រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបានបុករថយន្តបែនដឹកដីពីក្រោយបណ្តាលឲ្យរងការខូចខាតខ្លួនឯងយ៉ាងធ្ងន់ធ្ងរ និងអ្នកបើកបរម្នាក់រងរបួសស្រាលបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ចំណុចកែងស្តុបទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងជារថយន្តបែនដឹកដីមិនបានចាំពណ៍មួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបន្ទាប់មកស្រាប់តែមានរថយន្តមួយគ្រឿងជារថយន្តកុងតឺន័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 3A-9153 ជារថយន្តរងគ្រោះបើកបរស្របគ្នាជាមួយរថយន្តបែនដឹកដីបើកក្នុងល្បឿនលឿនដូចគ្នា លុះបើកមកដល់ចំណុចស្តុបទួលពង្ររថយន្តបែនដឹកដីបានជាន់ហ្វ្រាំងឈប់អោយរថយន្តផ្សេងទៀតបើកឆ្លងកាត់ផ្លូវ ។
ស្រាប់តែរថយន្តកុងតឺន័ររងគ្រោះបើកមកពីក្រោយចាប់ហ្វ្រាំងមិនជាប់បានបុករថយន្តបែនដឹកដីពីក្រោយបណ្តាលឲ្យរងការខូចខាតខ្លួនឯងយ៉ាងធ្ងន់ធ្ងរ និងកៀបជាប់ជើងតៃកុងរថយន្តកុងតឺន័រនឹងកាប៊ីនរថយន្តហើយរថយន្តបង្កបើកចេញទៅបាត់ ចំណែកឯអ្នកបើកបររថយន្តកុងតឺន័របានជាប់ជើងនឹងកាប៊ីនរថយន្តត្រូវបានប្រជាពលរដ្ឋនឹងអ្នកបើកបររថយន្តកុងតឺន័រដូចគ្នាបានយកច្រវ៉ាក់ទាញយកជនរងគ្រោះចេញពីរថយន្តតែសំណាងល្អអ្នកបើកបររថយន្តកុងតឺន័រដែលរងគ្រោះរងរបួសស្រាល ។
ក្រោយពេលកើតហេតុរថយន្តកុងតឺន័រខាងលើបើកចេញមិនរួចហើយបន្ទាប់ពីអ្នកបើកររថយន្តកុងតឺន័របានហៅរថយន្តកុងតឺន័រមួយទៀតដើម្បីអូសចេញនឹងដើម្បីសំរួលចរាចរណ៍ ៕
ចែករំលែកព័តមាននេះ