពការណ៍នៅលីប៊ី។
តម្លៃប្រេងឆៅនៅក្រុងញូវយ៉កធ្លាក់មកនៅត្រឹមមួយធុង១០៣,៨១ដុល្លារក្រោយការប្រកាសពី ការពិភាក្សាគ្នានេះ ដោយតម្លៃប្រេងមុននេះឡើងដល់ជាង១០៥ដុល្លារមួយធុងនៅក្រុងញូវយ៉ក។ នាថ្ងៃទី៧ មីនា តម្លៃប្រេងឆៅមួយធុងឡើងថ្លៃដល់១០៥,៤៤ដុល្លារ ក្រោយពីឡើងដល់១០៧ដុល្លារក្នុងមួយរយៈពេល។ នៅទីក្រុងឡុងតម្លៃប្រេងឆៅឡើងដល់១១២,២៥ដុល្លារមួយធុង។
ការប្រកាសអំពីការពិភាក្សាក្រៅផ្លូវការដែលកំពុងធ្វើក្នុងផ្ទៃរបស់ OPEC ដែលតំណាងឱ្យ១ភាគ៣នៃផលិតកម្មប្រេងពិភពលោក គឺេចញពីរដ្ឋមន្ត្រីក្រសួងប្រេងកូវ៉ែត។ លោកអាម៉េដ អាល់អាប់ឌុលឡាហ៍ អាល់សាបាហ៍ ថ្លែងទៅកាន់សារព័ត៌មាននៅមុខសភាកូវ៉ែតថា យើងបានធ្វើការពិគ្រោះពិភាក្សាគ្នា ក៏ប៉ុន្តែយើងនៅពុំទាន់បានសំរេចនូវទិសដៅណាមួយដែលត្រូវប្រកាន់យកនៅឡើយ។
កិច្ចប្រជុំផ្លូវការនាពេលខាងមុខរបស់ OPEC គ្រោងធ្វើនាថ្ងៃទី៨ មិថុនា នៅទីក្រុងវីយ៉ែន ។ OPEC ផលិតប្រេងជិត៣០លានធុងក្នុងមួយថ្ងៃបានថ្លែងជាច្រើនលើកច្រើនសាថា ការឡើងថ្លៃប្រេងមកពីពាក្យចចាមអារ៉ាមពុំមែនមកពីខ្វះការផ្គត់ផ្គង់នោះឡើយទើបខ្លួនមិនបង្កើនផលិតកម្មទៀត ៕
ចែករំលែកព័តមាននេះ