ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រែបម្រួល​ការ​ទាក់ទង​ស្នេហា​ពី​សម័យ​មុន និង​បច្ចុប្បន្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នា​ពេល​បច្ចុប្បន្ន​នេះស្នេហា​រវាង​បុគ្គល​ប្រុស​ស្រី​២​នាក់ ឬ​ហៅ​ថា​គូ​សង្សារ ឬ​ដៃគូជីវិត​នឹង​គ្នា​ គឺ​ហាក់​មាន​ភាព​ខុស​​គ្នា​ឆ្ងាយ​ បើ​ធៀប​ទៅ​នឹង​​អំ​ឡុង​ពេល​​ប្រមាណ​២០​ឆ្នាំ​មុន ។ ​នា​ពេល​បច្ចុប្បន្ន​មនុស្ស​​ភាគ​ច្រើន​បាន​បញ្ចេញ​​រាល់​សកម្មភាព​ ផ្សេង​ៗ​របស់​ខ្លួន​ជាមួយ​ដៃគូស្នេហា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ​ ៖ នា​ពេល​បច្ចុប្បន្ន​នេះស្នេហា​រវាង​បុគ្គល​ប្រុស​ស្រី​២​នាក់ ឬ​ហៅ​ថា​គូ​សង្សារ ឬ​ដៃគូជីវិត​នឹង​គ្នា​ គឺ​ហាក់​មាន​ភាព​ខុស​​គ្នា​ឆ្ងាយ​ បើ​ធៀប​ទៅ​នឹង​​អំ​ឡុង​ពេល​​ប្រមាណ​២០​ឆ្នាំ​មុន ។ ​នា​ពេល​បច្ចុប្បន្ន​មនុស្ស​​ភាគ​ច្រើន​បាន​បញ្ចេញ​​រាល់​សកម្មភាព​ ផ្សេង​ៗ​របស់​ខ្លួន​ជាមួយ​ដៃគូស្នេហា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ។

​ការ​ទាក់​ទង​​ស្នេហា​​កាល​ពី​អំឡុង​ពេល​មុន​ គឺ​គេ​​សាសង​គ្នា​តាម​រយៈ​ទូរស័ព្ទ​ផ្ទាល់ខ្លួន ឬ​ទូរស័ព្ទ​សាធារណៈ ឬ​​តាម​ប្រព័ន្ធ SMS ដែល​គ្រាន់តែ​សរសេរ​ជា​អក្សរ​ខ្មែរ ឬ​អង់គ្លេស​ប៉ុណ្ណោះ ដោយ​មិន​អាច​មើល​មុខ​គ្នា​ឃើញ​ឡើយ តែ​នា​ពេល​បច្ចុប្បន្ន ខ​ណៈដែល​បច្ចេកវិទ្យា​កាន់តែ​​រីក​ចម្រើន​ ពិសេស​មាន​ស្មា​ត​ហ្វូ​ត​ ​ទំនើប​ៗ​នោះ ការ​ទាក់ទង​គ្នា​រវាង​គូស្នេហា មិន​ថាជា​សង្សារ ឬ​ប្តី​ប្រពន្ធ​​ឡើយ គឺ​មាន​ភាព​ងាយស្រួល និង​ឆាប់រហ័ស​បំផុត ពិសេស​អាច​ដឹង​ពី​សកម្មភាព​រវាង​គ្នា​នឹង​គ្នា​​តាម​រយៈ​វីដេអូ​​ខល​ ។

មនុស្ស​ ​ម្នាក់​ៗ​ស្ទើរ​គ្រប់​ស្រទាប់វណ្ណៈ ​អាច​មាន​ស្មា​ត​ហ្វូ​ត​​ ទំនើប​ៗប្រើ ដោយ​មាន​ភ្ជាប់​កម្មវិធី​​ ថ្មី​ៗ​ជា​ច្រើន ដូច​ជា ប្រព័ន្ធ WhatsApp , Telegram , Line , Viber , Tango ពិសេស Facebook និង Messenger ជាដើម ដែល​អាច​ខ​ល​​ទាក់​ទង​​គ្នា​ទៅ​មក​ជា Video Call អាច​មើល​មុខ​គ្នា​ឃើញ ។ នៅ​ពេល​​ដៃគូ​ស្នេហា​២​នាក់​នឹករលឹក​គ្នា​ ម្តង​ៗ ពិសេស​ការ​ថត​​សែ​ល​ហ្វ៊ី​​ថតរូប​ភាព​ពី​សកម្មភាព​របស់​ខ្លួន​ដែល​កំពុង​ធ្វើ ផ្ញើ​ទៅ​កាន់​មនុស្ស​ជាទី​ស្រឡាញ់​បាន​គ្រប់ពេល គ្រប់​នាទី និង​គ្រប់​ទីកន្លែង​បានជា​និច្ច ។

ស្ត្រី​​ឈ្មោះ សួន ស៊ីនួន វ័យ​៤៩​ឆ្នាំ ​រស់នៅ​ផ្ទះ​ជួល​មួយ​ក្នុងភូមិ​ឫ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ​កាល​ពី​ពេល​ ថ្មីៗ​កន្លង​​​មក​និយាយ​ ​គាត់​មាន​ស្វាមីនៅ​ឆ្នាំ​១៩៩០ ។ មុន​ពេល​នាង និង​ស្វាមី បាន​គ្នា​ជា​ប្តី ប្រពន្ធ​ គឺ​​ស្នេហា​​ពួក​គាត់​ជួប​ការ​លំបាក​ណាស់ ​ចំ​ពោះ​​ការ​ជួប​មុខ​គ្នា និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ ។ ​កាលនោះ​នាង និង​ស្វាមី​ពុំ​ទាន់​មាន​ទូរស័ព្ទ​ប្រើ​ទេ​ ហើយ​រាល់​ការ​ចង់​ជួប​គ្នា​ ម្តង​ៗ គឺ​ខ​លតា​ម​ទូរស័ព្ទ​សាធារណៈ ។​​ កាលនោះ​ពួក​គាត់​​បាន​ផ្តាំផ្ញើម្ចាស់​ទូរស័ព្ទ​សាធារណៈ​ឱ្យ​ជួយ​ចាំ​លេខ​ដែល​ខ​លម​ក​ផង ប្រសិនបើ​ឃើញ​ខ​លម​ក​វិញ​ពេល​ណា​ប្រាប់​ផង នឹង​​ឲ្យ​កម្រៃ​ ។
ពេល​នឹករលឹក​គ្នា​ខ្លាំង​ ម្តង​ៗ ​គាត់​​តែង​និយាយ​ទូរស័ព្ទ​សាធារណៈ​ជាមួយ​ប្តី​​ចាប់ពី​២០​នាទី ទៅ​កន្លះ​ម៉ោង​ ដោយ​ថ្លៃ​ទូរស័ព្ទ១​នាទី​៣០០​ទៅ​៥០០​រៀល តាម​ប្រភេទ​ទូរស័ព្ទ ជា​ទូរស័ព្ទ​ជាប់​ទូ ឬ​ទូរស័ព្ទ​​ដៃ ។

អ្នក​ស្រី​សួន ស៊ីនួន និយាយ​ថា «កាលនោះ​នាង​ខ្ញុំ​​ខ្លាច​បាត់បង់ និងខ្លាច​អនាគតប្តី​មាន​អ្នក​ថ្មី​ណាស់ ព្រោះ​មិនសូវ​បាន​ជួប​មុខ​គ្នា​ញឹក​ញាប់​ឡើយ បាន​ត្រឹមតែ​និយាយ​ឆ្លង​ឆ្លើយ លឺ​​សូរ​ត្រឹមតែ​សំឡេង​​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ទូរស័ព្ទ​សាធារណៈ​ប៉ុណ្ណោះ មិន​គិត​ថា​អាច​បាន​គ្នា​ពិតប្រាកដ​មក​ដល់​បច្ចុប្បន្ន​​ រហូត​មានកូន​ប្រុស​ស្រី​៣​នាក់​ បែប​នេះ​ទេ​» ។

ក្តី​ស្រលាញ់បច្ចុប្បន្នកាល​នេះ​វិញ ​យុវវ័យ ក៏​ដូច​ជា​មនុស្ស​​ទូ​ទៅ​ ស្ទើរ​គ្រប់​ស្រទាប់វណ្ណៈ​តែង​បង្ហោះ​​រូបភាព​ស្និ​ទ្ធស្នាល​របស់​ពួក​គេ​ចែកចាយ​​តាម​ហ្វេ​ស​ប៊ុក ឬ​បណ្តាញ​អ៊ីន​ធើរ​ណេត​ផ្សេង​ទៀត​ ។ គេ​បង្ហោះ​រូបភាព​ឱប​ថើ​ប កៀកកើយ និង​រូបភាព​រ៉ូ​មែន​ទិកតាម​ទីកន្លែង​កម្សាន្ត​ ប្រណីត​ៗ​បញ្ចូល​ទៅ​លើ Profile ឬ Cover ក្នុង​គណនេយ្យ​ហ្វេ​ស​បុ៊ក​ផ្ទាល់ខ្លួន​របស់​ពួក​គេ ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ពី​ក្តី​ស្រលាញ់​រវាង​គ្នា​នឹង​គ្នា និង​ជា​ការ​បង្ហាញ ក៏​ដូច​ជា​ការ​ចែកចាយ​ឱ្យ​មហាជន​បាន​ដឹង​ ឬ​ជួយ​ធ្វើ​ជា​សាក្សី​ ។ មិន​ត្រឹមតែ​​ភាព​ផ្អែម​ល្ហែម​ទេ​ ​ការ​បែកបាក់​ប្រេះឆា , ការ​ឈឺចាប់ លើ​បញ្ហា​ស្នេហា ​ព្រម​ទាំង​រឿង​ ផ្សេង​ៗ​ទៀត​ ក៏​ត្រូវ​​គេ​​បង្ហោះ​បង្ហាញ​ជា​សាធារណៈ​​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ