ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ទើប​ប្រាក់បៀវត្ស​គ្រូបង្រៀន​មានការ​កើនឡើង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង្ស ជួនណា​រ៉ុ​ង បាន​មាន​ប្រសាសន៍​ថា ដោយសារ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រាក់បៀវត្ស គ្រូបង្រៀន…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង្ស ជួនណា​រ៉ុ​ង បាន​មាន​ប្រសាសន៍​ថា ដោយសារ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រាក់បៀវត្ស គ្រូបង្រៀន ចំនួន​ប្រមាណ​៣​លើក ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ឡើង​ពី​ប្រមាណ​៤០​ម៉ឺន​រៀល​រហូត​បច្ចុបន្ន ឡើង​ដល់​១​លាន​១០​ម៉ឺន​រៀល សម្រាប់​ប្រាក់ខែ​គ្រូបង្រៀន​ជាប់​ក្រប​ខណ្ឌ​ដំបូង​។ ថ្លែង​បែប​នេះ​នៅ​ក្នុង ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង ប្រធាន​មន្ទីរ​អប់រំ​យុវជន និង កីឡា​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។

ឯកឧត្តម​បាន​បន្ត​ថា នេះ​ជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​គិតគូរ​ដល់​លោកគ្រូ អ្នកគ្រូ បង្រៀន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​សូម​កោតសរសើរ​ដល់​លោកគ្រូ​អ្នកគ្រូ លោកនាយក​សាលា និង​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង ដែល​បាន​យកចិត្តទុកដាក់​បំពេញភារកិច្ច​រយៈកាល​កន្លង​មក ដោយ​ទទួល​ជោគជ័យ​ល្អ​ប្រសើរ​។ ក្នុង​នោះ​មាន​លោកគ្រូ អ្នកគ្រូ ទទួល​បាន​មេដាយ​កិត្តិយស​ថ្នាក់​ជាតិ ពី​ការ​បង្រៀន​ល្អ គ្រូ​ល្អ សិស្ស​ល្អ និង​លោកនាយក​សាលា​ល្អ​ផង​ដែរ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ សូម​ចូលរួម​អបអរសាទរ​ជាមួយ​សិស្ស ខេត្តកំពង់ឆ្នាំង ដែល​បាន​ទទួល​មេដាយ​លើ​មុខ​វិជ្ជា រូបវិទ្យា ពី​ការ​ប្រឡង​ថ្នាក់​សាកលលោក មក​ជូន​ជាតិ​មាតុភូមិ ក៏​ដូច​ជា​ខេត្ត និង​ក្រុម​គ្រួសារ​។

ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល បាន​រៀបចំ​ដាក់​បញ្ចូល​លោកគ្រូ​អ្នកគ្រូ​បង្រៀន​ខ្មែរឥស្លាម នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​ចំនួន​ប្រមាណ​២៥០០​នាក់ ឲ្យ​ចូល​ក្នុង​ក្រប​ខណ្ឌ​ជាតិ ទទួល​បាន​ប្រាក់ខែ​ពី​រាជរដ្ឋាភិបាល ដោយសារ​តែ​លោកគ្រូ​អ្នកគ្រូ​ខ្មែរ​ឪ​ស្លា​ម​ទាំងនោះ កន្លង​មក​ជា​គ្រូបង្រៀន​នៅ​តាម​សាលា ទទួល​បាន​តែ​ប្រាក់​ឧបត្ថម្ភ ពី​សហគមន៍​តែ​ប៉ុណ្ណោះ​។ ហើយ​ខាង​មុខ​នេះ សាលារៀន​ដែល​មាន​ចម្ងាយ​ត្រឹម​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត និង​ទទួល​បានការ​រៀបចំ​ឲ្យ​មាន​សោភ័ណ​ភាព បរិស្ថាន​ល្អ ស្រប​តាម​ស្តង់ដារ ប្រទេស​ជិតខាង​។ ឯកឧត្តម​ក៏​បាន​ផ្តាំផ្ញើ​ដល់​នាយក​សាលា​ថ្មី សូម​យកចិត្តទុកដាក់​ជួយ​ដល់​នាយក​សាលា គ្រប់​សាលារៀន ទាំងអស់​ដោយ​អប់រំ​ណែនាំ​បន្ថែម​ទៀត​លើ​វិស័យ​អប់រំ ដើម្បី​ឱ្យ​លោកគ្រូ​អ្នកគ្រូ លោកនាយក​សាលា​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​ទៀត​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា ដោយសារ​ប្រទេស​ទៀត​ទទួល​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​គ្រប់​ទីកន្លែង ធ្វើ​ឲ្យ​មាន​ដៃគូរ​វិនិយោគទុន​ជា​ច្រើន​មក​បណ្ដាក់ទុន រកស៊ី​នៅ​កម្ពុជា​។ ក្នុង​នោះ​ខេត្តកំពង់ឆ្នាំង​ក៏​បាន​ទទួល​អ្នក​វិនិយោគទុន​ជា​ច្រើន បាន​មក​បង្កើត​ជា​រោងចក្រ នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន ដោយ​ទទួល​កម្មករ ដែល​ជា​កូនចៅ​ប្រជាពលរដ្ឋ បាន​ចូល​ធ្វើការ​រាប់​ម៉ឺន​នាក់​។ គិត​ជា​មធ្យម មាន​ប្រាក់​សរុប​ទូ​ទាំង​ខេត្ត ចំនួន​ប្រមាណ​ជា​៧​លាន​ដុល្លារ ក្នុង​១​ខែ​ៗ ដែល​បាន​ចរាចរណ៍​ធ្លាក់​ដល់​ដៃ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត នឹង​អាច​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ នៅ​តាម​ទី​ជនបទ​បាន​មួយ​កម្រិត​។

ឯកឧត្តម​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រធាន​មន្ទីរ អប់រំ​យុវជន និង​កីឡា​ថ្មី ត្រូវធ្វើ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​របស់​ក្រសួង និង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ជាមួយ​មន្ទីរ​ជុំវិញ​ខេត្ត ដើម្បី​ឲ្យ​វិស័យ​អប់រំ​នៅ​ក្នុង​ខេត្ត កាន់តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​។ សូម យកចិត្តទុកដាក់​គោរព​វិន័យ មាន​ក្រមសីលធម៌​ល្អ សាក​សមជា​ថ្នាក់ដឹកនាំ​មន្ទីរ និង​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ត្រូវ​ពិភាក្សា និង​ស្រាវជ្រាវ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ចៀសវាង​កុំ​ហុ​ស​ឆ្គង​កើតឡើង​។ សូម​បញ្ជាក់​ដែរ​ថា ពី​ធី​ប្រកាស​នោះ គឺ​ត្រូវ​បាន​តែងតាំង​លោក សឹម ប្រឹ​ម ជា​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ថ្មី​ជំនួស លោក ញ៉ែ​ម សាវ៉ា​ត ដែល​បាន​ចូល​និវត្តន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ