ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃ​បង្ក្រាប​រថយន្ត​កាមរី​ដឹក​ឈើ​គ្រញូង

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ រថយន្ត​ម៉ាក​កាមរី​ពណ៌ស​១​គ្រឿង គ្មាន​ស្លាក​លេខ ដឹក​ឈើ​​គ្រញូង​ចេញ​​ពី​​ខេត្ត​កំពង់​ធំ កាត់​តាម​ស្រុក​ចំការ​លើ ឡើង​​ផ្លូវ​ជាតិ​លេខ​៧១ ​យក​ទៅ​លក់​នៅ​ព្រំ​ដែន​វៀត​ណាម ត្រូវ​​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​បង្ក្រាប​​កាល​ពី​វេលា​ម៉ោង​៩​និង២០​នាទី​យប់ ថ្ងៃ​ទី​១ មីនា នៅ​ត្រង់​ចំណុច​ឃុំ​ខែល​ជ័យ ស្រុក​កំពង់​សៀម ហើយ​​បញ្ជូន​ទៅ​កាន់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ចាម ដើម្បី​ចាត់​ការតាម​ច្បាប់។
តាម​​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​សៀម​បាន​រៀប​រាប់​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​​ព័ត៌​មាន​ថា មាន​រថយន្ត​ប្រភេទ​កាមរី​តូច​ៗ​ដឹក​ឈើ​គ្រញូង​ចេញ​មក​ពី​​ខេត្ត​កំពង់​ធំនោះ កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​រង់ចាំ​ស្ទាក់​​ចាប់​។

​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បន្ត​ថា នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ពេល​​រថយន្ត​កាមរី​ពណ៌ស​១​គ្រឿង​​ដឹក​ឈើ​​គ្រញូង​​មក​ដល់​ត្រង់​ចំណុច​វត្ត​រលួស ត្រូវ​​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​​បើក​រថយន្ត​​ដេញ​តាម​ពី​​ក្រោយ​យ៉ាង​ប្រកៀក​ប្រកិត។ ពេល​​បើក​​ទៅ​ដល់​​ម្តុំ​ត្រើង ចៃដន្យ​មាន​រថយន្ត​កាម៉ាស់​១​គ្រឿង​នៅ​ខាង​មុខ មិន​អាច​ឱ្យ​រថយន្ត​នេះ​បើក​រុល​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន។ ភ្លាម​ៗ​នោះ​​រថយន្ត​របស់​រដ្ឋ​បាល​ព្រៃ​ឈើ​​បើក​​ពាំង​កៀប​ជាប់​ទើប​បង្ក្រាប​បាន​តែ​ម្តង។ សមត្ថ​កិច្ច​ឃាត់​បាន​អ្នក​បើក​បរ​ម្នាក់​ឈ្មោះ​សុខ ម៉េង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​រកា​​លើ សង្កាត់​សំបួរ​មាស ក្រុង​កំពង់​ចាម បាន​ឆ្លើយ​ថា ឈើ​ទាំង​នេះ​​ដឹក​ចេញ​មក​ពី​​ខេត្ត​កំពង់​ធំ ក្នុង​​បំណង​យក​ទៅ​លក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម។

មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​​បញ្ជាក់​ថា ឈើ​​គ្រញូង​១​រថយន្ត​កាមរី​ពណ៌ស​ដែល​បង្ក្រាប​បាន​នេះ ត្រូវ​បាន​នាំ​ទៅ​កាន់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ចាម​ទាំង​យប់ ហើយ​ជញ្ជូន​យក​ចេញ​តែ​មិន​ទាន់​បាន​ដឹង​​ចំនួន​ប៉ុន្មាន​​ទេ ព្រោះ​​វា​តូច​ៗ​ពិបាក​វាស់។ នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា ​ម្ចាស់​ឈើ​ចូល​ខ្លួន​​ដើម្បី​ទទួល​ការ​ផាក​ពិន័យ​ទៅ​តាម​ច្បាប់។ ​សមត្ថ​កិច្ច​​ប្រាប់​ថា ជា​រឿយ​ៗ​នៅ​ពេល​យប់​គេ​តែង​តែ​ឃើញ​មាន​រថយន្ត​​កាមរី​គូទ​ហើម ដឹក​ឈើ​គ្រញូង​​ពី​៣​ទៅ​៤​គ្រឿង​បើក​ឆ្លង​កាត់​ស្ពាន​គីហ្ស៊ុណា ​ជា​ឈើ​គ្រញូង​មក​ពី​ខេត្ត​កំពង់​ធំ យក​ទៅ​ដាក់​នៅ​ផ្ទះ​របស់​ឈ្មួញ​ម្នាក់​នៅ​​ស្រុក​ពញា​ក្រែក។ ​ពេល​​​ប្រមូល​ទិញ​បាន​ច្រើន​ហើយ​​ទើប​ដឹក​ចេញ​ទៅ​កាន់​ប្រទេស​វៀត​ណាម។

មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​​ខ្សឹប​ប្រាប់​ថា រថយន្ត​កាមរី​​​ដែល​បាន​ដឹក​ឈើ​គ្រញូង​ចេញ​មក​ពី​ខេត្ត​កំពង់​ធំ​នោះ អ្នក​បើក​បរ​ភាគ​ច្រើន​តែង​តែ​ប្រើ​ប្រាស់​គ្រឿង​ញៀន ដើម្បី​ឱ្យ​ក្លាហាន​​ហ៊ាន​ដឹក​ និង​មិន​ងងុយ​ដេក​នៅ​ពេល​យប់​។ ដូច្នេះ​ការ​​ដេញ​បង្ក្រាប​ជា​រឿង​មួយ​​ពិបាក​ណាស់ ​ដែល​អាច​បណ្តាល​ឱ្យ​រង​គ្រោះ​ថ្នាក់​​ដល់​មន្ត្រី​ជំនាញ​ និង​អ្នក​ដទៃ​ទៀត។ មាន​ដំណឹង​ថា នៅ​មាន​រថយន្ត​​កាមរី​គូទ​ហើម​ប្រមាណ​៥​គ្រឿង​ទៀត​កំពុង​ត្រៀម​ដឹក​ឈើ​គ្រញូង​ចេញ​ពី​ខេត្ត​កំពង់​ធំ ឆ្ពោះ​មក​ស្រុក​ពញា​ក្រែក ដែល​គេ​សង្ស័យ​ថា កំពុង​រត់​ការ។ ឈើ​គ្រញូង​ត្រូវ​ខ្នាត​ត្រូវ​គេ​និយាយ​ថា លក់​នៅ​ស្រុក​យួន​បាន​ថ្លៃ​ជាង​១​ម៉ឺន​ដុល្លារ ក្នុង​១​ម៉ែត្រ​គូប។ បើ​បាន​ទៅ​ដល់​ប្រទេស​ចិន​បាន​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ៕