ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​ទទួល​កម្មសិទ្ធិ​ជាង​១៥​ម៉ឺន​ក្បាលដី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ លោក សា​រិ​ន វ​ណ្ណា បាន​អះអាង​ថា គិត​ពី​ឆ្នាំ​២០០៣​រហូត​មក​ដល់​ពេល​នេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ជា​កម្មសិទ្ធិ​ដី…

រាជធានី​ភ្នំពេញ ៖ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ លោក សា​រិ​ន វ​ណ្ណា បាន​អះអាង​ថា គិត​ពី​ឆ្នាំ​២០០៣​រហូត​មក​ដល់​ពេល​នេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ជា​កម្មសិទ្ធិ​ដី និង​ផ្ទះ ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ជាង​១៥​ម៉ឺន​ក្បាលដី​ហើយ ក្នុង​គម្រោង​ទិន្នន័យ​សរុប​ជាង​២២​ម៉ឺន​ក្បាលដី​។ លោក សា​រិ​ន វ​ណ្ណា បាន​អះអាង​បែប​នេះ នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ចំនួន​៥៥៤​គ្រួសារ រស់នៅ​ក្នុង​៣​សង្កាត់​ចំនួន នៃ​ខណ្ឌដូនពេញ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​២៥ មិថុនា​នេះ​។

លោក សា​រិ​ន វ​ណ្ណា បាន​ឲ្យ​ដឹង​ទៀត​ថា គម្រោង​រៀបចំ​ដែនដី និង​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ​២០០៣ រហូត​មក​ដល់​បច្ចុប្បន្ន គម្រោង​ចុះបញ្ជី​ដីធ្លី​បាន​៦០​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ចំណោម​គម្រោង​ប្រមូល​ទិន្នន័យ​សរុប​បាន​ចំនួន​២២៧.១៦៤​ក្បាលដី និង​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៥.២២៣០​ប័ណ្ណ​។ លោក​បន្ត​ថា រាជរដ្ឋាភិបាល បាន​ធ្វើ​ប្រទាន​កម្ម ជូន​ប្រជាពលរដ្ឋ​ដែល​បាន​តាំងទី​លំនៅ​បណ្តោះអាសន្ន​ជា​យូរ​មក​ហើយ ។ ជាក់ស្តែង​សម្រាប់​ខណ្ឌដូនពេញ​ពេល​នេះ ក្រោយ​ពី​បាន​ធ្វើការ​បណ្តុះបណ្តាល គណៈកម្មការ​រដ្ឋបាល​ដីធ្លី ការ​បោះពុម្ព​ប័ណ្ណកម្មសិទ្ធិ កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី រាជធានី​ភ្នំពេញ បាន​សម្រេច​នូវ​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​១១-១២-១៣ សង្កាត់​ស្រះ​ចក ភូមិ​១០ សង្កាត់​វត្ត​ភ្នំ និង​ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។

លោក សា​រិ​ន វ​ណ្ណា បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជា​វិធីសាស្ត្រ​មួយ មាន​ភាព​ច្បាស់លាស់ មាន​ប្រសិទ្ធភាព មាន​តម្លាភាព និង​ធានា​បាន​នូវ​ភាព​កក់ក្តៅ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការ​កាន់កាប់​ដីធ្លី និង​ធានា​សុវត្ថិភាព​ដីធ្លី​។ ការ​គ្របគ្រង​ដីធ្លី​បាន​ល្អ ជា​មូលដ្ឋាន​ឲ្យ​រដ្ឋ​គិតគូរ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ និង​ផ្តល់​លក្ខណៈ​ងាយស្រួល ដល់​ការ​ជំរុញ​កិច្ច​វិនិយោគ លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ ដែល​ជា​ការ​រួមចំណែក​យ៉ាង​ពិតប្រាកដ ក្នុង​ការ​អនុវត្ត​នយោបាយ របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​អភិវឌ្ឍ​សង្គម​ប្រកបដោយ​ចីរភាព​។ លោក​បន្ត​ថា មុន​នឹង​ចេញ​ប័ណ្ណកម្មសិទ្ធិ សម្គាល់​អចលនវត្ថុ គឺ​ក្រុម​មន្ត្រី​ជំនាញ​សូ​រិ​យា​ដី បាន​ចុះ​មក​ធ្វើការ​វាស់វែង ក្បាលដី​ជូន​ប្រជាពលរដ្ឋ ជា​ច្រើន​ខែ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ ទើប​បងប្អូន​ទទួល​នូវ​ប័ណ្ណកម្មសិទ្ធិ​ជា​ផ្លូវការ​។

ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា កម្មសិទ្ធិ​មួយ​សន្លឹក គឺ​មាន​តម្លៃ​ស្មើនឹង​តម្លៃ​ផ្ទះ ឬ​ក្បាលដី​នីមួយ​ៗ ដូចនេះ​សូម​បងប្អូន​ថែរក្សា​ប័ណ្ណ​ឲ្យ​បាន​ល្អ និង​មាន​សុវត្ថិភាព​បំផុត ជា​ពិសេស​សូម​បងប្អូន​កុំ​យក​វា​ទៅ​អ៊ុត​រឹង ពីព្រោះ​វា​អាច​ធ្វើ​ប័ណ្ណ​ខូច នៅ​ពេល​ដែល​យើង​យក​ប័ណ្ណ​នេះ ទៅ​ចុះបញ្ជី​បន្ត​ជា​ពិសេស​យក​ប័ណ្ណកម្មសិទ្ធិ​នេះ ទៅ​ដាក់​ធនាគារ សូម​បងប្អូន​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​។ លោក​បាន​បញ្ជាក់​ថា ផែនការ​ជំរុញ​ការ​ផ្តល់​ប​ណ្ណ័​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ដីធ្លី ធ្វើ​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ទទួល​បាន​នូវ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី និង​ក៏​ជា​យុទ្ធសាស្ត្រ កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ ហើយ​ការ​ចែក​ប័ណ្ណកម្មសិទ្ធិ យឺតយ៉ាវ ដោយសារ​ប្រជាពលរដ្ឋ រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ប៉ុន្តែ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មាន​ក្តី​អនុគ្រោះ អាណិត​ស្រឡាញ់ និង​ធ្វើ​សម្បទាន​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ