ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​នៅ​ពីក្រោយ​សម្រស់​តារា​ដែល​ផូរផង់បង្កប់​ដោយ…!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ភាព​ផូរផង់​របស់​តារា​ស្រី​មិន​ថា ​ជា​តួ​សម្តែង ឬ​ជា​តារាចម្រៀង​ទេ​ ភាគ​ច្រើន​​ក្រោម​ស្នាដៃ​ផាត់មុខ និង​ធ្វើ​សក់​របស់​អ្នកជំនាញ​ភេទ​ទី​៣ ។ មាន​តារា​ស្រី​មួយ​ចំនួន​​បាន​សម្រេច​ជ្រើសរើស​ជាង​ផាត់មុខ​ភេទ​ទី​៣​ប្រចាំ​ខ្លួន សម្រាប់​ជួយ​តុបតែង​មុខ​ពេល​សម្តែង​ឬ​ចូលរួម​កម្មវិធី​ផ្សេង​ៗ…

រាជធានី​ភ្នំពេញ ៖ ​ភាព​ផូរផង់​របស់​តារា​ស្រី​មិន​ថា ​ជា​តួ​សម្តែង ឬ​ជា​តារាចម្រៀង​ទេ​ ភាគ​ច្រើន​​ក្រោម​ស្នាដៃ​ផាត់មុខ និង​ធ្វើ​សក់​របស់​អ្នកជំនាញ​ភេទ​ទី​៣ ។ មាន​តារា​ស្រី​មួយ​ចំនួន​​បាន​សម្រេច​ជ្រើសរើស​ជាង​ផាត់មុខ​ភេទ​ទី​៣​ប្រចាំ​ខ្លួន សម្រាប់​ជួយ​តុបតែង​មុខ​ពេល​សម្តែង​ឬ​ចូលរួម​កម្មវិធី​ផ្សេង​ៗ ។

បើ​និយាយ​ពី​ការ​ផាត់មុខ​ធ្វើ​សក់ នារី​ខ្លះ​ពេល​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង ខួបកំណើត​មង្គលការ​រមែង​នឹក​ទៅ​រក​ជាង​ផាត់មុខ​ភេទ​ទី​៣​។ គេ​យល់​ថា​ ជាង​ផាត់មុខ​ភេទ​ទី​៣​មាន​ជំនាញ និង​ពូកែ​ផាត់មុខ​សម​នឹង​ទម្រង់​មុខ ។ ចំពោះ​តារា​កំប្លែង​យ៉េ​យ៉េ ត្រូវ​គេ​កត់​សម្គាល់​ថា ​ពូកែ​តែងខ្លួន និង​តុបតែង​មុខមាត់​ឲ្យ​មើលទៅ​ឃើញ​ស្រស់​ស្អាត និង​ប្លែក​ភ្នែក ។ ជាក់ស្ដែង​រូប​ប៉ុន្មាន​សន្លឹក​ចុង​ក្រោយ​របស់​នាង​ដែល​តុបតែង​ផ្ទាល់ខ្លួន​មើលទៅ​ស្អាត​ដូច​កូនក្រមុំ​តុក្កតា ។ រូប​ប៉ុន្មាន​សន្លឹក​របស់​នាង គឺ​អ្នក​ណា​ក៏​លាន់មាត់​ថា ​ស្អាត​ដាច់​​ឆ្ងាយ​ពេល​នាង​មិន​ទាន់​តែង ។

រូបថត​ដែល​កញ្ញា​យ៉េ​យ៉េ បង្ហោះ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នោះ ​ស្ទើរ​មើល​មិនដឹង​ថា​ ជា​រូប​​មនុស្ស​ទេ ដោយសារ​តែ​មុខមាត់​ដែល​នាង​បាន​តែង​ស្ទើរតែ​បេះបិទ​ទៅ​នឹង​កូនក្រមុំ​តុក្កតា​​តែ​ម្ដង ។ យ៉េ​យ៉េ​និយាយ​ថា​ឆ្លងកាត់​ការងារ​សិល្បៈ​នាង​ក៏​ធ្លាប់​ប្រឡង​អាជីព​ជា​អ្នក​ផាត់មុខ​ធ្វើ​សក់​ឲ្យ​តួ​សម្តែង​ថ្មី​ចាស់​ច្រើន​កម្មវិធី​មក​ហើយ ក្នុង​នោះ​មាន​ទាំង​កម្មវិធី​ប្រឡង​ម៉ូ​ដែល​ប្រចាំ​ស្រី​ស្អាត​ប្រុស​សង្ហា ព្រមទាំង​ខួបកំណើត និង​ផាត់មុខ​កូនក្រមុំ​ជាដើម ។ មុខ​ជំនាញ​នេះ​គឺ​ល្អ​ណាស់​ប្រសិនបើ​ចេះ​ហើយ​នាង​ចង់​ឲ្យ​ភេទ​ទី​៣​ទាំងអស់​ងាក​មក​ហាត់រៀន​ជំនាញ​បែប​នេះ​វា​ជួយ​ឲ្យ​រក​ប្រាក់​ចំណូល​បាន​ចៀសវាង​ទៅ​ធ្វើអំពើ​មិនល្អ​ក្នុង​សង្គម ។

យ៉េ​យ៉េ​ថា​ សន្សំ​លុយ​បាន​នឹង​បើកហាង​សាឡ​ន​មួយ​ធ្វើ​សក់​ផាត់មុខ លាប​ក្រចក ព្រោះ​ជា​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ ។ អាជីព​ផាត់មុខ​នេះ​មិន​ត្រឹមតែ​អ្នក​ស្គាល់គ្នា​ទេ សូ​ម្បី​តែ​តារា​មួយ​ចំនួន​ក៏​នាង​ធ្លាប់​ផាត់​ជូន​ដែរ ។

ចំណែក​តារា​ភេទ​ទៅ​៣​កញ្ញា​ភី សម័យ ពី​មុន​ជា​អ្នក​ផាត់មុខ​ដ៏​ចំណាន​ម្នាក់ ។ គ្រាន់តែ​ឃើញ​ទម្រង់​មុខ​ភ្លាម​នាង​ដឹង​ថា​ផាត់​បែប​ណា​សម ឬ​មិន​សម ផាត់​បែប​ធម្មជាតិ តិច​ៗ ឬ​សិច​ស៊ី​ឆើតឆាយ ។

ភី សម័យ ពី​ដំបូង​ឡើយ​ដើរ​កាន់​ប្រដាប់ប្រដារ​តាម​តួ​សម្តែង តាម​ផលិតកម្ម​គឺ​ទៅ​ផាត់​មុខ​តួ​សម្តែង​នៅ​កន្លែង​ថត ។ ក្រោយមក​នាង​ក្លាយជា​តារា​សម្តែង​ដោយ​ថត​បាន​រឿង​ជា​ច្រើន​ទាំង​ដុំ និង​រឿង​ភាគ ដូច​ជា​រឿង​«​រនាតឯក​»​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។ ក្រៅ​ពី​សម្តែង នាង​ផាត់មុខ​ឲ្យ​តួ​ទាំងស្រី ទាំងប្រុស​ត្រូវចិត្ត​អ្នកដឹកនាំ​រឿង និង​ថៅកែ​កុន។

ភី សម័យ និយាយ​ថា​«​នាង​ខ្ញុំ​នៅ​តែ​ទទួល​ដើរ​ផាត់មុខ​ជូន​អតិថិជន​យើង​ដូច​ពី​មុន បើ​ទោះជា​ពេល​នេះ​ក្លាយជា​តារា​សម្តែង តែ​ឆ្នាំងបាយ​ចាស់​គឺ​មិន​ចោល​ជា​ដាច់ខាត ។ ជា​ជាង​ផាត់មុខ​នេះ​នាង​ខ្ញុំ​តស៊ូ​តាំងពី​ដំបូង​ខុស​ផង​ត្រូវ​ផង ចេះ​តែ​ច្នៃ​គិត​រហូត​មាន​ម៉ូយ​ជា​ប្រចាំ​ជា​ច្រើន​ហៅ​នាង​ខ្ញុំ​ទៅ​ផាត់មុខ​ច្នៃ​ម៉ូ​ដ​សក់ ។

មុខរបរ​នេះ​ជួយ​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ​​ច្រើន​ណាស់​ព្រោះ​ជា​កូន​អ្នកស្រែ​ចម្ការ​រសាត់​មក​នៅ​ភ្នំពេញ រៀន​អ៊ុតសក់​ផាត់​មុខ​ទម្រាំ​គេ​ទទួលស្គាល់ គឺ​សឹង​ថា​លែង​ចង់​នៅ​ភ្នំពេញ ពេល​អត់​លុយ​ដាច់​បាយ​ម្តងៗ»​។ ភី សម័យ ត្រៀម​សន្សំ​លុយ​ទុក​បើកហាង​ធ្វើ​សក់​ផាត់​មុខ​សម​ល្មម​មួយ ។

ដោយឡែ​ក​រំដួល​លិច​ទឹក​វិញ គឺជា​អ្នកជំនាញ​សំណព្វចិត្ត​របស់​កំពូល​តារាចម្រៀង​មាស សុខ​​សោភា ។ រាល់ពេល​មាស សុខ​សោភា ទៅ​សម្តែង​ទីណា គឺ​សម្រស់​ផ្ទៃមុខ​ស្រស់​ផូរ​ផង់​ក្រោម​ការ​តុ​ច​តែង​របស់​រំដួល​លិច​ទឹក ។ នាង​តែងតែ​ជួយ​មាស សុខ​សោភា មិន​ឲ្យ​ទើស​ចិត្ត​ទេ ។ តារាចម្រៀង​មាស សុខ​សោភា ទុកចិត្ត​យក​រំដួល​លិច​ទឹកជា​ជាង​ផាត់មុខ​ប្រចាំ ។

រំដួល​លិច​ទឹក​ក្រៅពី​ប្រកប​អាជីព​ផាត់មុខ​ក៏​មានគំនិត​ចេះ​ច្នៃ​របស់របរ ផ្សេង​ៗ​ចេញ​ជា​ម៉ូ​ដ​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ នាង​ឲ្យ​ដឹង​ថា​នាង​នៅ​តែ​ទទួលយក​ការងារ​ផាត់មុខ​ច្នៃ​ម៉ូ​ដ​សក់​ដដែល ។ មាន​ហាង​ជា​ច្រើន​ទាក់ទង​ឲ្យ​នាង​ប្រចាំការ​ផ្តាច់មុខ តែ​នាង​មិន​អាច​ធ្វើ​បាន​ដោយសារ​ក្រៅពី​ផាត់មុខ​នាង​ក៏​មមាញឹក​សម្តែង​សិល្បៈ​ទើប​មិន​អាច​ទទួល​បាន ។ ម្យ៉ាង​ទៀត​មាន​គម្រោង​ចង់​មាន​ហាង​ខ្លួនឯង ។

ចំពោះ​ប៉ុប​ពី វិញ​គឺជា​អ្នកជំនាញ​ផាត់មុខ​ដ៏​ល្បី​លំដាប់​ជួរ​មុខ ដូច្នេះ​ហើយ​នាង​ត្រូវប៉ាន់​ណាស់ មាន​គេ​ជួល​ទៅ​ផាត់មុខ​ទោះជា​ថ្លៃ​បែប​ណា​ក៏​ព្រម​ឲ្យ​តែ​បាន​ទៅ​តុបតែង​មុខ​មាត់​ក្នុង​ពិធី​មង្គលការ ។ ប៉ុប​ពី ត្រូវ​បាន​ក្រុមការងារ​ប្រឡង​បវរកញ្ញា​ពិភពលោក​(Miss Global)​ជ្រើស​ឲ្យ​ផាត់មុខ​បេ​ក្ខ​នារី​មក​ពី​ប្រទេស ផ្សេង​ៗ​។

ប៉ុប​ពី នៅ​តែ​ប្រកាន់ខ្ជាប់​ការងារ​ជា​ជាង​ផាត់មុខ បើ​ទោះជា​ការងារ​សិល្បៈ​របស់​នាង​រីក​ចម្រើន​បែប​ណា​ក្តី ។

អ្នក​នាង​ឆៃ​លី ដា​ឡែ​ន និយាយ​ថា​នាង​ចូល​ចិត្ត​ឲ្យ​កញ្ញា​ភី សម័យ ផាត់មុខ ព្រោះ​ឃើញ​នាង​ផាត់មុខ​ឲ្យ​តួ​សម្តែង​តាម​ផលិតកម្ម​បាន​ស្អាត ។ ដូច្នេះ​ហើយ​នាង​យក​ធ្វើ​ជា​ជាង​ផាត់​មុខ​ប្រចាំ​ផ្ទាល់ខ្លួន ។ លើស​ពី​នេះ​ភី សម័យ​ត្រូវ​បាន​នាង​យក​ធ្វើ​ជា​កូនធម៌​ដោយ​សារ​មាន​ចរិតល្អ ចូល​ចិត្ត​ជួយ​គ្នា​មិន​មើល​នឹង​ភ្នែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ