ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សប្បាយចិត្ត​ឆ្នាំ​នេះ​ទទួល​បាន​ទិន្នផល និង​តម្លៃ​ល្អ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រជា​កសិករ​ដាំ​ដំណាំ​សណ្តែកបាយ​នៅ​ខេត្តព្រះវិហារ​ឆ្នាំ​នេះ​ពួក​គាត់​សប្បាយចិត្ត ខណៈ​ទទួល​ទិន្នផល​សណ្តែកបាយ​របស់​ពួក​គាត់​មានគុណ​ភាពល្អ រីឯ​តម្លៃ​វិញ​ក៏​ទទួល​បាន​សមរម្យ​មិន​ដូច​ឆ្នាំ​មុន​ៗ​ឡើយ ដូច្នេះ​ពួក​គាត់​អាច​ទទួល​បាន​ផល​ចំណេញ​ពី​ការ លក់​សណ្តែកបាយ​នេះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ លោក ហាក់…

ខេត្តព្រះវិហារ ៖ ប្រជា​កសិករ​ដាំ​ដំណាំ​សណ្តែកបាយ​នៅ​ខេត្តព្រះវិហារ​ឆ្នាំ​នេះ​ពួក​គាត់​សប្បាយចិត្ត ខណៈ​ទទួល​ទិន្នផល​សណ្តែកបាយ​របស់​ពួក​គាត់​មានគុណ​ភាពល្អ រីឯ​តម្លៃ​វិញ​ក៏​ទទួល​បាន​សមរម្យ​មិន​ដូច​ឆ្នាំ​មុន​ៗ​ឡើយ ដូច្នេះ​ពួក​គាត់​អាច​ទទួល​បាន​ផល​ចំណេញ​ពី​ការ លក់​សណ្តែកបាយ​នេះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

លោក ហាក់ ឈុ​ន​លី ជា​កសិករ​រស់នៅ​ភូមិស្រ​ម៉ូ​វ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ​បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​រូប​គាត់​បាន​ដាំ​ដុះ​សណ្តែកបាយ​នៅ​លើ​ផ្ទៃដី​ចំនួន​២​ហិតា​ចាប់តាំងពី​ពេល​ដាំ​ដុះ​រហូត​មក​ដល់​ថ្ងៃ​ប្រមូល​ផល​ឃើញ​ថា ទទួល​បាន​ទិន្នផល​ល្អ​ជាង​ឆ្នាំ​មុន​ៗ​ព្រោះ​ពុំ​មាន​បាតុភាព​អ្វី​មក​យាយី​ដំណាំ​របស់​ពួក​គាត់​ដូច​កាលពី​២​ឆ្នាំ​មុន​ដោយសារ​សត្វ​ដង្កូវ​ហ្វូង​នោះ​ទេ ។

កសិករ​ដដែល​លើក​ឡើង​ថា ក្នុង​ផ្ទៃដី​ដាំ​ដុះ​២​ហិតា​របស់​គាត់​ទទួល​បាន​ទិន្នផល​ប្រមាណ​ជិត​៣​តោន​គុណភាព​ក៏​ល្អ រីឯ​តម្លៃ​វិញ​ក៏​បាន​សមរម្យ​នៅ​ក្នុង​ចន្លោះ​តម្លៃ​២៥០០​រៀល​ទៅ​៣០០០​រៀល​ក្នុង​មួយ​គីឡូក្រាម បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ​សណ្តែកបាយ​បាន​តម្លៃ​ត្រឹម តែ​១៧០០​រៀល​តែ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ប្រទះ​ការ​ខាតបង់​ម្តង​ហើយ​កាលពី​ឆ្នាំ​មុន ។

ជាមួយ​គ្នា​នេះ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៨​នេះ​ឃើញ​ថា អាកាសធាតុ​នៅ​ក្នុង​រដូវវស្សា​នេះ​មាន​អំណោយផល​ល្អ​សម្រាប់​កសិករ​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ​ជាក់ស្តែង​ដូច​ជា ដំណាំ​សណ្តែកបាយ​ដែល​ត្រូវការ​ទឹកភ្លៀង​ជា​ចាំបាច់​សម្រាប់​ការ​លូតលាស់ និង​ការពារ​មិន​ឲ្យ​មាន​សត្វល្អិត​ផ្សេង​ៗ​ស៊ី​បំផ្លាញ​ដំណាំ ។ តែ​ទោះជា​យ៉ាងនេះ​ក្តី​លោក​ប្រធាន​មន្ទីរ​បាន​រំឭក​ថា កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ខេត្តព្រះវិហារ​បាន​ជួប​នៅ​បាតុភាព​ធម្មជាតិ​ដែល​បំផ្លាញ​ដោយ​សត្វ​ដង្កូវ​ហ្វូង​ស៊ី​បំផ្លាញ​ដំណាំ​សណ្តែកបាយ​ដំណាំ​ស្រូវ​របស់​កសិករ​ជា​ច្រើន​ហិតា​ដោយសារ​តែ​កត្តា​ភ្លៀង​ធ្លាក់​ពុំ​បាន​គ្រប់គ្រាន់ និង​មាន​អាកាសធាតុ​ក្តៅ​ធ្វើ​ឲ្យ​សត្វ​ដង្កូវ​មានឱកាស​ចូល​ស៊ី​បំផ្លាញ​ដំណាំ​របស់​កសិករ ពិសេស​ស្រែ​ចម្ការ​ដែល​នៅ​ក្បែរ​ចម្ការ​ចេក និង​តំបន់​ព្រៃ​ងាយ​រង​គ្រោះ​ជាងគេ ។

លោក ពឹង ទ្រី​ដា បន្ថែម​ថា ក្រោយ​ពេល​ដែល​កសិករ​បាន​ប្រមូល​ផល​សណ្តែកបាយ​នៅ​ចុងខែ​មិថុនា និង​ដើមខែ​កក្កដា​នេះ​រួចរាល់​ពួក​គាត់​នឹង​បន្ត​ភ្ជួរ​រាស់​ដី​សារ​ជា​ថ្មី​ឡើង​វិញ​សម្រាប់​ធ្វើការ​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង​ម្តង​ដោយ​មិន​ទុក​ដី​ចោល​ឲ្យ​នៅ​ទំនេរ​ឡើយ ។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទាំងអស់​ដែល​មាន​ច​ម្ង​ល់ និង​ជួប​បញ្ហា​ផ្សេង​ៗ​ទាក់ទិន​នឹង​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​មន្ទីរ​ជំនាញ និង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ប្រឹក្សា​យោបល់​ជូន​កសិករ​គ្រប់ពេលវេលា ។ យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​ក្នុង​ឆ្នាំ​២០១៨ នេះ​បាន​បង្ហាញ​ថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សណ្តែកបាយ​មាន​ប្រមាណ​ជាង​១​ម៉ឺន​ហិតា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​មាន​ផ្ទៃដី​ប្រហាក់ប្រហែល​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ