ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​12​ប្រភេទ​កំពុងជំរុញ​វិស័យ​សំណង់កម្ពុជា​ឱ្យ​រីក​ចម្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​សំណង់​កម្ពុជា​ទទួល​បាន​កំណើន​វិនិយោគ​កើនឡើង​ជាប់​ៗ​គ្នា តាម​រយៈ​សាងសង់​គម្រោង​ដ៏​មាន​សក្តានុពល​ធំ​ៗ​ចំនួន​១២​ប្រភេទ ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​បន្ដ​រីក​ចម្រើន​ទៅ​មុខជា​បន្តបន្ទាប់ ។ យោង​តាម​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​វិស័យ​សំណង់ របស់​ក្រសួង​ដែនដី នគរូប​នីយ​កម្ម…

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​សំណង់​កម្ពុជា​ទទួល​បាន​កំណើន​វិនិយោគ​កើនឡើង​ជាប់​ៗ​គ្នា តាម​រយៈ​សាងសង់​គម្រោង​ដ៏​មាន​សក្តានុពល​ធំ​ៗ​ចំនួន​១២​ប្រភេទ ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ​បន្ដ​រីក​ចម្រើន​ទៅ​មុខជា​បន្តបន្ទាប់ ។

យោង​តាម​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​វិស័យ​សំណង់ របស់​ក្រសួង​ដែនដី នគរូប​នីយ​កម្ម និង​សំណង់ បញ្ជាក់​ថា ៖« ការ​វិនិយោគ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ទាំង​គម្រោង និង​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​បាន​បន្ត​កើន​ឡើងជា​លំដាប់ ។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៥ មាន​២.៣០៥​គម្រោង ក្នុង​តម្លៃ​ទុន​វិនិយោគ​ប្រមាណ​៣.៣៣៨​លាន​ដុល្លារ កើន​ឡើង​៣៣,១៤% ធៀប​នឹង​ឆ្នាំ​២០១៤ ។ នៅ​ឆ្នាំ​២០១៦ មាន​២.៦៣៥​គម្រោង ក្នុង​តម្លៃ​ទុន​វិនិយោគ​៥.៥៦១​លាន​ដុល្លារ កើនឡើង​៦៧,១៥% ធៀប​នឹង​ឆ្នាំ​២០១៥ ហើយ​នៅ​ឆ្នាំ​២០១៧​​កន្លង​ទៅ​នេះ មាន​៣.៤១៨​គម្រោង ក្នុង​តម្លៃ​ទុន​វិនិយោគ​ប្រមាណ​៦.៧៩៨​លាន​ដុល្លារ កើនឡើង​២១,៨៤% ធៀប​នឹង​ឆ្នាំ​២០១៦ » ។

របាយការណ៍​សង្កត់ធ្ងន់​ថា ៖« កំណើន​ដែល​វិស័យ​សំណង់​ទទួល​បាន​កន្លង​មកនេះ ភាគ​ច្រើន គឺ​មក​ពី​គម្រោង​សំណង់​ធំ​ៗ​ដូច​ជា អគារ​ពាណិជ្ជកម្ម​, សណ្ឋាគារ​, រមណីយ​ដ្ឋាន​, ផ្សារ​ទំនើប​, អគារ​ខ្ពស់​ៗ, ទីក្រុង​រណប​, បុរី​លំនៅ​ឋាន​, រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​, រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​, រោងចក្រ​កិនស្រូវ និង​តំបន់​សេដ្ឋ​កិច្ច​ពិសេស » ។

លោក គុយ វាត អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖«​ខ្ញុំ​មើលឃើញ​វិស័យ​អចលនទ្រព្យ​មាន​លំហូរ​ចូល​អ្នក​វិនិយោគ​ច្រើន​ណាស់ ហើយ​អ្នក​វិនិ​យោគ​ចូល​មក​លើក​ដំបូង គឺ​គេ​ចង់​ឃើញ​ព័ត៌មាន​ជា​ទូទៅ​ពី​វិស័យ​អចលនទ្រព្យ ។ អីចឹង ខ្ញុំ​គិត​ថា ការ​វិភាគ និង​ការ​ស្រាវជ្រាវ​ទៅ​លើ​វិស័យ​មួយ​នេះ យើង​ដាក់​ចេញ​ជា​ព័ត៌មាន​នេះ គឺ​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង ហើយ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​បាន​ច្រើន​ថែម​ទៀត » ។

លោក​សង្កត់ធ្ងន់​ថា ៖« ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​ដែល​នៅ​ក្នុង​វិស័យ​មួយ​នេះ នឹង​បន្ត​ជួយ​​គាំទ្រ​ទាំងអស់​គ្នា ។ នា​ពេល​ថ្មី​ៗ​នេះ វិស័យ​អចលនទ្រព្យ​មានកំ​ដៅ​មែនទែន ហើយ​បើ​​យើង​រៀបចំ​អត់​បាន​ល្អ​ទេ កំ​ដៅ​នេះ​អាច​បាន​ត្រឹមតែ​១​ឬ​២​ឆ្នាំ តែ​នៅ​ឆ្នាំ​ទី​៣​ឬ​ទី​៤ កំ​ដៅ​​នេះ​អាច​នឹង​ធ្លាក់​ចុះ​មក​វិញ ។ ដើម្បី​ជំរុញ​វិស័យ​អចលនទ្រព្យ​បាន ខ្ញុំ​គិត​ថា ព័ត៌មាន គឺជា​ផ្នែក​មួយ​សំខាន់ » ។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ប្រសាសន៍​ថា ៖« នៅ​ឆ្នាំ​២០១៨​នេះ ខ្ញុំ​សង្ឃឹមថា វិស័យ​សំណង់​កម្ពុជា​នៅ​តែ​ដំណើរការ​បាន​ល្អ ។ តាម​ការ​ស្រង់​ទិន្នន័យ​ពី​នាយកដ្ឋាន​សំណង់ ក៏​បញ្ជាក់​ច្បាស់​ដែរ​ថា នៅ​មាន​គម្រោង​ធំ​ៗ​ជា​ច្រើន​ដែល​ក្រសួង និង​មន្ទីរ​រាជធានី​-​ខេត្ត កំពុង​តែ​ពិនិត្យ​នៅ​តាម​សាលាក្រុង​ស្រុក ខណ្ឌ ដែល​ទទួល​បាន​ប្រតិភូកម្ម​អំណាច នៅ​មាន​គម្រោង​ប្លង់ កំពុង​ពិនិត្យ​គម្រោង​ស្នើ​សុំ​អាជ្ញាប័ណ្ណ​សាងសង់​អគារ​ធំ​ៗ និង​សំណង់​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ផង​ដែរ ។ ដូចនេះ ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ដដែល » ។

លោក​បន្ត​ថា ៖« នៅ​ឆ្នាំ​២០១៨​នេះ ខ្ញុំ​មើលឃើញ​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សាង​សង់​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ទៅ​លើ​ការ​វិនិយោគ​វិស័យ​សំណង់​អគារ​នៅ​កម្ពុជា ពីព្រោះ​ការ​ផ្គត់ផ្គង់​លំនៅ​ឋាន គឺ​នៅ​តែ​មាន​តម្រូវការ ហើយ​តម្រូវការ​អគារ​ការិយាល័យ​ក៏​នៅ​តែ​មាន​ដែរ ព្រោះ​កំណើនប្រជាជន​កើនឡើង ហើយ​ភ្ញៀវ​បរទេស​កាន់តែ​ចូល​មក​ច្រើន ។ ដូច្នេះ ការ​ស្នាក់​នៅ គឺ​នៅ​តែ​មាន​តម្រូវ​ការ​ដដែល » ។

យោង​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច បង្ហាញ​ថា វិស័យ​សំណង់ នឹង​អត្រាកំណើន​ប្រមាណ​១៦,៧%​ក្នុង​ឆ្នាំ​២០១៨ និង​១៦,៩%​ក្នុង​ឆ្នាំ​២០១៩ ដែល​ឆ្លុះ​បញ្ចាំង​​តាម​រយៈ​ការ​បន្ត​ងាក​ទៅ​រក​ប្រភេទ​គម្រោង​សំណង់​ថ្លៃ​ទាប និង​មធ្យម ។ ភាព​រឹងមាំ​នៃ​វិស័យ​នេះ​ត្រូវ​បាន​បន្ត​គាំទ្រ​ដោយ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​, ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត និង​ភាព​ជឿជាក់​ចំពោះ​ការ​វិនិយោគ ដោយសារ​ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា ទោះ​ជា​មាន​ឥរិយាបថ​ប្រុង​ប្រយ័ត្ន​ពី​សំណាក់​វិនិយោគិន​មួយ​ចំនួន​ក្នុង​ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​បោះ​ឆ្នោត​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ