ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​ជំរុញ​ឱ្យ​អាជ្ញាធរ​តាម​ខេត្ត​ទេសចរណ៍​ពង្រឹង​អនាម័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​(CATA)​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ពង្រឹង​ស្តង់ដា​អនាម័យ និង​សេវា​បដិសណ្ឋារកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។ លោកស្រី ឆាយ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​(CATA)​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ពង្រឹង​ស្តង់ដា​អនាម័យ និង​សេវា​បដិសណ្ឋារកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន CATA​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ស​ប្តា​ហ៍​មុន​ថា សណ្ឋាគារ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្តសៀមរាប និង​ព្រះ​សីហ​នុ ជាដើម មាន​សេវាបដិសណ្ឋារកិច្ច​ល្អ​ប្រសើរ​ហើយ ពិសេស​សណ្ឋាគារ​កម្រិត​ផ្កាយ​៤​និង​ផ្កាយ​៥ ប៉ុន្តែ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្តរតនគិរី មណ្ឌលគិរី និង​ស្ទឹង​ត្រែង ជាដើម មិន​ទាន់​បាន​ពង្រឹង​បទដ្ឋាន​អនាម័យ និង​គុណភាព​បដិសណ្ឋារកិច្ច​ល្អ​ប្រសើរ​នៅឡើយ​ទេ ។ លោកស្រី​បន្ត​ថា ៖« ដោយសារ​មាន​បញ្ហា​បែប​នេះ ទើប​យើង​មិន​អាច​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​ទាំងនោះ​បាន​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍មិនល្អ និង​ខូច​ដល់​កញ្ចប់​ទស្សនកិច្ច​របស់​យើង » ។ លោកស្រី​បន្ត​ថា ៖« អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ គួរ​ពិចារណា​ឲ្យ​បាន​ច្រើន​ពី​ចំណុច​នេះ ទាំង​អនាម័យ បញ្ហា​សំរាម និង​បញ្ហា​ជា​ច្រើន​ទៀត ដែល​មិន​ទាន់​មានការ​យកចិត្តទុកដាក់​នៅឡើយ » ។

លោកស្រី​បន្ថែម​ថា ការ​ពង្រឹង​ស្តង់ដា​អនាម័យ បដិសណ្ឋារកិច្ច​ល្អ​ប្រសើរ នឹង​ធ្វើ​ឲ្យ​ខេត្ត​ទាំងនោះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន ហើយ​វា​នឹង​ផ្តល់​ចំណូល​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ប្រកបដោយ​និរន្តរភាព ។

សហ​ប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​វិស័យ​ទេសចរណ៍ លោក លូ ម៉េ​ង បាន​មាន​ប្រសាសន៍​ស្រ​ដៀង​គ្នា​ថា បញ្ហា​សំរាម ជា​រឿង​ធំ​មួយ​ដែល​យើង​ត្រូវ​ដោះស្រាយ​ទាំងអស់​គ្នា ហើយ​ប្រជាពលរដ្ឋ ពិសេស​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​បំផុត ។ លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ពី​អាស៊ី និង​ពី​បណ្តា​ប្រទេស​នានា​ក្នុង​ទ្វីប​អឺ​រុ​ប ពួក​គេ​តែងតែ​ខ្លាចរអា នៅ​ពេល​ឃើញ​សំរាម​រាយ​ប៉ាយ ពាស​វាល​ពាស​កាល​នៅ​តាម​ដងផ្លូវ និង​រមណីយដ្ឋាន​នានា ។ លោក​បន្ត​ថា ៖« បញ្ហា​សំរាម​គួរ​ជា​អាទិភាព​មួយ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​សូម​ចូលរួម​ថែរក្សា​អនាម័យ និង​កុំ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល ហើយ​សូម​ចាត់​ទុក​នេះ​ជា​បញ្ហា​របស់​យើង​ទាំងអស់​គ្នា » ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា បញ្ហា​អនាម័យ ជា​កង្វល់​ធំ​មួយ​ក្នុង​វិស័យ​នេះ ដែល​ទាមទារ​ឲ្យ​មាន​យុទ្ធនាការ​សម​ស្រប​មួយ និង​ធ្វើ​ជា​បន្ទាន់ ដើម្បី​ជំរុញ​ការ​ពង្រឹងគុណភាព និង​បទដ្ឋាន​អនាម័យ​ក្នុង​វិស័យ​នេះ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ថ្លែង​ថា ទេសចរណ៍​ជា​វិស័យ​ដែល​ត្រូវ​មានការ​ចូលរួម​ពហុ​វិស័យ ព្រោះ​ក្រសួងទេសចរណ៍​មិន​អាច​ធ្វើ​បាន​ជោគជ័យ​នោះ​ទេ ប្រសិនជា​គ្មាន​ការ​សហការ​ចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​។ លោក​បន្ត​ថា បញ្ហា​សំរាម និង​អនាម័យ ជា​កង្វល់​របស់​យើង ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ទាំងអស់​គ្នា ។ លោក​បន្ត​ថា ៖« សូម​ទាំងអស់​គ្នា​រួម​គ្នា​គិត រួម​ធ្វើ និង​រួម​ដោះស្រាយ​ទាំងអស់​គ្នា ទើប​យើង​អាច​សម្រេច​បាន​នូវ​គោលដៅ​របស់​យើង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ