ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ ចាន់ វឌ្ឍនាកា ទាយ​ថា​ក្រុម​ណា​នឹង​លើក​ពាន World Cup 2018 នៅ​រុ​ស្ស៊ី

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ពិភពលោក​(World Cup)​ប្រចាំឆ្នាំ​២០១៨ នៅ​ប្រទេស​រុ​ស្សុី ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មនុស្ស​ទូ​ទាំង​ពិភព​លោក​​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ ខណៈមក​ដល់​ពេល​នេះ ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​បាន​បញ្ចប់​​ជា​ស្ថាពរ​ហើយដោយ​រក​ឃើញ​១៦ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ឡើង​ទៅ​វគ្គ​បន្ត ។ ជាមួយ​​គ្នា​នេះ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ពិភពលោក​(World Cup)​ប្រចាំឆ្នាំ​២០១៨ នៅ​ប្រទេស​រុ​ស្សុី ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មនុស្ស​ទូ​ទាំង​ពិភព​លោក​​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ ខណៈមក​ដល់​ពេល​នេះ ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​បាន​បញ្ចប់​​ជា​ស្ថាពរ​ហើយដោយ​រក​ឃើញ​១៦ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ឡើង​ទៅ​វគ្គ​បន្ត ។ ជាមួយ​​គ្នា​នេះ ការ​ទស្សន៍​ទាយ​ថា​តើ​ក្រុម​ណា​មានសំណាង​បាន​លើក​ពាន​ក៏​មាន​ជា​ហូរហែ​ផង​ដែរ​​ក្នុង​ចំណោម​អ្នកគាំទ្រ​បាល់ទាត់​ទូ​ទាំង​ពិភពលោក​តាំងពី​ព្រឹត្តិការណ៍​នេះ​មិន​ទាន់​ចាប់ផ្ដើម​ម្ល៉េះ​។

ដោយឡែក ចាន់ វឌ្ឍនាកា ដែល​ជាតា​រា​បាល់ទាត់​ដ៏​មាន​ប្រជាប្រិយ​បំផុត​នៅ​ក្នុង​ប្រទេស
កម្ពុជា​​​​ដែល​បច្ចុប្បន្ន​បាន​វិល​មក​ជ្រក​ក្រោមទ្រនំ​ចាស់​នៃ​ក្លិប​បឹង​កេ​ត​អែ​ហ្វ​សុី បន្ទាប់​ពីចែកផ្លូវ​ជា​មួយ​ក្លិប​ Pahang FC ​នៅ​ក្នុង​លី​គកំពូល​ម៉ា​ឡេ​សុី ក៏​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ចំពោះ​​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ។

ជួប​អ្នក​យក​ព័ត៌មាន​ឱ្យ ​កោះសន្តិភាព ចាន់ វឌ្ឍនាកា ប្រាប់​ថា លោក​បាន​តាមដាន​ការ​ប្រកួត​តាម​កញ្ចក់​ទូរទស្សន៍​មិនសូវ​ដែល​ខាន​ឡើយ​តាំងពី​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​មួយ​នេះចាប់ផ្ដើម​ភ្លាម​ម្ល៉េះ​ដោយសារ​តែ​លោក​ចង់​ដកស្រង់​បទ​ពិសោធន៍​ក៏​ដូច​ជា​បច្ចេកទេស​ប្រកួតរបស់​កីឡាករ​ល្បី​ៗ​មក​ពី​ក្រុម​ជម្រើសជាតិ​ទាំង៣២​ប្រទេស​មក​អភិវឌ្ឍ​ខ្លួន​ឱ្យ​មាន​ទម្រង់​លេងកាន់តែ​ល្អ​ឡើង ។ បន្ទាប់​ពី​តាមដាន​ការ​ប្រកួត​ស្ទើរតែ​គ្រប់​ក្រុម​រួច​មក ខ្សែប្រយុទ្ធ​របស់ក្រុម​ជម្រើសជាតិ​កម្ពុជា​លេង​ឱ្យ​ក្លិប​បឹង​កេ​តអែ​ហ្វ​សុី វ័យ​២៤​ឆ្នាំ​រូប​នេះ ប្រាប់​ថា ក្រុម​ដែល​លោក​ពេញចិត្ត​ជាងគេ​គឺ​អង់គ្លេស បន្ទាប់​មក​ព័រ​ទុ​យ​ហ្គា​ល់​ដែល​មាន​កីឡាករ​ គ្រី​ស្ទី​ណូ រូ​ណា​ល់​ដូ ជា​អាយ​ដល​(Idol)​របស់​លោក ។

ចាន់ វ​ឌ្ឍ​នាកា បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​នៅ​ប្រទេសរុ​ស្សុី ឆ្នាំ​២០១៨​នេះ បើ​តាម​ការ​ប្រមើលមើល​របស់​លោក ក្រុម​ជម្រើសជាតិ​អង់គ្លេស​មានឱកាស​លើក​ពាន​ច្រើន​ជាង​ក្រុម​ផ្សេង​ដោយសារ​ក្រុម​ដែល​មាន​រហស្សនាម​ថា «​តោ​កំណាច​» មួយ​នេះ សម្បូរ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ​ច្រើន លេង​ស៊ីសង្វាក់​គ្នា សហការ​គ្នា​បាន​ល្អ ថែម​ទាំងរត់លឿន​ទៀត​ផង ។

លោក​ថា ទស្សនាការប្រកួត​បាល់ទាត់​ពិភពលោក​ជា​រៀង​រាល់​យប់បែប​នេះ ក្នុង​នាមរូប​លោក​ជា​កីឡាករ​បាល់ទាត់​អាជីព​មួយ​រូប​ពិតជា​ទទួលផល​ចំណេញច្រើន​តាម​រយៈ​ការ​ទទួល​បាន​នូវ​បទ​ពិសោធន៍ និង​បច្ចេកទេស​ល្អ​ៗ​ពី​កីឡាករ​លំដាប់​ពិភពលោក យក​មក​បំពេញបន្ថែម​ទៅ​លើ​ចំណុច​​​​​ខ្វះខាត​របស់​ខ្លួន​។

គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ ចាន់ វឌ្ឍនាកា​ចាប់តាំងពី​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប ​Pahang FC នៅ​ក្នុង​លី​គ​កំពូល​ម៉ា​ឡេ​សុី​កាលពី​ពេល​ថ្មី​ៗ​កន្លងមកនេះ បាន​ចុះ​កិច្ចសន្យា​លេង​ឱ្យ​ក្លិប​បឹង​កេ​ត​អែ​ហ្វ​សុី ដែល​លោក​ធ្លាប់​ជ្រកកោន​វិញ គ្រាន់តែ​គេ​មិនដឹង​ថា មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ។

បើ​តាម​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវការ​ថា មាន​ក្លិបបរទេស​បាន​មក​ចែចូវ​ឱ្យ​កីឡាករ​រូប​នេះ​ទៅ​លេង​នៅ​ក្លិប​របស់​គេ​ដែរ តែ​មិនដឹង​ថា​ក្លិប​នោះនៅ​ក្នុង​ប្រទេស​ណា​នៅឡើយ​ទេ ដោយសារសាមីខ្លួន​មិន​ទាន់​ចង់ឱ្យ​ដឹង​ជា​សាធារណៈ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ