ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុម័ត​ហិរញ្ញប្បទាន​110​លាន​ដុល្លារ​ដើម្បី​គាំទ្រ​កែ​លម្អ​ផ្លូវជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​បន្ត​កែ​លម្អ​លក្ខខណ្ឌ សុវត្ថិភាព និង​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​ផ្លូវជាតិ​ដ៏​សំខាន់​មួយ ជាមួយនឹង​ហិរញ្ញវត្ថុ​បន្ថែមចំនួន​១១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក បាន​អនុម័ត​នៅ​ថ្ងៃ​ទី​២១ មិថុនា ។…

រា​ធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​បន្ត​កែ​លម្អ​លក្ខខណ្ឌ សុវត្ថិភាព និង​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​ផ្លូវជាតិ​ដ៏​សំខាន់​មួយ ជាមួយនឹង​ហិរញ្ញវត្ថុ​បន្ថែមចំនួន​១១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក បាន​អនុម័ត​នៅ​ថ្ងៃ​ទី​២១ មិថុនា ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​លោក (WB) ។ សេចក្ដី​ប្រកាស​បន្ដ​ថា ការ​គាំទ្រ​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​គម្រោង​គ្រប់​គ្រង​សម្បត្តិ​ផ្លូវ​-​ថ្នល់ ជំហាន​ទី​២ (Road Asset Management Project II/RAMP II) នេះ ក៏​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ដល់​ការ​ឆ្លើយ​តប​ភ្លាម​ៗ និង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ករណី​មាន​ស្ថានភាព​បន្ទាន់ ។

ផ្លូវជាតិ​លេខ​៤ ដែល​ជា​ផ្លូវជាតិ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ដោយ​ផ្ទាល់​ទៅ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា​តែ​មួយ​គត់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន កំពុង​រង​សម្ពាធ​ចរាចរណ៍​យ៉ាង​មមាញឹក​ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច​មួយ​ចំនួន និង​តំបន់កសិកម្ម​ជា​ច្រើន ក្នុង​នោះ​រួម​មាន កសិដ្ឋាន​ខ្នាត​ធំ​ផង​ដែរ ។ នៅ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​បន្ថែម​នេះ បណ្តោយ​ផ្លូវ​ចម្ងាយ​​ជាង​២០០​គីឡូម៉ែត្រ​នឹង​ទទួល​បានការ​បង្កើន​គុណភាព​ឲ្យ​ល្អ​ជាង​មុន តាម​រយៈ​ការ​អ៊ុត​កៅស៊ូ​ថ្មី​ពីលើ និង​ការ​រៀបចំ​ឡើង​វិញ​នូវ​ចិញ្ចើម​សងខាង​ផ្លូវ ការ​ដាក់​លូ​បង្ហូរទឹក និង​ការ​ធ្វើ​ស្ពាន​នៅ​ក្នុង​តំបន់​ងាយ​លិច​ទឹក នៅ​តាម​ដងផ្លូវ​នេះ ។

លោក ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​​គម្រោង មាន​ប្រសាសន៍​ថា ៖« ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹងផ្អែក​លើ​ផ្លូវ​ជាតិ​លេខ​៤​នេះ ដោយសារ​ថា វា​ជា​ផ្លូវ​តែ​មួយ​គត់​សម្រាប់​ត​ភ្ជាប់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ជាមួយ​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា ។ ការ​កែ​លម្អ​ស្ថានភាព​ផ្លូវ​ដ៏​សំខាន់​មួយ​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា និង​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន ដែល​អាច​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង​ថែម​ទៀត​នៅ​ក្នុង​តំបន់ » ។ ក្រៅពី​ការ​រៀបចំ​គម្រោង​បែប​ច្នៃប្រឌិត​ដែល​ធន់​នឹង​អាកាសធាតុ​ជាង​មុន ហិរញ្ញប្បទាន​បន្ថែម​នេះ​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ផង​ដែរ ដើម្បី​បង្កើន​សមត្ថ​ភាព​របស់​ស្ថានីយ​ថ្លឹង​រថយន្ត​បច្ចុប្បន្ន និង​ជួយ​កាត់​បន្ថយ​ហានិភ័យ ដែល​អាច​បណ្តាល​មក​ពី​ការ​ដឹក​ទំនិញ​លើស​ទម្ងន់​អនុញ្ញាត ។ សុវត្ថិភាព​ផ្លូវ​នឹង​ត្រូវ​បាន​ចាត់ទុកជា​អាទិ​ភាព​ចម្បង តាម​រយៈ​ការ​កំណត់​សញ្ញា​តំបន់​ល្បឿន​មាន​កម្រិត ផ្លូវ​មាន​សុវត្ថិភាព និង​កែ​លម្អ​ផ្លូវ​ខ្នាត​តូច​ភ្ជាប់​ផ្លូវ​ឡើង​មក​ផ្លូវជាតិ រួម​មាន ទាំង​ការ​ដំឡើង​ស្លាក​សញ្ញា​បង្ហាញផ្លូវ បង្គោល​ភ្លើង​ប្រើ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ និង​កាមេរ៉ា​ចាប់​ល្បឿន​របស់​អ្នកបើកបរ​ទៀត​ផង ។ កិច្ចសន្យា​ម៉ៅ​ការ​ផ្អែក​លើ​គុណ​ផល​ការងារ​នឹង​ត្រូវ​បាន​យក​មក​ប្រើប្រាស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញប្បទាន​នេះ​ឲ្យ​បាន​ដល់​កម្រិត​អតិបរមា។លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ៖« ការ​ខ្វះចន្លោះ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ជា​ការ​ប្រឈម​ដ៏​ធំ​មួយ​ដល់​សមត្ថ​ភាព​ប្រកួតប្រជែង និង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន ។ គម្រោង​ដែល​នឹង​កែ​លម្អ​ស្ថាន​ភាព​ផ្លូវជាតិ​លេខ​៤​នេះ នឹង​ជួយ​ដោះស្រាយ​ភាព​ប្រឈម​ទាំងនោះ ហើយ​វា​នឹង​ពង្រីក​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​កម្ពុជា » ។ ហិរញ្ញប្បទាន​បន្ថែម​នេះ​បាន​ពង្រីក​វិសាលភាព​របស់​គម្រោង RAMP II ដែល​បាន​អនុម័ត​កាលពី​ខែឧសភា ឆ្នាំ​២០១៦ ក្នុង​គោលដៅ​កែ​លម្អ​ផ្លូវជាតិ​នៅ​ក្នុង​ខេត្តកំពត ខេត្ត​ព្រះ​សីហ​នុ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ​។ កញ្ចប់​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ផង​ដែរ ក្នុង​ករណី​ស្ថានភាព​មាន​វិបត្តិ ឬ​ស្ថានភាព​បន្ទាន់​ណាមួយ​ដែល​ចាំបាច់ ។

មូលនិធិ​បន្ថែម​សម្រាប់​គាំទ្រ​គម្រោង​ដែល​ពង្រីក​រហូត​ដល់​រយៈពេល​៨​ឆ្នាំ​កន្លះ​នេះ បាន​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ដែល​ជា​ផ្នែក​មួយ​របស់​ក្រុម​ធនា​គារ​ពិភពលោក​សម្រាប់​ប្រទេស​ក្រីក្រ ។ មូលនិធិ​នេះ ជា​ឥណទាន​ដែល​គ្មាន​ការ​ប្រាក់ ហើយ​នឹង​ត្រូវ​សង​ទូទាត់​ក្នុង​រយៈពេល​៣៨​ឆ្នាំ រាប់​ទាំង​ដំណាក់កាល​អនុគ្រោះ​រយៈពេល​៦​ឆ្នាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ