រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ មិថុនា បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទាក់ទិនករណីឃាតកម្មសម្លាប់ស្ត្រីចងការប្រាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យទី១-ឈ្មោះ អាត អឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់នំបុ័ង ២-ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់នំបុ័ង និង៣-ឈ្មោះ សុខ ហេង ហៅអេតចាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ពួកគេទាំង៣នាក់ស្នាក់នៅផ្ទះជួលភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទាក់ទិននឹងការបញ្ជូនខ្លួនជនសង្ស័យ៣នាក់ខាងលើនេះ បានឱ្យដឹងថា កាលពីថ្ងៃទី២២ មិថុនា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងពីឈ្មោះ ខ្នើយ ស្មឿង ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាបងប្រុសស្ត្រីរងគ្រោះឈ្មោះ ខ្នើយ សឹង បានរាយការណ៍ថា ជនរងគ្រោះបានបាត់ខ្លួនដោយគ្មានមូលហេតុនាថ្ងៃទី១៩ មិថុនា ២០១៨ មិនឃើញត្រទ្បប់មកផ្ទះវិញ ហើយទូរស័ព្ទក៏មិនអាចទាក់ទងបានដែរ។ ជនរងគ្រោះមានសម្ភារជាប់ខ្លួនដូចជា ទូរស័ព្ទដៃម៉ាកអាយហ្វូន២គ្រឿង កាបូបស្ពាយពណ៌ទឹកប៊ិច១ នាទ្បិកាពណ៌ទឹកមាស១គ្រឿង ម៉ូតូម៉ាកស្គុបពី១គ្រឿង ខ្សែកមាស១ខ្សែ និងក្រវិលប្លាទីន១គូ។
ក្រោយពេលទទួលបានពាក្យបណ្តឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ង៉ែង ជួរ អនុប្រធាននគរបាលព្រហ្មទណ្ឌ និងបានប្រើប្រាស់កម្លាំងនគរបាលជំនាញការិយាល័យនគរបាលកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ជាវ វិបុល ជាប្រធានការិយាល័យ បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរហូតឈានដល់ថ្ងៃទី២៨ មិថុនា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌបានកំណត់មុខសញ្ញាជាជនសង្ស័យចំនួន៣នាក់ដូចមានឈ្មោះខាងលើ ពាក់ព័ន្ធនឹងអំពើឃាតកម្មសម្លាប់ស្ត្រីអ្នកចងការប្រាក់ ហើយក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះយកទៅធ្វើការសាកសួរ។ លោកវរសេនីយ៍ឯក ជាវ វិបុល បានឱ្យដឹងថា ចម្លើយសារភាពជនសង្ស័យទាំង៣នាក់ មានភាពស៊ីសង្វាក់គ្នាពាក់ព័ន្ធទៅនឹងបទល្មើសរៀបចំគម្រោងសម្លាប់ជនរងគ្រោះ។
ចម្លើយរបស់ជនសង្ស័យបន្តថា នៅថ្ងៃទី១៩ មិថុនា វេលាម៉ោង៤រសៀល ខណៈជនរងគ្រោះឈ្មោះ ខ្នើយ សឹង បានចូលដល់ផ្ទះជួលជនសង្ស័យឈ្មោះ អាត អឿន នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ដែលគោលបំណងដើម្បីទៅទារលុយចងការប្រាក់។ ភ្លាមនោះ ជនសង្ស័យឈ្មោះ អេតចាយ បានស្ទុះទៅចាប់ជនរងគ្រោះបោកទៅលើឥដ្ឋ ឃើញដូច្នោះជនសង្ស័យឈ្មោះ កែវ សុផានិត បានចាប់ជើង ចំណែកឈ្មោះ អាត អឿន បានយកទំពក់ហាលខោអាវមករឹតកជនរងគ្រោះរហូតដល់ស្លាប់។ ក្រោយពីធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យទាំង៣នាក់បានយកផួយរុំសាកសពហើយបានលើកសាកសពដាក់ក្នុងកញ្ឆេនំបុ័ងដឹកតាមកង់យកទៅទម្លាក់ចោលនៅតាមបណ្តោយផ្លូវលេខ៣៧១ ជាប់ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីយកសាកសពទៅយកទម្លាក់ចោលហើយ ជនសង្ស័យទាំង៣នាក់បានយកម៉ូតូរបស់ជនរងគ្រោះទៅដាក់បញ្ចាំនៅម្តុំឃ្លាំងរំសេវបានប្រាក់ចំនួន៥០០ដុល្លារអាមេរិក និងទូរស័ព្ទដៃអាយហ្វូនយកទៅលក់នៅផ្សារឃ្លាំងរំសេវបានប្រាក់៦៥ដុល្លារ ហើយឈ្មោះ អេតចាយ ទទួលបានប្រាក់១០០ដុល្លារ ចំណែកប្រាក់នៅសល់គឺឈ្មោះ អាត អឿន និងប្តីឈ្មោះ កែវ សុផានិត ជាអ្នកយកទាំងអស់។ បន្ទាប់ពីជនសង្ស័យបានសារភាពដូចការរៀបរាប់ខាងលើ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ មិថុនា បាននាំជនសង្ស័យទាំង៣នាក់ ទៅកាន់កន្លែងដែលពួកគេយកសាកសពទៅទម្លាក់ចោល ដែលជាការធ្វើត្រាប់សកម្មភាពប្រព្រឹត្តអំពើឃាតកម្មនោះ។ ជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលតំណាងអយ្យការធ្វើការសាកសួរ និងក្រោយពីសាកសួរហើយ តំណាងអយ្យការធ្វើការបញ្ជូនសំណុំរឿងចោទប្រកាន់ទៅខាងចៅក្រមដើម្បីសម្រេចឃុំខ្លួនជនសង្ស័យទាំង៣នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕
ចែករំលែកព័តមាននេះ