ដីធ្លី​នៅ​បា​វិត​កាន់តែមាន​តម្លៃ ខណៈ​ការវិនិយោគ​កើនឡើង


ខេត្តស្វាយរៀង ៖ ស្រប​ពេល​មានការ​វិនិយោគ​កាន់តែ​ច្រើន​នៅ​តំបន់​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ក្រុង​បា​វិត បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី នៅ​តំបន់​នោះ​កាន់តែ​មាន​សន្ទុះ និង​មាន​តម្លៃ​កើនឡើង​រហូត​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុង និង​ខេត្តស្វាយរៀង​ភ្ញាក់ផ្អើល និង​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ ខណៈ​ការ​បោះ​ឆ្នោត​ក៏​កាន់តែ​ខិត​ជិត​មក​ដល់ ។

បើ​តាម​លោក ម៉ែ​ន វិបុល អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី​នេះ លោក​ពិតជា​មិន​ចង់​ជឿ​ទាល់តែ​សោះ​ថា មាន​តម្លៃ​កើនឡើង​បែប​នេះ ខណៈ​ការ​បោះ​ឆ្នោត​ក៏​កាន់តែ​ខិត​ជិត​មក​ដល់ ។ លោក​ថា ៖« ជា​ទូទៅ នៅ​ពេល​ជិត​ដល់​បោះ​ឆ្នោត​បែប​នេះ ការ​ទិញ​-​លក់​អចលនទ្រព្យ មិន​ថា​តែ​នៅ​ខេត្តស្វាយរៀង​នោះ​ទេ ពោល​គឺ​នៅ​ប្រទេស​កម្ពុជា​ទាំងមូល តែងតែមាន​ស្ថានភាព​នៅ​ទ្រឹង មិន​កើនឡើង​ទេ ក៏​ប៉ុន្តែ​បច្ចុប្បន្ន ការ​ទិញ​-​លក់​អចលនទ្រព្យ ជា​ពិសេស ដីធ្លី​មាន​សន្ទុះ​ខ្លាំង​ណាស់ » ។

លោក​បន្ត​ថា តំបន់​ដែល​មាន​សក្ដានុពល និង​ជា​តំបន់​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគ​លើ​វិស័យ​ដីធ្លី​នេះ គឺ​មាន​តែ​ក្រុង​បា​វិត​មួយ​ប៉ុណ្ណោះ​ដែល​មាន​កំណើន​ខ្លាំង ដោយ​​វិនិយោគិន​ទាំងនោះ​ទិញ​ដី​សម្រាប់​វិនិយោគ​គម្រោង​របស់​ខ្លួន​ដូច​ជា គម្រោង​តំបន់​​សេដ្ឋកិច្ច ពិសេស រោងចក្រ សណ្ឋាគារ និង​កាស៊ីណូ ជាដើម ។

លោក​បន្ថែម​ថា ការ​វិនិយោគ​ថ្មី​ៗ​មក​កាន់​ទឹកដី​ខេត្តស្វាយរៀង ជា​ពិសេស ក្រុង​បា​វិត បាន​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​ក្នុងស្រុក និង​ពលរដ្ឋ​មក​ពី​ខេត្ត​ជិតខាង​ដូច​ជា កំពង់ចាម ព្រៃវែង និង​ត្បូងឃ្មុំ ជាដើម ។ លោក​ថា ៖«​ក្នុង​១​ឆ្នាំ​ៗ ការ​វិនិយោគ​នានា​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ផ្ដល់​ការងារ​រាប់​ម៉ឺន​នាក់ និង​ផ្ដល់​ប្រាក់​ចំណូល​ជូន​ពល​រដ្ឋ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​យ៉ាង​ស្រួល ដោយ​ខុស​ប្លែក​កាលពី​ពេល​មុន ពួក​គាត់​ត្រូវធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ហើយ​ត្រូវ​រស់នៅ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ទៀត​ផង » ។

លោក សេង សិលា អភិបាលក្រុង​បា​វិត មាន​ប្រសាសន៍​ថា ដោយសារ​តែ​មានការ​វិនិ​យោគ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង ទើប​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ចេះ​តែ​កើន​ឡើងជា​បន្តបន្ទាប់ ។ លោក​ថា ៖« ក្នុង​ចំណោម​ក្រុង​/​ស្រុក​ទាំងអស់​នៅ​ខេត្តស្វាយរៀង ក្រុង​បា​វិត​អាច​ចាត់​ទុក​ថា ជា​ក្រុង​មួយ​មាន​តម្លៃ​ដីធ្លី​ខ្ពស់​ជាងគេ និង​មាន​សន្ទុះ​ខ្ពស់​ផង​ដែរ ។ ជាក់ស្ដែង កាលពីមុន តម្លៃ​ដី​ស្មើ​ត្រឹមតែ​២​ឬ​៣​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​១​ម៉ែត្រ​ការ៉េ តែ​បច្ចុប្បន្ន​នេះ មាន​តម្លៃ​រហូត​ដល់​២០​ដុល្លារ​អា​មេ​រិ​ក » ។

លោក​បន្ត​ថា មាន​តំបន់​ខ្លះ​ទៀត​នៅ​ក្នុង​ក្រុង​បា​វិត តម្លៃ​ដី​មាន​តម្លៃ​រហូត​ដល់​២០០​ដុល្លារ ទៅ​៥០០​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​ក្នុង​១​ម៉ែត្រការ៉េ ដូច​ជា នៅ​តំបន់​ដែល​មាន​សក្ដានុពល​សម្រាប់​សាងសង់​សណ្ឋាគារ និង​កាស៊ីណូ ជា​ពិសេស នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀត​ណាម​​ផ្ទាល់​តែ​ម្ដង ។

លោក​បញ្ជាក់​ថា តម្លៃ​កើនឡើង​នេះ​ដែរ បាន​ចាប់ផ្ដើម​ឡើង​ខ្លាំង​ក្រោយ​ពេល​មាន​វត្តមាន​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​នៅ​តំបន់​នោះ​កាន់តែ​ច្រើន ទាំង​ការ​បណ្ដាក់ទុន​ទៅ​លើ​រោងចក្រ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​។

បើ​តាម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ​ថា ថ្វី​ដ្បិតតែ​ឆ្នាំ​២០១៨​នេះ ជា​ឆ្នាំ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក៏​ដោយ ក៏​ប៉ុន្តែ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ជា​ពិសេស ដីធ្លី​នៅ​តែ​មាន​ភាពល្អ​ប្រសើរ និង​មាន​តម្លៃ​ខ្ពស់​ដដែល ដោយ​គ្មាន​ការ​ថមថយ​សន្ទុះ​ទិញ​-​លក់ និង​តម្លៃ​ឡើយ ហើយ​គម្រោង​វិនិយោគ​នានា​ក៏​ឃើញ​ថា នៅ​តែ​បន្តដំណើរ​ទៅ​មុខ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ចេញ​វិញ្ញាបនបត្រ​ជា​បន្ត​បន្ទាប់​​ជូន​ក្រុមហ៊ុន​ដែល​បាន​ស្នើ​សុំ​ចុះបញ្ជី​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ខេត្ត​ស្វាយរៀង ក៏​មាន​គម្រោង​វិនិយោគ​មួយ​ចំនួន​ផង​ដែរ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ