ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស​បង្ហាញ​មហិច្ឆតា​ដណ្ដើម​មេដាយមាស​ជូន​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ ណាត សៀ​ក​និ​ន ហៅ​ពេជ្រ ម្ទេសខ្មាំង ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​ឆ្នាំ​២០១៧ និង​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨ បានបង្ហាញ​មហិច្ឆតា​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេ​ម​ឆ្នាំ​២០២៣​ពេល​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ដោយ​ខិតខំ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​បន្ថែម​ធ្វើ​យ៉ាងណា​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​ឱ្យបាន​។…

រាជធានី​ភ្នំពេញ ៖ កីឡាករ ណាត សៀ​ក​និ​ន ហៅ​ពេជ្រ ម្ទេសខ្មាំង ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​ឆ្នាំ​២០១៧ និង​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨ បានបង្ហាញ​មហិច្ឆតា​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេ​ម​ឆ្នាំ​២០២៣​ពេល​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ដោយ​ខិតខំ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​បន្ថែម​ធ្វើ​យ៉ាងណា​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​ឱ្យបាន​។

ពេជ្រ ម្ទេសខ្មាំង ជា​កីឡាករ​ប្រដាល់​សាកលដ៏​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រភេទ​​ទម្ងន់​៥៦​គីឡូក្រាម បាន​ចូល​ហ្វឹកហាត់​ប្រដាល់​នៅ​ក្នុង​ក្លិប​អង្គការ​អរុណរះ​ក្នុង​ភូមិ​អរុណរះស្រុក​ស្អាង ខេត្តកណ្ដាល តាំងពី​ឆ្នាំ​២០០០​មក​ម្ល៉េះ ។ ដោយសារ​មាន​ដុ​ង​តាំងពី​កំណើត គួប​ផ្សំ​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ទៀត​ផង​នោះ មិនយូរ​ប៉ុន្មាន​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ​ជា​ញឹក​ញាប់​ហើយ​ទទួល​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់ ។ ដោយសារ​មាឌ​ល្អិត​តែ​រហ័សរហួន និង​មានចិត្ត​សឿង​មិន​ងាយ​ចុះចាញ់​គូប្រកួត គេ​ក៏​បាន​ផ្ដល់​រហស្សនាម​ដល់​កីឡាករ​រូប​នេះ​ថា​ ពេជ្រ ម្ទេសខ្មាំង រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​។

ចាប់តាំងពី​ឡើង​កូដ​ប្រកួត​មិន​ដែល​ចាញ់​ពេជ្រ ម្ទេសខ្មាំង ទទួល​បាន​ឱកាស​ចូល​ជាស​មាជិ​ក​ពេញ​សិ​ទិ្ធ​នៅ​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​បាន​ជាប់​ជា​កីឡាករ​ប្រដាល់​សាកល​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៣ ។ នៅ​ឆ្នាំ​២០១៤​គេ​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនៅ​ប្រទេស​សិង្ហ​បុរី តែ​មិន​ទទួល​បាន​លទ្ធផលល្អ​ឡើយ ។ ទោះបី​យ៉ាងណា ពេជ្រ ម្ទេសខ្មាំង​នៅ​តែ​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​បរទេស​ជា​ញឹក​ញាប់​ដើម្បី​ទទួល​បទ​ពិសោធន៍​មក​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ។ នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ពេជ្រ ម្ទេសខ្មាំង​ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​បញ្ជូន​ឱ្យទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿងក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម​។

ជាមួយនឹង​ការ​ហ្វឹកហាត់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​នេះ​ផង​ដែរ លោក​វេជ្ជ​បណ្ឌិត​ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រទេសថៃ​និង​វៀតណាម បាន​គាំទ្រ​កម្ពុជា​ឱ្យទៅ​ហ្វឹកហាត់​នៅ​ប្រទេស​គេ​ហើយ​គេ​ជា​​អ្នករ៉ាប់រង​ទាំងអស់ ។ ប៉ុន្តែ​លោក​គិត​ថា ហ្វឹកហាត់​នៅ​ប្រទេស​ទាំង​២​នោះ​បាន​ត្រឹម​តែ​​មិន​ធ្វើ​ឱ្យ​កីឡាករ​យើង​ដើរ​រហេតរហូត​ប៉ុណ្ណោះ ចំពោះ​កម្រិត​នៃ​ការ​ហ្វឹកហាត់​មិន​លើស​​គ្នា​នោះ​ទេ ។ ម្យ៉ាងវិញទៀត​ក្នុង​ពេល​ហ្វឹកហាត់ គេ​ក៏​មិន​ឱ្យ​កីឡាករ​យើង​សម​កម្លាំង​ជាមួយ​កីឡាករ​ជម្រើសជាតិ​របស់​គេ​ដែរ​។

ដូច្នេះ​លោក​គិត​ថា មាន​តែ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន​ឬ​ប្រទេស​កូរ៉េ​ប៉ុណ្ណោះ​ទើប​អាច​ល្អ​ជាង​នេះ ។ ទោះបី​យ៉ាងណា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​កំពុង​តែ​ពិភាក្សា​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ថា​តើ​ត្រូវ​បញ្ជូន​ទៅ​ប្រទេសណាមួយ​ឱ្យ​ពិត​ប្រាកដ។

លោក វ៉ែន សុផល គ្រូ​ឈុត​ធំ​ក្នុង​ក្រុម​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល​បានឱ្យ​ដឹង​ថា បើ​​និយាយ​ពី​កម្រិត​បច្ចេកទេស​នៃ​ការ​ហ្វឹកហាត់​ប្រទេស​ណា​ក៏​មិន​លើស​គ្នា​ដែរ សំខាន់​ឱ្យ​តែ​កីឡាករ​មាន​ឆ​ន្ទះ​ក្នុង​ការ​ហ្វឹកហាត់​ប៉ុណ្ណោះ​។​ គ្រាន់តែ​គេ​ល្អ​ជាង​យើង​ត្រង់​ថា សម្ភារ​​ហ្វឹកហាត់​ទំនើប​ជាង កន្លែង​ស្នាក់​នៅ​ល្អ ហូប​ចុក​គ្រប់​គ្រាន់ និយាយ​រួម​អ្វី​ៗ​សុទ្ធតែ​ស្តង់ដារ​អន្តរជាតិ​ទាំងអស់ ។ ទោះបី​យ៉ាងណា កីឡាករ ពេជ្រ ម្ទេសខ្មាំង ប្រាប់​ថា អ្វី​ដែល​​គេ​ចង់បាន​គឺ​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​អាច​ល្អ​ជាង​នៅ​ក្នុងស្រុក ព្រោះ​​ការ​ហ្វឹកហាត់​ក្នុងស្រុក​កីឡាករ​ដែល​គេ​សមជា​មួយ​សុទ្ធតែ​មាន​កម្រិត​ទាប​ជាង​មិន​អាច​ជួយ​បង្កើន​កម្រិត​បច្ចេកទេស​បន្ថែម​លើស​ពី​ហ្នឹង​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ