អ្នកចរចាប៉ាឡេស្ទីន លោកណាប៊ីល សាអាត អះអាងកាលពីថ្ងៃទី៥ មីនា ថា បានទទួលការសន្យារបស់បារាំងដែលថា បារាំងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយដែលដែនដីទាំងឡាយរបស់ខ្លួនត្រូវអ៊ីស្រាអែលកាន់កាប់កាលពី ឆ្នាំ១៩៦៧ ក្នុងខែកញ្ញាខាងមុខនេះ ។
លោកណាប៊ីល សាអាត ដែលបានបញ្ចប់ទស្សនកិច្ចមួយនៅក្រុងប៉ារីស កាលពីថ្ងៃទី៥ មីនា អះអាងថា បារាំងបានពន្យារពេលការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ ពីព្រោះបារាំងធ្វើការខិតខំប្រឹងប្រែងនានា ដើម្បីបញ្ចុះបញ្ចូលគ្រប់ប្រទេសអឺរ៉ុបទាំងអស់ឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដែរ ។
លោកគូសបញ្ជាក់ទៀតថា បារាំងបានធ្វើការផ្តួចផ្តើមគំនិតមួយក្នុងសហភាពអឺរ៉ុប ដែលសំដៅជម្រុញសហភាពអឺរ៉ុបឱ្យគាំទ្រដំណើរការសន្តិភាព ហើយប្រកាន់យកការផ្តួចផ្តើមគំនិតដែលផ្អែកលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយដែលមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី។
ក្រោយផ្អាកការចរចាសន្តិភាព ដោយសារការបដិសេធរបស់អុីស្រាអែលពុំព្រមផ្អាកការសាងសង់តំបន់និគមជនជ្វីហ្វ ពួកប៉ាឡេស្ទីនគំរាមប្រើប្រាស់រាល់ការជ្រើសរើសខាងការទូត ក្នុងនោះរួមមានការស្វែងរកការទទួលស្គាល់របស់ពិភពលោកដល់រដ្ឋប៉ាឡេស្ទីនមួយ ៕
ចែករំលែកព័តមាននេះ