ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​ដឹង​ទីតាំង​សម្រាប់​ការ​រៀបចំ Cambodia’s Got Talent រដូវ​កាល​ថ្មី​!

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ទេព​កោសល្យ និង​សមត្ថភាព​លំដាប់​ពិភពលោក Cambodia’s Got Talent ត្រឡប់​មក​វិញ​ហើយ​! ទទួលស្គាល់​ដោយ​ស្ថាប័ន Guinness…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ទេព​កោសល្យ និង​សមត្ថភាព​លំដាប់​ពិភពលោក Cambodia’s Got Talent ត្រឡប់​មក​វិញ​ហើយ​! ទទួលស្គាល់​ដោយ​ស្ថាប័ន Guinness World Records និង​ជា​កម្មវិធី​ទូរទស្សន៍ franchise ដ៏​មាន​ភាព​ជោគជ័យ​បំផុត​នៅ​ក្នុង​ពិភពលោក កម្មវិធី Cambodia’s Got Talent ដែល​មាន ១៣ វគ្គ​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​សាល​មហោស្រព​ដ៏​ធំ​សម្បើម​ចាប់ពី​ថ្ងៃ​ទី​២៦ មិថុនា​នេះ គឺ​សាល​មហោស្រព NABA ដែល​ស្ថិត​នៅ​ក្នុង​ណា​ហ្គា​ទី​២​។ អ្នក​ដែល​ឈ្នះ នឹង​ទទួល​បាន​រង្វាន់​ដែល​មាន​ទឹកប្រាក់ ១០០ លាន​រៀល និង​ក្លាយជា​សិល្បករ ឬ​សិល្ប​ការិនី​ប្រចាំ​ក្រុមហ៊ុន​ហង្ស​មាស​គ្រុប

នៅ​​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​កាលពី​ថ្ងៃ​ទី​២៥​មិថុនា បាន​ប្រកាស​ថា NABA ដែល​ជា​សាល​មហោស្រព​បច្ចេកវិទ្យា​វី​ដេ​អូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា គឺជា​ទីតាំង​ផ្លូវការ​នៃ​កម្មវិធី Cambodia’s Got Talent ។ លោក Sean Kneale ដែល​ជាទី​ប្រឹក្សា​ប្រតិបត្តិ​នៃ​កម្មវិធី Got Talent ពិភពលោក បាន​មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​អនុញ្ញាត​ឲ្យ​យើង​ដំណើរការ និង​ថត​នៅ​ក្នុង​សាល​មហោស្រព NABA ដ៏​អស្ចារ្យ​នេះ​! ខ្ញុំ​បាន​ទៅ​សាល​មហោស្រព​ជា​ច្រើន​ជុំវិញ​ពិភពលោក ហើយ​សាល​មហោស្រព NABA គឺជា​សាល​មហោស្រព​លំដាប់​ពិភពលោក​ពិត​ៗ»​។

នាយក​គ្រប់គ្រង​កម្មវិធី​នៃ​ក្រុមហ៊ុន​ហង្ស​មាស​លោក អ៊ឹ​ង សុខ​លី បាន​ឲ្យ​ដឹង​ថា​៖ «​សាល​មហោស្រព NABA ដ៏​ធំ​នេះ បាន​ក្លាយជា​ទីកន្លែង​សម្រាប់​ការ​សម្តែង​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ចាប់តាំងពី​បាន​បើក​សម្ពោធ​កាលពី​ចុងឆ្នាំ​មុន ។ ប្រព័ន្ធ​សំឡេង និង​ភ្លើង​ដ៏​ទំនើប​ព្រមទាំង​ទីតាំង​យុទ្ធសាស្ត្រ​របស់ NABA បាន​ធ្វើ​ឲ្យ NABA ក្លាយជា​ទីតាំង​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី Cambodia’s Got Talent នេះ​» ។

នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ លោក Mike Ngai បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​សាល​មហោស្រព NABA របស់​យើង​នឹង​ក្លាយជា​ទីតាំង​ផ្លូវការ​នៃ​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី ២ នេះ ។ ក្នុង​នាម​ជា​មណ្ឌល​កម្សាន្ត​ចម្រុះ​លំដាប់​កំពូល​មួយ​ប្រចាំ​តំបន់ យើង​តែងតែ​ទន្ទឹងរង់ចាំ​សហការ​ជា​ដៃគូ​ដ៏​ល្អ​បែប​នេះ ខណៈ​វា​នឹង​ផ្តល់​នូវ​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មាន​សមត្ថភាព​អាច​បង្ហាញ​ទេព​កោសល្យ​ពិសេស​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​»​។

វគ្គ audition ដែល​មាន ៦ ថ្ងៃ​ជាប់​ៗ​គ្នា នឹង​ប្រព្រឹត្ត​ទៅ​នៅ​សាល​មហោស្រព NABA ពី​ថ្ងៃ​ទី ២៦ ខែមិថុនា​រហូត​ដល់​ថ្ងៃ​ទី ១ ខែកក្កដា ។ អ្នក​ប្រកួត​ទាំងអស់​ត្រូវ​បង្ហាញ​ទេព​កោសល្យ និង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ទាប់​! កម្មវិធី​នេះ បើក​ឲ្យ​សាធា​រណជន​ទូទៅ​អាច​ចូល​ទស្សនា​ដោយ​សេរី​! សូម​ចូលរួម​ធ្វើ​ជា​សាក្សី និង​ទះដៃ​អបអរ​ដល់​បេក្ខជន​-​បេ​ក្ខ​នារី​ដែល​អ្នក​ពេញចិត្ត ដើម្បី​ឲ្យ​ពួក​គាត់​អាច​ឆ្លង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​!

កម្មវិធី​នេះ មានការ​ចូលរួម​អត្ថាធិប្បាយ​ពី​ពិធីករ​វោហារ​មិន​ចេះ​រីងស្ងួត លោក​​ជា វិបុល និង​លោក សាន វិសាល ចំណែក​គណៈកម្មការ រួម​មាន​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ អ្នក​នាង ខាត់ សុ​ឃី​ម និង​កំពូល​តារា​កំប្លែង​នាយ​កុយ និង​នាយ​ក្រឹម ។ NABA មាន​កៅអី​សរុប ២,០០០ សម្រាប់​វគ្គ audition នីមួយ​ៗ! មក​មុន បាន​មុន ចាប់ពី​ម៉ោង ១ រសៀល​រហូត​ដល់​ម៉ោង ៩ យប់​រៀងរាល់ថ្ងៃ ពី​ថ្ងៃ​ទី ២៦ មិថុនា ដល់​ថ្ងៃ​ទី ១ កក្កដា នៅ​សាល​មហោ​ស្រព NABA ។ សាល​មហោស្រព NABA មា​នទី​តាំងនៅ​ជាន់​ទី ២ ណា​ហ្គា​ទី ២ ទល់មុខ​ភោជនីយដ្ឋាន​ប៊ុ​ហ្វេ​អន្តរជាតិ 2Pangea ។ លោក​អ្នក​អាច​ចត​រថយន្ត​នៅ​អាគារ​សណ្ឋាគារ​ណា​ហ្គា​ទី ២ ដោយ​ឥត​គិតថ្លៃ ។

១៣ វគ្គ​ផ្សេង​ទៀត​នៃ​រដូវ​កាល​នេះ នឹង​ត្រូវ​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​រៀងរាល់ថ្ងៃ​អាទិត្យ​នៅ​ម៉ោង ៨ យប់ ចាប់ពី​ថ្ងៃ​ទី ១២ សីហា រហូត​ដល់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ដែល​មានការ​ផ្សាយ​វគ្គ audition វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ ។ សូម​តាមដាន និង​ជួប​គ្នា​នៅ​សាល​មហោស្រព NABA នៅ​ណា​ហ្គា​ទី ២ ។ ធានា​ថា ពិតជា​អស្ចារ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ