ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​កើត​ពី​ក្តី​ប្រាថ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ

5 ឆ្នាំ មុន

តើ​សេចក្តី​ទុក្ខ​អ្វីខ្លះ​ដែល​កើត​ពី​ការ​ប៉ងប្រាថ្នា​គ្មាន​ទីបំផុត​នោះ? ១-​ទុក្ខ​ដែល​កើត​ពី​សេចក្តី​ប្រាថ្នា មិន​ចេះ​អស់ មិន​ចេះ​ហើយ នូវ​វត្ថុ​ដែល​ជា​គ្រឿង​បម្រើ​កាមារម្មណ៍​ទាំងឡាយ ដែល​ជា​វត្ថុ​តបស្នង​ដល់​សេចក្តី​ត្រូវការ​របស់​ភ្នែក ត្រចៀក ច្រមុះ អណ្តាត រាង​កាយ…

តើ​សេចក្តី​ទុក្ខ​អ្វីខ្លះ​ដែល​កើត​ពី​ការ​ប៉ងប្រាថ្នា​គ្មាន​ទីបំផុត​នោះ?

១-​ទុក្ខ​ដែល​កើត​ពី​សេចក្តី​ប្រាថ្នា មិន​ចេះ​អស់ មិន​ចេះ​ហើយ នូវ​វត្ថុ​ដែល​ជា​គ្រឿង​បម្រើ​កាមារម្មណ៍​ទាំងឡាយ ដែល​ជា​វត្ថុ​តបស្នង​ដល់​សេចក្តី​ត្រូវការ​របស់​ភ្នែក ត្រចៀក ច្រមុះ អណ្តាត រាង​កាយ និង​ចិត្ត​របស់​គេ​។ សេចក្តី​ប្រាថ្នា​នេះ​បាន​ធ្វើ​ឱ្យ​គេ​ក្លាយទៅជា​អ្នក​វត្ថុនិយម គិតតែ​ពី​ខាង​ឱ្យ​បាន​ដែល​បណ្តាល​ឱ្យទៅ​ជា​បញ្ហា​សង្គម​ផ្សេង​ៗ​រាប់​មិន​អស់​។ សេចក្តី​ត្រូវការ​របស់​អារម្មណ៍​ដ៏​ហួសហេតុ​នេះ​បាន​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ បំផ្លាញ​នូវ​សេដ្ឋកិច្ចជាតិ និង​ជា​ពិសេស​បំផ្លាញ​នូវ​សម្បត្តិ​ធម្មជាតិ​ដ៏​គួរ​ឱ្យ​ស្តាយ និង​មិន​អាច​រក​អ្វី​មក​ជំនួស​វិញ​បាន​។

២-​សេចក្តី​ទុក្ខ ដែល​កើត​ពី​សេចក្តី​ប្រាថ្នា ក្នុង​ការ​ចង់បាន​កិត្តិយស ចង់បាន​ឧត្តមភាព ចង់បាន​អំណាច ចង់ទៅ​ជា​អារ្យជន ចង់ឱ្យ​គេ​សរសើរ ចង់ទៅ​ជា​អ្នកដឹកនាំ ចង់​ធ្វើ​ជា​ចោរ ចង់​ធ្វើ​ឱ្យ​គេ​កោតខ្លាច​…​។ ការ​ប្រកួតប្រជែង ការ​ទាមទារ ការ​ប្រយុទ្ធ ឧក្រិដ្ឋកម្ម​ផ្សេង​ៗ​ត្រូវ​កើតឡើង ព្រោះ​សេចក្តី​ប្រាថ្នា​របស់​មនុស្ស​ក្នុង​ការ​ចង់ទៅ​ជា​នេះ ជា​នោះ​។

៣-​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ការ​មិន​ចង់ទៅ​ជា​នេះ​ជា​នោះ​។ ដូច​មនុស្ស​ម្នាក់​ត្រូវ​គេ​គាប់សង្កត់​ឱ្យ​មាន​ឋានៈ​ជា​ទាសករ អ្នក​នោះ​ទ្រាំ​មិន​បាន​ទេ ចំពោះ​សភាព​បែប​នោះ​ក៏​ខំ​មធ្យោបាយ​ដើម្បី​រំដោះខ្លួន​ឱ្យ​ចេញ​ផុត​ពី​ការ​ដែល​ខ្លួន​មិន​ចូល​ចិត្ត​នោះ​ចេញ​។ សេចក្តី​ទុក្ខ​នេះ កាលបើ​គេ​មិន​អាច​ដោះស្រាយ​ចេញ​ទេ ក៏​ក្លាយទៅជា​វិប្បដិសារី​អស់​មួយ​ជីវិត ។