ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកុសល​កម្មបទ​១០​ជា​ឫសគល់​ដែល​ជន​អាក្រក់​តែង​ប្រ​ពឹ្រត្ត

5 ឆ្នាំ មុន

បើ​នឹង​រៀបរាប់​ថា មាន​អ្វីខ្លះ​ដែល​ជន​អាក្រក់​តែង​បៀតបៀន​ឃើញ​ថា មិន​អាច​រាប់​អស់​ទេ ព្រោះ​ជន​អាក្រក់​តែងតែ​នឹក​រក​ឃើ​មធ្យោបាយ និង​របស់​ដែល​គួរ​បំផ្លាញ​ឃើញ​ជា​និច្ច​។ ក្នុង​ទី​នេះ យើង​សូម​លើកយក​ពុទ្ធដីកា​របស់​ព្រះ​សម្ពុទ្ធ​ដែល​លោក​បាន​បង្ហាញ​អំពី​វត្ថុ​១០​យ៉ាង ដែល​ពួក​ជន​អាក្រក់​តែង​ធ្វើ​។ ទាំង​១០​យ៉ាងនេះ​ជា​ការ​បៀតបៀន​ធំ​ៗ​។ ឯការ​បៀតបៀន​ដទៃ​ទៀត​ដែល​មិន​បាន​លើកយក​មក​បង្ហាញ…

បើ​នឹង​រៀបរាប់​ថា មាន​អ្វីខ្លះ​ដែល​ជន​អាក្រក់​តែង​បៀតបៀន​ឃើញ​ថា មិន​អាច​រាប់​អស់​ទេ ព្រោះ​ជន​អាក្រក់​តែងតែ​នឹក​រក​ឃើ​មធ្យោបាយ និង​របស់​ដែល​គួរ​បំផ្លាញ​ឃើញ​ជា​និច្ច​។ ក្នុង​ទី​នេះ យើង​សូម​លើកយក​ពុទ្ធដីកា​របស់​ព្រះ​សម្ពុទ្ធ​ដែល​លោក​បាន​បង្ហាញ​អំពី​វត្ថុ​១០​យ៉ាង ដែល​ពួក​ជន​អាក្រក់​តែង​ធ្វើ​។ ទាំង​១០​យ៉ាងនេះ​ជា​ការ​បៀតបៀន​ធំ​ៗ​។ ឯការ​បៀតបៀន​ដទៃ​ទៀត​ដែល​មិន​បាន​លើកយក​មក​បង្ហាញ សូម​សម្គាល់ថា សុទ្ធតែ​បែក​ចេញពី​មេ​១០​យ៉ាងនេះ​ទាំងអស់​។ វត្ថុ​ទាំង​១០​នេះ ព្រះ​សម្ពុទ្ធ​​ត្រាស់​ហៅ​ថា អកុសល​កម្មបទ​១០​។

១-​បាណាតិបាត បៀតបៀន​ជីវិត បាន​ដល់​ការ​សម្លាប់​ការ​ធ្វើបាប​រាង​កាយ ការ​ធ្វើ​ទារុណកម្ម​ព្រៃផ្សៃ​ខុស​នឹង​មនុស្សធម៌ ការ​ធ្វើ​ឱ្យ​ឈឺ ខូចសុខភាព ខូច​ដល់​ស្ថិរភាព​ជីវិត​។

២-​អទិន្នាទាន បៀតបៀន​ទ្រព្យ បាន​ដល់​ការ​លួច​កេងប្រវ័ញ្ច ឆបោក កោង​ស៊ីសំណូក ពុក​រលួយ ការ​ប្រើ​ឥទ្ធិពល​សម្លុត​យក​ទ្រព្យ គាបសង្កត់​ឱ្យ​គេ​ខូច​បង់ទ្រព្យ​សម្បត្តិ ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ជាដើម ។

៣-​កា​មេ​សុ​មិច្ឆាចារ បៀតបៀន​ក្រុម​គ្រួសារ បាន​ដល់​ការ​ទៅ​សហាយស្មន់​ជាមួយ​ប្រពន្ធ​-​ប្តី​គេ ការ​គំរាមកំហែង​ឱ្យ​គេ​ស្រឡា្ញ​ញ់​ខ្លួន ការ​ចាប់រំលោភ ការ​ពង្រាត់បង្រាស​ប្តី​ប្រពន្ធ​គេ ធ្វើ​ឱ្យ​ឈ្លោះប្រកែក​គ្នា​លែង​មាន​សេចក្តីសុខ​ក្នុង​គ្រួសារ​។

៤-​មុសាវាទ បៀតបៀន​ខាង​ផ្លូវចិត្ត បាន​ដល់​ការ​កុហក បញ្ឆោត បោក​ឱ្យ​ជឿ ធ្វើ​ឱ្យ​គេ​ក្តៅក្រហាយ​ក្នុង​ចិត្ត ឱ្យ​គេ​រង​ទុក​លំបាក ព្រោះ​ពាក្យ​សម្តី​មិន​ពិត​របស់​យើង​។

៥-​ផរុសវាទ បៀតបៀន​សេចក្តី​ស្ងប់​សុខ បាន​ដល់​ការ​ជេរប្រទេច​នូវ​ពាក្យ​អាក្រក់ ពាក្យ​អាសអាភាស ថោកទាប ពាក្យបញ្ឈឺ ពាក្យ​ផ្លែផ្កា ធ្វើ​ឱ្យ​គេ​ខូច​សេចក្តី​ស្ងប់​ក្នុង​ចិត្ត ខ្មាស​គេ​ខ្មាស​ឯង ខូច​កិត្តិយស ដើម្បី​បំពេញ​តែ​ផលប្រយោជន៍​ខ្លួនឯង ។

៦-​បិ​សុ​ណា​វាទ បៀតបៀន​ការ​សាមគ្គីភាព ខូច​សុខដុមរមនា​របស់​គេ​ដោយ​ការ​ទៅ​និយាយ​ញុះញង់ ចាក់ចុច ឆ្កឹះឆ្កៀល ធ្វើ​ឱ្យ​ខូច​មិត្តភាព ខូច​សាមគ្គី ខូចការ​ស្រឡាញ់ បាក់បែក ឈ្លោះប្រកែក​គ្នា មើល​មុខ​មិន​ត្រង់​។

៧-​សម្ផប្បលាប បៀតបៀន​សេចក្តីចម្រើន​ដោយ​ការ​ធ្វើ​ឱ្យ​គេ​ខូច​កិត្តិយស កេរ្តិ៍ឈ្មោះ​បោះ​សំឡេង ខូច​យីហោ ខូច​ហាងឆេង ដោយ​ការ​ដើរ​និយាយ​និន្ទា និយាយ​មួលបង្កាច់ ប្រឌិត​រឿង​ផ្តេសផ្តាស យក​ការ​ពិត​មិន​បាន​ធ្វើ​ឱ្យ​គេ​ខាត​ប្រយោជន៍ និយាយ​ក្អែក​មួយ​ជា​ក្អែក​ដប់ មាត់ចាបមាត់ព្រាប ។

៨-​អភិជ្ឈា បៀតបៀន​ផលប្រយោជន៍ គឺ​សម្តែង​ចិត្ត​ឱ្យ​គេ​ឃើញ​ជា​មនុស្ស​ល្មោភ មនុស្ស​ប្រេត គិតតែ​ពី​ចង់​ប្រមូល​យក​ផលប្រយោជន៍​ឱ្យ​ខ្លួនឯង​ជា​និច្ច គិតតែ​ប្រយោជន៍​ខ្លួន ។

៩-​ព្យាបាទ បៀតបៀន​សន្តិសុខ​ដោយ​ការ​សម្តែង​ចិត្ត​ឱ្យ​គេ​ឃើញ​នូវ​ទឹកចិត្ត​ឃោរឃៅ ចងអាឃាត ព្យាបាទ ចង់ឱ្យ​តែ​គេ​វិនាស ។

១០-​មិច្ឆាទិដ្ឋិ បៀតបៀន​សទ្ធា ធ្វើ​ឱ្យ​ខូច​ជំនឿ​របស់​គេ​ដោយ​គ្មាន​ខ្លាចក្រែង​ចិត្ត ។

វត្ថុ​ទាំង​១០​ប្រការ​នេះ​គឺជា​ទ​ង្វើ​បៀតបៀន​ដែល​ជនពាល​តែង​ធ្វើ​។ ឯ​អវិហិង្សា ឬ​ការ​មិន​បៀតបៀន​ដែល​អ្នកដឹកនាំ​ត្រូវ​អនុវត្ត​នោះ មាន​ន័យ​ផ្ទុយ​ពី​ការ​បៀតបៀន​ទាំង​អស់នេះ ។