មុនការប្រកួតមកដល់ ខ្សែប្រយុទ្ធវ័យក្មេង Gabriel Jesus របស់ក្រុមជម្រើសជាតិប្រេស៊ីលបាននិយាយយ៉ាងមុតមាំថា រូបលោកចង់ដណ្តើមពាន World Cup ជូនប្រទេសជាតិ ជាជាងឈ្នះស្បែកជើងមាស ។
តារាក្មេងទើបរះតែសមត្ថភាពខ្ពស់មិនធម្មតារូបនេះ ត្រូវបានគេទទួលស្គាល់ថាជាខ្សែប្រយុទ្ធឆ្នើមមួយរូបក្នុងចំណោមកីឡាករជាច្រើននាក់របស់ក្រុមជម្រើសជាតិប្រេស៊ីល និងបច្ចុប្បន្នកំពុងលេងនៅក្លិបមេឃខៀវ Manchester City ដែលជាដៃគូសហការដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Khmer Beverages ។
ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅ កីឡាករ Gabriel Jesus បានលើកឡើងថា «បើទោះជាខ្ញុំមិនបានជាប់ឈ្មោះក្នុងចំណោមកីឡាករ១១នាក់ដំបូងក្តី ក៏ខ្ញុំមិនខឹងនឹងគ្រូបង្វឹកដែរ ព្រោះថាវាមិនអាស្រ័យលើទម្រង់ដែលគ្រូបង្វឹកចាត់ចែងនោះទេ ប៉ុន្តែវាការសហការគ្នានៅលើទីលាន» ។
កីឡាករវ័យ២១ឆ្នាំរូបនេះបន្ថែមថា «ខ្ញុំមិនរំពឹងថា ខ្ញុំអាចរកគ្រាប់បាល់បានច្រើននោះទេ ព្រោះមានកីឡាករឆ្នើមនៅព្រឹត្តិការណ៍នេះច្រើនណាស់ ។ អ្វីដែលខ្ញុំផ្តោតសំខាន់នោះគឺការដណ្តើមពានរង្វាន់ជូនជាតិរបស់ខ្ញុំ ទោះខ្ញុំមិនបានស៊ុតចូល១គ្រាប់ក្តី ។ ហើយខ្ញុំជឿថា ប្រសិនបើក្រុមសហការគ្នាលេងបានយ៉ាងល្អ នោះកីឡាករនីមួយៗនឹងលេងកាន់តែខ្លាំង» ៕
ចែករំលែកព័តមាននេះ