ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ និង​រដ្ឋាករប្រមូល​ពន្ធ​អាករ​ក្នុង​ខែឧសភា​បាន​ជាង២១៧​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជា​អង្គភាព​ប្រតិបត្តិ​ដែល​មាន​បេសកកម្ម​ចម្បង​ក្នុង​ការ​គ្រប់គ្រង​ប្រមូល​ពន្ធ​អាករ និង​តម្លៃ​ផ្សេង​ៗ​លើ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​គ្រប់​ប្រភេទ ព្រមទាំង​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាតិ កាលពី​ខែឧសភា កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជា​អង្គភាព​ប្រតិបត្តិ​ដែល​មាន​បេសកកម្ម​ចម្បង​ក្នុង​ការ​គ្រប់គ្រង​ប្រមូល​ពន្ធ​អាករ និង​តម្លៃ​ផ្សេង​ៗ​លើ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​គ្រប់​ប្រភេទ ព្រមទាំង​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាតិ កាលពី​ខែឧសភា កន្លង​ទៅ បាន​ប្រមូល​ចំណូល​ពន្ធ​-​អាករ​បាន​ចំនួន​ជាង​៨៦៨,២​ប៊ី​លាន​រៀល ឬ​ស្មើ​ប្រមាណ​ជា​២១៧,០៥​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ​២០១៧ មាន​កំណើន​ប្រមាណ​៣២,៤% ។ នេះ​បើ​យោង​តាម​របាយការណ៍ ស្ដី​ពី​ការ​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំ​ខែឧសភា ដែល​កោះសន្ដិភាព​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២៥ មិថុនា ម្សិលមិញ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ខែឧសភា កន្លង​ទៅ​នេះ សាខា​គយ និង​រដ្ឋាករ​ដែល​ប្រមូល​ចំណូល​បាន​លេចធ្លោ​ជាងគេ រួម​មាន សាខា​គយ និង​រដ្ឋាករ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រមូល​ចំណូល​បាន​ចំនួន​២០៥,៩​ប៊ី​លាន​រៀល ឬ​ស្មើ​ប្រមាណ​ជាង​៥១,៤​លាន​ដុល្លារ កើនឡើង​ប្រមាណ​២៧,១% បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ​២០១៧ ។ ក្នុង​នោះ បរិមាណ​ទំនិញ​នាំ​ចូល​តាម​កុងតឺន័រ​មាន​ចំនួន​១២.៨៧២​កុងតឺន័រ កើនឡើង​២២,៧% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។ ចំណែក​រថយន្ដ​នាំ​ចូល​ដោយ​បង់ពន្ធ​និង​អាករ មាន​ចំនួន​២.២០៩​គ្រឿង បាន​ប្រាក់​ពន្ធ និង​អាករ​សរុប​ប្រមាណ​៩៦,៨​ប៊ី​លាន​រៀល ឬ​ប្រមាណ​៤៧%​នៃ​ចំណូល​សរុប​របស់​សាខា​នេះ ។

ចំណែក​សាខា​គយ និង​រដ្ឋាករ​ផែស្ងួត ក៏​រក​ចំណូល​បាន​ខ្ពស់​ដែរ ដោយ​ប្រមូល​បាន​ចំនួន​២២៤,៦​ប៊ី​លាន​រៀល ឬ​ស្មើ​ប្រមាណ​៥៦,១​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ប្រមាណ​៦៧,៥% បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ​២០១៧ ។ ក្នុង​នោះ រថយន្ដ​នាំ​ចូល​ដោយ​បង់ពន្ធ​និង​អាករ មាន​ចំនួន​៣.២១៤​គ្រឿង បាន​ប្រាក់​ពន្ធ និង​អាករ​សរុប​ប្រមាណ​២០០,១​ប៊ី​លាន​រៀល និង​ទោចក្រយានយន្ដ​មាន​ចំនួន​៧.១៤៧​គ្រឿង បាន​ប្រាក់​ពន្ធ និង​អាករ​សរុប​ប្រមាណ​២០៧,៥​ប៊ី​លាន​រៀល ។

ក្រៅពី​នេះ សាខា​គយ​និង​រដ្ឋាករ​ទូ​ទាំង​រាជធានី​-​ខេត្ត​-​ក្រុង ក៏​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ និង​អាករ​នេះ​ផង​ដែរ ។ របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០១៨​នេះ ក្រៅពី​ការងារ​ប្រមូល​ចំណូល បណ្ដា​សាខា​គយ និង​រដ្ឋាករ ក៏​បាន​បំពេញបែបបទ​គយ​សម្រាប់​នាំ​ចេញ​របស់​រោងចក្រ និង​សហគ្រាស​ផង​ដែរ ដោយ​ក្នុង​នោះ មាន​រោងចក្រ សហគ្រាស​សរុប​ចំនួន​៥២៥ បាន​មក​បំពេញបែបបទ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន ដែល​មាន​តម្លៃ​គិត​ពន្ធគយ​នាំ​ចេញ​សរុប​មាន​ទឹកប្រាក់​ចំនួន​៦៨៣.៨៧៥.៥១៧,២០​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ​៤០,៤៤% បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ