រាជធានីភ្នំពេញ ៖ ការតភ្ជាប់ផ្លូវដែកភាគពាយ័ព្យនៃប្រទេស ពីភ្នំពេញ-ទៅប៉ោយប៉ែត បានរួចរាល់ជាស្ថាពរដែលគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី៤ កក្កដា ខាងមុខ។ ផ្លូវដែកនេះ នឹងត្រូវតភ្ជាប់ជាមួយផ្លូវដែកថៃ និងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដែលនឹងជួយជំរុញដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជាលំហូរភ្ញៀវទេសចរកាន់តែប្រសើរឡើង ។
ទោះបីយ៉ាងនេះក្ដី បើតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ការចរាចរតាមផ្លូវដែកឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ពុំទាន់អាចធ្វើដំណើរបានទេ ដោយសារតែមានបញ្ហាសេសសល់តិចតួចមួយចំនួននៅមិនទាន់ឯកភាពគ្នា តែយ៉ាងណា ក្រសួងនឹងខិតខំចរចា ដើម្បីឲ្យការងារនេះសម្រេចក្នុងពេលឆាប់ៗ ។
តាមអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោក លី បូរិន បានឱ្យកោះសន្តិភាពដឹងកាលពីល្ងាចថ្ងៃទី២៩ មិថុនា ថា ៖«ផ្លូវដែកទិសពាយ័ព្យនៃប្រទេសកម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី៤ កក្កដា ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាមិនទាន់អាចឆ្លងកាត់ទៅប្រទេសថៃបានភ្លាមៗនោះទេ ដោយសារយើងមិនទាន់បញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសថៃមួយទៀត » ។
លោកអនុរដ្ឋលេខាធិការបញ្ជាក់ថា ៖« ការពិត វានៅសល់តែពាក្យពេចន៍ ដោយសារតែមានចំណុចខ្លះ វាប៉ះពាល់ដល់បូរណភាពទឹកដី ឬប៉ះពាល់ដល់ព្រំដែន » ។ លោកថា ៖« រឿងនេះ យើងត្រូវប្រយ័ត្នប្រយែង ព្រោះវាប៉ះពាល់ដល់ប្រទេសជាតិ ។ ចំណែកការងារបច្ចេកទេស យើងបានចរចាគ្នាបញ្ចប់រួចរាល់អស់ហើយ » ។
លោកលើកឡើងថា ៖« នៅថ្ងៃទី៦ ខែកក្កដានេះ រដ្ឋមន្ត្រីដឹកជញ្ជូនថៃ នឹងជួបជាមួយលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីចរចាបញ្ចប់គ្នារឿងហ្នឹង ។ អីចឹង យើងសង្ឃឹមថា ការចរចានឹងត្រូវរ៉ូវគ្នា ព្រោះកាលពីប៉ុន្មានថ្ងៃមុន សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ ហើយបានជជែកគ្នាលើរឿងហ្នឹង ។នៅពេលនោះ ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជំរុញឱ្យឆាប់បញ្ចប់ការចរចាឱ្យបានលឿន ។ អីចឹងហើយ បានជាលោករដ្ឋមន្ត្រីនៃប្រទេសថៃ នឹងមកកម្ពុជានាពេលខាងមុខនេះ » ។
លោក លី បូរិន បានឲ្យដឹងទៀតថា ការដឹកទំនិញតាមរថយន្ដពីប្រទេសថៃមកកម្ពុជាមានការកើនឡើងរាល់ថ្ងៃ ហើយនៅពេលប្រទេសទាំងពីរអនុញ្ញាតឱ្យដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែកហើយនោះ នឹងធ្វើឱ្យតម្លៃដឹកជញ្ជូនធ្លាក់ចុះ និងមានភាពប្រកួតប្រជែងកាន់តែច្រើន ហើយក៏ជួយសម្រួលដល់ការខូចខាតផ្លូវជាតិ,ការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ ការស្តារឡើងវិញនូវកំណាត់ផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បន្ទាប់ពីការកាត់ផ្តាច់ដោយសារសង្គ្រាមអស់រយៈពេលជាង៤៥ឆ្នាំ និងបានចំណាយថវិកាប្រមាណ៩៦,៦លានដុល្លារអាមេរិក ។ ក្នុងនោះទឹកប្រាក់ប្រមាណ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះ ទឹកប្រាក់៨៣,៦លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងកន្លងមកថា ការតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត ហើយគ្រោងតភ្ជាប់ជាមួយផ្លូវដែករបស់ប្រទេសថៃនាពេលខាងមុខ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងទាក់ទាញការវិនិយោគ, បង្កើតការងារជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន, ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន ។
លោកទេសរដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ក្នុងនោះផ្លូវថ្នល់បាននិងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវ២គន្លងទៅ៤គន្លង, គម្រោងសាងសង់ផ្លូវល្បឿនលឿន, គម្រោងសាងសង់ផ្លូវពីបាត់ដំបង ទៅកាន់ខេត្តកោះកុង ដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ និងគម្រោងសាងសង់ផ្លូវពីកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ជាដើម ៕
ចែករំលែកព័តមាននេះ