ខេត្តរតនគិរី ៖ មនុស្សជាង២០០នាក់ បានត្រូវបណ្តេញចេញពីព្រៃក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ពីសំណាក់សមត្ថកិច្ចប៉ូលិសវរការពារព្រំដែន និងអាជ្ញាធរស្រុកដែលគ្រប់គ្រងតំបន់នោះ។ មនុស្សជាង២០០នាក់នេះបានសម្រុកចូលក្នុងព្រៃតំបន់ឧទ្យានជាតិ ក្នុងបំណងចូលកាប់ឈើគ្រញូងដោយខុសច្បាប់ និងយ៉ាងអនាធិបតេយ្យ ដើម្បីលក់ឱ្យក្រុមហ៊ុន បន្ទាប់ពីមានក្រុមហ៊ុនចំនួន២បានមកវិនិយោគដីសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម (កៅ ស៊ូ) ក្បែរតំបន់នោះលើផ្ទៃដីជិត៣ម៉ឺនហិកតា។
ប្រភពពីស្រុកអណ្តូងមាសឱ្យដឹងថា មានមនុស្សច្រើនសិបនាក់បានសម្រុកចូលក្នុងតំបន់កន្ទុយនាគ ដោយពួកគេបានបែងចែកជាក្រុមៗ ដែលមានម៉ាស៊ីនត្រង់សឺន័រជាប់ទៅជាមួយ និងគ្រឿងឧបភោគ បរិភោគផងដែរ ព្រមទាំងមានមេការម្នាក់ចាត់ចែងផ្តល់លុយ និងកត់ត្រាបញ្ជីឈ្មោះកម្មករស៊ីឈ្នួល ប៉ុន្តែក៏មានអ្នកខ្លះ ត្រូវបានបណ្តេញចេញមកវិញ។ ប្រភពដដែលបានបន្តថា កម្មករ ដែលត្រូវសមត្ថកិច្ចបណ្តេញឱ្យចេញពីព្រៃមកវិញនោះ មិនមានឈ្មោះក្នុងបញ្ជីមេការ ឬពុំមែនជាបុគ្គលិករបស់ក្រុមហ៊ុនណាមួយឡើយ ហើយអ្នកដែលត្រូវបណ្តេញមកវិញនេះភាគច្រើនមកពីខេត្តផ្សេងៗ ហើយពុំមានគោលដៅការងារ ឬមេការទទួលខុសត្រូវច្បាស់លាស់ គឺផ្អើលល្បីតៗគ្នា និងចាញ់ការឃោសនារបស់មេខ្យល់ ដែលពុំមែនជាបុគ្គលិក ឬមេការរបស់ក្រុមហ៊ុនដែលអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ច ដំណាំកសិ-ឧស្សាហកម្មនោះ ឡើយ ។ អ្នកដែលសម្រុកចូលព្រៃនោះ ក៏ទទួលរងនឹងការកើតជំងឺគ្រុនចាញ់ និងខាតបង់ប្រាក់កាស ហើយអ្នកខ្លះដែលមិនមានប្រាក់ជិះរថយន្តត្រឡប់ទៅស្រុកក៏បានធ្វើដំណើរដោយថ្មើរជើង និងសុំបាយអ្នកស្រុកហូបទៀតផង ។
ប្រភពពីស្រុកអណ្តូងមាសបានឱ្យដឹងទៀតថា ប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ច និងអាជ្ញាធរបានបណ្តេញអ្នកចូលព្រៃដោយខុសច្បាប់ចំនួន៩៦នាក់ និងបានដកហូតម៉ាស៊ីនត្រង់សឺន័រចំនួន៣៨គ្រឿង ។ ចំណែកនៅឯស្រុកតាវែងឯណោះវិញ នាថ្ងៃទី៧ មីនា ឆ្នាំ២០១១ ក៏បានបណ្តេញមនុស្សចេញពីព្រៃតំបន់កន្ទុយនាគចំនួន១៥០នាក់ផងដែរ ។ ប៉ុន្តែប្រភពមួយទៀតពីស្រុកអណ្តូងមាសដែរ បានឱ្យដឹងថា ចំពោះកម្មករណាដែលបានទទួលប្រាក់ពីមេការដើម្បីចូលទៅកាប់ឈើគ្រញូងនោះរួចហើយ មិនត្រឡប់មកវិញទេ គឺត្រឡប់មកវិញតែអ្នកមិនទាន់បានទទួលប្រាក់ពីមេការប៉ុណ្ណោះ ហើយអ្នកខ្លះក៏បាត់ខ្លួនផងដែរ ។
តំណាងក្រុមហ៊ុនមួយរូបក្នុងចំណោមក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្មបានឱ្យដឹងថា ចំពោះក្រុមហ៊ុនគ្រាន់តែបើកការដ្ឋានឈូសឆាយផ្លូវឆ្ពោះទៅកាន់តំបន់ដែលត្រូវអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្មប៉ុណ្ណោះ ពុំបានអនុញ្ញាតឱ្យមេការ ឬបុគ្គលិករបស់ក្រុមហ៊ុនណាមួយជ្រើសរើសកម្មករដើម្បីចូលព្រៃកាប់ឈើនោះទេ ព្រោះក្រុមហ៊ុនមានបុគ្គលិក ឬក្រុមការងារនោះរួចជាស្រេចទៅហើយ ។ បើសិនជាមានការជ្រើសរើសកម្មករនោះក្រុមហ៊ុនពុំទទួលខុសត្រូវឡើយ ហើយក្រុមហ៊ុនក៏មិនទាន់បានចាប់ផ្តើមធ្វើការឈូសឆាយដើម្បីដាំដំណាំដែរ ។ បច្ចុប្បន្ន អាជ្ញាធរខេត្តកំពុងចាត់វិធានការ និងដាក់បទបញ្ជាដល់សមត្ថកិច្ច និងអាជ្ញាធរស្រុក ដែលជាប់ព្រំប្រទល់តំបន់នោះ ធ្វើការទប់ស្កាត់ការសម្រុកចូលព្រៃរបស់កម្មករស៊ីឈ្នូល ៕
ចែករំលែកព័តមាននេះ