ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​តុងទីន​ម្នាក់​ពាក់ព័ន្ធ​ប្រាក់​ខ្ទង់លាន​ដុល្លារ រត់ឡើង​ឡាន​ខ្លាច​កាមេរ៉ា​អ្នកកាសែត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មេ​តុងទីន ដែល​រង​នូវ​បណ្តឹង​របស់​សមាជិក​ក្រុម អ្នកលេង​តុងទីន លើ​ទឹកប្រាក់​ប្រមាណ​២​លាន​៦​សែន​ដុល្លារ​អា​មេ​រិ​ក កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៤ មិថុនា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មេ​តុងទីន ដែល​រង​នូវ​បណ្តឹង​របស់​សមាជិក​ក្រុម អ្នកលេង​តុងទីន លើ​ទឹកប្រាក់​ប្រមាណ​២​លាន​៦​សែន​ដុល្លារ​អា​មេ​រិ​ក កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៤ មិថុនា ត្រូវ​បាន​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ រំលោភ​លើ​ទំនុកចិត្ត​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ត្រង់​ថា ពេល​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នាំ​ខ្លួន​ស្ត្រី​មេ​តុងទីន​ទៅ​តុលាការ គាត់​ដើរ​ចូល​តាម​សម្រួល​ទេ លុះ​ពេល​ចៅក្រម​ស៊ើបសួរ​ដោះ​លែង​ឲ្យ​ទៅ​ផ្ទះ​វិញ គាត់​រត់​ចេញ​យ៉ាង​លឿន ឡើង​រថយន្ត​ឡិច​ស៊ី​ស​ពណ៌​ខ្មៅ ដែល​បញ្ឆេះ​រង់ចាំ​នៅ​ខាងក្រៅ​របង ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ក្រុម​គ្រួសារ ជនសង្ស័យ​ផ្សេង​ទៀត​ដែល​ទៅ​សួរ​សុខ​ទុក​បងប្អូន​កូនចៅ​គេ រហូត​ខ្លះ​របូតមាត់​ថា ជនសង្ស័យ​រត់ តែ​ទីបំផុត​ស្រី្ត​មេ​តុងទីន​នោះ​រត់ ព្រោះតែ​ខ្លាច​ម៉ាស៊ីន​ថត​អ្នកកាសែត​។

ស្ត្រី​មេ​តុងទីន​មានឈ្មោះ លី គឹ​ម​ហួរ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៧ Ceo E1 ផ្លូវ​វ​លេខ​៣៥៨ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។ ស្ត្រី​ឈ្មោះ លី គឹ​ម​ហួរ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ហ៊ីង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ក្រោយ​ពី​បាន​សាកសួរ​រួចរាល់ លោក ហ៊ីង ប៊ុ​ន​ថន បាន​សម្រេច​ចោទប្រកាន់​ស្ត្រី​មេ​តុងទីន​ពី​បទ រំលោភ​លើ​ទំនុកចិត្ត តាម​មាត្រា​៣៩១ មាត្រា​៣៩២ នៃ ក្រមព្រហ្មទណ្ឌ និង​បាន​ចាត់​បញ្ជូន​ទៅ​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង ដោយ​បាន​ស្នើ​សុំ​ឲ្យ​ដាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង ស្នើ​ឲ្យ​ចៅក្រម​ចេញ​ដីកា ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​។

អ្នក​ច្បាប់​ម្នាក់​បាន​លើក​ឡើង​ថា ការ​សម្រេច​មិន​ឃុំខ្លួន ស្ត្រី​មេ​តុងទីន ពី​សំណាក់​លោក​ចៅក្រម​ស៊ើបសួរ​នោះ ពិតជា​មាន​មូលហេតុ និង​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ ឬ អាច​និយាយ​បាន​ថា ប្រហែលជា​មាន​ប្រាក់​ដាក់​តម្កល់ ឬ​មាន​មេធាវី​ធានា​ខ្លួន បើ​មិន​ដូច្នោះ​ចៅក្រម​មិន អាច​ដោះ​លែង​ស្រួល​ៗ​ទេ ពាក់ព័ន្ធ​បណ្តឹង​លើ​ទឹកប្រាក់​២​លាន​៦​សែន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។ ទោះជា​យ៉ាងនេះ​ក្តី​នៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា ដើមបណ្តឹង​ចំនួន​១៧​រូប កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ចៅក្រម​ស៊ើបសួរ​ដោះ​លែង​ស្ត្រី​មេ​តុងទីន​ខាងលើ​នេះ​ទេ ព្រោះ​ពួក​គេ​យល់​ឃើញ​ថា ដើមបណ្តឹង​មិន​ទាន់​បាន​ទទួល​នូវ​អ្វី​ហៅ​ថា មានការ​ស្រុះស្រួល​គ្នា​នៅឡើយ ដែល​នេះ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ពួក​គេ​ធ្ងន់ធ្ង​ណាស់​។ ពេល​នេះ​តុលាការ​បាន​ដោះ​លែង​មេ​តុងទីន​ឈ្មោះ លី គឹ​ម​ហួរ ប៉ុន្តែ​តំណាង​អយ្យការ នៅ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ទៅ​លើ​ស្ត្រី​ឈ្មោះ តាំង គឹ​ម​ហួង ដែល​ជា​ម្តាយ​របស់​ឈ្មោះ លី គឹ​ម​ហួរ ម្នាក់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ