រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះបានប្រតិកម្មឆ្លើយតបនឹងអ្នករិះគន់មួយចំនួនដែលបានផ្សព្វផ្សាយនូវឃ្លាឃ្លោង «ដេកផ្ទះឈ្នះស្អាត» និង «ដេកផ្ទះឈ្នះឯង» ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជានោះ ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ- កម្មការិនីជាង២ម៉ឺននាក់ក្នុងខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន ដំបូងៗបានពន្យល់កម្មករ-កម្មការិនីឲ្យខិតខំប្រឹងប្រែងរក្សាការងារដែលមានក្នុងដៃ ដើម្បីបានក្តីសុខក៏ដូចជា ការរកការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេស គឺជានយោបាយមួយរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ ហើយតាមរយៈការងារនៅក្រៅប្រទេសនោះបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរដូចជា នៅប្រទេសកូរ៉េ និងជប៉ុនជាដើម ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ «យើងកំពុងតែខិតខំបើកទីផ្សារការងារនៅប្រទេសដទៃផ្សេងទៀតដែលមានប្រាក់ចំណូលខ្ពស់ដូចជា នៅតំបន់មជ្ឈិមបូព៌ា ។ ពូគ្រាន់តែជម្រាប់ថា រឿងនេះវាឥតចម្លែកទេ ។ អ្នកខ្លះគេចោទពូថា ដឹកនាំប្រទេសត្រឹមតែបញ្ជួនខ្មែរឲ្យទៅធ្វើខ្ញុំគេ ។ សម្តេចបន្ថែមថា ជាក់ស្តែងប្រទេសហ្វីលីពីន គឺមានប្រជាពលរដ្ឋធ្វើការនៅក្រៅប្រទេសជាង១០លាននាក់ ដែលក្នុងនោះមានជនជាតិហ្វីលីពីនជាង១ ម៉ឺននាក់កំពុងធ្វើការនៅកម្ពុជា ដែលភាគច្រើនអ្នកទាំងនោះ គឺមកធ្វើមេដោះឲ្យបរទេសនៅស្រុកខ្មែរ ។ សម្រាប់ប្រទេសគុយវ៉ែតវិញ ដែលមានប្រជាជនប្រមាណជាង១លាននាក់ គឺមានកម្មករហ្វីលីពីន ១៦ ម៉ឺននាក់ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ «យើងកំពុងបើកផ្សារទៅទីនោះ ដើម្បីបញ្ជួនពលករខ្មែរ ហើយក្នុងនោះពលកររបស់យើង ដែលកាន់សាសនាអ៊ីស្លាមអាចមានលទ្ធភាពទៅរកការងារធ្វើនៅទីនោះ» ។ សម្តេចបញ្ជាក់ថា កន្លងមក គឺមានអ្នកបោកយកទៅអារ៉ាប់ប៊ីសាអូឌីត ទម្រាំទៅរកក្មួយៗទាំងនោះបាន គឺពិបាកណាស់ ដូច្នេះ «ឥឡូវយើងត្រូវមានកិច្ចព្រមព្រៀងឲ្យបានច្បាស់លាស់ ត្រូវធានានូវសិទ្ធពលកររបស់យើងនៅក្រៅប្រទេស » ។ បច្ចុប្បន្នេះប្រទេសកូរ៉េមានពលករខ្មែរបម្រើការនៅទីនៅះជាង៥ម៉ឺន ហើយថ្នាក់ដឹកនាំក៏កំពុងចរចារជាមួយកូរ៉េ ដើម្បីបង្កើនចំនួនកម្មករឲ្យបានច្រើនជាងមុន ។ ទន្ទឹមនឹងនោះថ្នាក់ដឹកនាំក៏បានចរចារជាមួយជប៉ុន ហើយក៏បានបញ្ជួនកម្មសិក្សាការីខ្មែរទៅបម្រើការងារជាអ្នកថែទាំមនុស្សចាស់ បានខ្លះៗ ហើយសម្រាប់ការងារមួយនេះ គឺភាគច្រើនដោះស្រាយជូនបានឲ្យទៅអ្នករៀនវិស័យវេជ្ជសាស្ត្រ ។
ថ្មីៗនេះក៏មានការវាយប្រហារដោយពាក្យឃ្លាឃ្លោងថា «ដេកផ្ទះឈ្នះស្អាត» និង «ដេកផ្ទះឈ្នះឯង» ដែលកន្លងមកមានអតីតសមាជិកអតីតបក្សប្រឆាំងប្រើប្រាស់វាយប្រហារគណបក្សប្រជាជនកម្ពុជាថា នឹងទទួលបានជោគជ័យដោយមិនបាច់ខំសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ។
ជាការឆ្លើយតបសម្តេចតេជោ មានប្រសាសន៍ថា ៖ «អ្នកខ្លះបាននិយាយថា «ដេកផ្ទះឈ្នះស្អាត ។ ដេកផ្ទះឈ្នះឯង ។ អញ្ចឹងប្រឹងដេកផ្ទះតិចទៅ វាឆាប់ងាប់ហើយ វាមានអីទៀត ។ កោតតែចេះនិយាយទៅរួចអាដេកផ្ទះឈ្នះស្អាត ដេកផ្ទះឈ្នះឯង»។ សម្តេចនាយករដ្ឋមន្ត្រីសម្តែងការហួសចិត្តដែលអ្នកទាំងនោះនិយាយបែបនេះ ដោយបញ្ជាក់ថា៖ «អ្នកឯងដេកផ្ទះ ដេកមិនព្រមក្រោក មិនព្រមងើបស៊ីបាយក៏អ្នកឯងដាច់ខ្យល់ងាប់ដែរ» ៕
ចែករំលែកព័តមាននេះ