ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្ថិត​ក្នុង​ចំណង​ចង​ជើង​មិន​ឱ្យ​ដើរ​​១០​ឆ្នាំ​​មក​​​ហើយ…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ម្នាក់​ពិតជា​អភ័ព្វណាស់ ដោយសារ​មាន​សតិ​មិន​ប្រក្រតី ទើប​ស្ថិត​ក្នុង​ចំណង​ចង​ជើង​មិន​ឱ្យ​ដើរ​ផ្តេសផ្តាស​១០​ឆ្នាំ​មក​​ហើយ គឺ​ចាប់ពី​អាយុ​៦​ឆ្នាំ និង​ពេល​នេះ​អាយុ១៦​ឆ្នាំ​ហើយ ។ ភាព​មិន​ប្រក្រតី​របស់​កូនប្រុស​នេះ ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​មាន​ជំនឿ​ថា…

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ម្នាក់​ពិតជា​អភ័ព្វណាស់ ដោយសារ​មាន​សតិ​មិន​ប្រក្រតី ទើប​ស្ថិត​ក្នុង​ចំណង​ចង​ជើង​មិន​ឱ្យ​ដើរ​ផ្តេសផ្តាស​១០​ឆ្នាំ​មក​​ហើយ គឺ​ចាប់ពី​អាយុ​៦​ឆ្នាំ និង​ពេល​នេះ​អាយុ១៦​ឆ្នាំ​ហើយ ។ ភាព​មិន​ប្រក្រតី​របស់​កូនប្រុស​នេះ ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​មាន​ជំនឿ​ថា មក​ពី​គាត់​មើល​រាហូ​ចាប់​ចន្ទ្រ​មួយ​ឆ្នាំ​២​ដង ទើប​កូន​គាត់​កើតមក​មាន​សតិ​មិន​ប្រក្រតី ។

ទាក់ទិន​នឹង​រឿងរ៉ាវ​នេះ ត្រូវ​បាន​អាណា​ព្យាបាល​ក្មេង​ប្រុស​ខាងលើរៀបរាប់​ថា គាត់​ជា​ម្ដាយឈ្មោះ វ៉ា​ន់ នី​ថែប អាយុ​៤២​ឆ្នាំ ជា​ខ្មែរ​កាត់​ឡាវ ឯ​ប្តី​គាត់​ឈ្មោះ ជា ប៉ុន​ឡាំង អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត និង​មាន​ទីលំនៅ​ក្នុងភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ប្តី​ប្រពន្ធ​គាត់​មានកូន​៣​នាក់​ប្រុស​ទាំងអស់ ហើយកូន​ដែល​មាន​សតិ​មិន​ប្រក្រតី​នេះ​ជា​កូនច្បង​ឈ្មោះ ជា ដូ​ល្លា កើត​ក្នុង​ឆ្នាំ​២០០២ ។អ្នកស្រី វ៉ា​ន់ នី​ថែប និយាយ​ថា ពេល​មានផ្ទៃពោះ​៣​ខែ ស្រាប់តែ​មាន​រាហូ​ចាប់​ចន្ទ្រ​(​ចន្ទ្រគ្រាស​) គាត់​បាន​ឈរ​មើល​ហើយ​ដល់​ពេល​ពពោះបាន​៨​ខែ ក៏​មាន​រាហូ​ចាប់​ចន្ទ្រ​ម្តងទៀត​(​បាន​ន័យ​ថា​ឆ្នាំ​២០០២ មាន​រាហូ​ចាប់​ចន្ទ្រ​ពីរ​ដង​)​ហើយ​គាត់​ជា​ម្តាយ​បាន​ឈរ​មើល​ទាំង​២​លើក ។

អ្នកស្រី វ៉ា​ន់ នី​ថែប រៀបរាប់​ទៀត​ថា ពេលនោះ​មាន​ចាស់​ៗ​ក្នុងភូមិ​ជា​ច្រើន​នាក់​បាន​ហាម​និង​ប្រាប់​គាត់​មិន​ឱ្យ​ឈរ​មើល​ក្នុង​ពេល​មាន​ផ្ទៃពោះ​ទេ ហើយ​ពពោះ​បាន​រយៈ​៩​ខែ​១០​ថ្ងៃ ក៏​បាន​សម្រាលកូន​នៅ​ក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។ពេល​កើតមក ទារក​មាន​សុខភាព​ល្អ​ធម្មតា​រហូតដល់​អាយុ​៣​ទៅ​៤​ឆ្នាំ ចេះ​ហៅ​ប៉ា​ម៉ាក់ ហើយ​ចាប់ផ្តើម​ប្លែក​ចាប់ពី​អាយុ​៥​ឆ្នាំ ។

តាម​ការ​កត់សម្គាល់​គឺ ទី​១-​លែង​ចេះ​និយាយ ទី​២-​ឧស្សាហ៍ប្រកាច់ ទី​៣-​អត់​ចេះ​ស្លៀកពាក់​ខោអាវ និង​ទី​៤-​ឧស្សាហ៍​រត់​ចូល​ព្រៃ​បាត់​១​ថ្ងៃ​២​ថ្ងៃ​ទើប​រក​ឃើញ ។ ដោយសារ​ឃើញ​ទ​ង្វើ​កូន​បែប​នេះ ទើប​ពួកគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​សម្រេចចិត្ត​យក​ខ្សែ​ក្រណាត់​ចងក​ជើង​ឱ្យ​នៅ​ក្រោមផ្ទះ ចាប់តាំងពី​អាយុ៦​ឆ្នាំ ដែល​រហូត​ដល់​សព្វថ្ងៃ​កូនប្រុស​គាត់​មានអាយុ​១៦​ឆ្នាំ​ហើយ ប៉ុន្តែ​គេ​នៅ​តែ​មិន​ព្រម​ស្លៀកពាក់​ខោអាវ ។ នៅ​ពេល​បង្ខំ​ឱ្យ​ស្លៀកពាក់​ខោអាវ គេ​តែងតែ​ហែក​ខោអាវ​ចោល ។ ពេល​ហូប​បាយ គេ​អត់​ចេះ​ហូប​ខ្លួនឯង​ទេ គឺ​ពួក​គាត់​ជា​ឪពុក​ម្តាយ​ជា​អ្នក​បញ្ចុក​ដូច​កូន​ក្មេង​អាយុ​១​ឆ្នាំ ។

អ្នកស្រី​ជា​ម្តាយ​បន្ត​ថា ដោយសារ​កូន​មាន​អាការ​បែប​នេះ ក៏​បាន​នាំ​ទៅ​មើល​នៅ​គ្រូខ្មែរ​អស់​ជាង​១០​គ្រូ​ហើយ​នៅ​តែ​មិនជា ។ ឯខាង​ពេទ្យ​សម័យ​ក៏​ធ្លាប់​ទៅ​ពិនិត្យ​ដែរ ប៉ុន្តែ​នៅ​តែ​មិនជា ។អ្នកស្រី​នៅ​តែ​យល់​ថា មូលហេតុ​ដែល​កូន​គាត់កើតមក​មាន​សតិ​មិន​ប្រក្រតី​បែប​នេះ គឺ​មក​ពី​ពេល​គាត់​មាន​ផ្ទៃពោះ​បាន​ឈរ​មើល​រាហូ​ចាប់​ចន្ទ្រ ហើយ​គាត់​សំណូមពរ​តាម​រយៈ​កាសែត​កោះសន្តិភាព​ថា បើ​បងប្អូន​ស្ត្រី​ណា​នៅ​ពេល​មាន​ផ្ទៃពោះ​សូមកុំ​ឈរ​មើល​រាហូ​ចាប់​ចន្ទ្រ​អី​ប្រយ័ត្ន​ដូច​កូន​គាត់ ។ ចំពោះ​ចំណុច​នេះ មិន​អាច​រក​ការ​បញ្ជាក់​បាន​ទេ​ថា តើ​វា​មាន​ឥទ្ធិពល​អ្វី​បាន​ថា​ស្ត្រី​មាន​ផ្ទៃពោះ ហាម​មើល​រាហូ​ចាប់​ចន្ទ្រ ដែល​នេះ​គ្រាន់តែ​ជា​ជំនឿ​មួយ​ប៉ុណ្ណោះ មិន​អាច​ធ្វើ​ឱ្យ​កូន​ក្នុង​ក្នុង​ផ្ទៃ​ក្លាយជា​មាន​សតិ​មិន​ប្រក្រតី​បែប​នេះ​ទេ ។

ជា​ចុងបញ្ចប់​នេះ គាត់​សំណូមពរ​ដល់​សប្បុរស​ជន​និង​គ្រួ​ពេទ្យ​ល្បី​ៗ សូម​ជួយ​ព្យាបាល​កូនប្រុស​គាត់​ឲ្យ​បានជា​សះស្បើយ​ផង ។ បច្ចុប្បន្ន​ជីវភាព​របស់​គ្រួសារ​គាត់​ពិបាក​ខ្លាំង​ណាស់ រក​ព្រឹក​ខ្វះ​ល្ងាច​រក​ល្ងាច​ខ្វះ​ព្រឹក ។ គាត់​បាន​ត្អូញត្អែរ​ថា កើតមក​មនុស្ស​ដូច​គ្នា ហេតុ​អ្វី​ក៏​មាន​វាសនា​ខុស​គ្នា​ម្លេ៉ះ?

អត្ថបទសរសេរ ដោយ