ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ជំរុញ​វិនិយោគិន​ក្នុងស្រុក​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​បន្ថែម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​លំនៅ​ឋាននៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​កើនឡើង​ដល់​ជិត​១​ម៉ឺន​ខ្នង​ក្នុង​១​ឆ្នាំ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​វិនិយោគិន​ក្នុងស្រុក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​លើ​ប្រភេទ​លំនៅ​ឋាន​តម្លៃ​សមរម្យ​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម ខណៈ​​បច្ចុប្បន្ន មាន​គម្រោង​តែ​២-៣​ប៉ុណ្ណោះ ដែល​កំពុង​អភិវឌ្ឍន៍​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ ជា​ពិសេស…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​លំនៅ​ឋាននៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​កើនឡើង​ដល់​ជិត​១​ម៉ឺន​ខ្នង​ក្នុង​១​ឆ្នាំ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​វិនិយោគិន​ក្នុងស្រុក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​លើ​ប្រភេទ​លំនៅ​ឋាន​តម្លៃ​សមរម្យ​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម ខណៈ​​បច្ចុប្បន្ន មាន​គម្រោង​តែ​២-៣​ប៉ុណ្ណោះ ដែល​កំពុង​អភិវឌ្ឍន៍​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ ជា​ពិសេស នៅ​រាជធានី​ភ្នំពេញ ។ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កាលពី​ពេល​ថ្មី​ៗ​នេះ លោក រស់ សីល​វ៉ា អនុ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ចាប់ផ្ដើម​គិតគូរ​ពី​គោលនយោបាយ​លំនៅ​ឋាន​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម រយៈ​ពេល​​ប្រមាណ​២-៣​ឆ្នាំ​មក​ហើយ និង​បាន​ស្វាគមន៍​ដល់​បណ្ដា​វិនិយោគិន​នានា ដើម្បី​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន​ស្នាក់​នៅ ។

លោក​បន្ត​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ជា​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​មួយ​ផង​ដែរ​នោះ នឹង​អនុវត្ត​នូវ​គម្រោង​មួយទៀត​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​លំនៅ​ឋាន​នេះ ដោយ​​នឹង​ប្រកាស​ឲ្យ​វិនិយោគិន​ក្នុងស្រុក​ដែល​មាន​ទុន វិនិយោគ​លំនៅ​ឋាន​តម្លៃ​សម​រម្យ គឺ​តម្លៃ​ចន្លោះ​ពី​១​ម៉ឺន​៥​ពាន់​ដុល្លារ ដល់​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល ចាប់ពី​២០០​ដុល្លារ ទៅ​៤០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ជា​ពិសេស សម្រួល​ដល់​មន្ត្រីរាជការ​បម្រើ​ការ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា ។ លោក​បន្ត​ថា ៖« ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នេះ គឺ​សំដៅ​រួមចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​ជា​ចន្ទល់​កំណើនសេដ្ឋកិច្ច ព្រមទាំង​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​សន្ដិសុខ​សង្គម និង​ជា​ឧបករណ៍​គោលនយោបាយ​សម្រាប់​គាំទ្រ​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ប្រទេស​រយៈពេល​វែង » ។បើ​តាម​លោក នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Founder Appraisal បាន​ឲ្យ​ដឹង​ថា វា​ជា​រឿង​ល្អ​សម្រាប់​រាជរដ្ឋាភិបាល​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​លំនៅ​ឋាន ហើយ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ គឺ​ត្រូវ​តែ​មាន​បន្ត​ទៀត ព្រោះ​បើ​មាន​តែ​ក្រុមហ៊ុន​១​ឬ​២​អភិវឌ្ឍន៍ និង​មានផ្ទះ​ត្រឹមតែ​២.០០០​ឬ​៣.០០០​ខ្នង​នោះ ប្រាកដជា​មិន​គ្រប់គ្រាន់​ទៅ​នឹង​កំណើន​តម្រូវការ​របស់​ពលរដ្ឋ​ទេ ។ រីឯលោក​ឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​​ក្រុមហ៊ុន WorldBridge ដែល​ជា​វិនិយោគិន​ដំបូង​បាន​គិតគូរ​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដល់​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ក៏​ដូច​ជា​មន្ត្រីរាជការ​បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​វត្តមាន​វិនិយោគិន​ផ្សេង​ទៀត​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​លើ​លំនៅ​ឋាន​តម្លៃ​សមរម្យ ។ លោក​និយាយ​ថា ៖« តម្រូវការ​ផ្ទះ​មាន​រហូត​ដល់​ជិត​១​ម៉ឺន​ខ្នង​ក្នុង​១​ឆ្នាំ ហើយ​ផ្ទះ​ដែល​ក្រុមហ៊ុន​យើង​កំពុង​អភិវឌ្ឍន៍​មាន​តែ​ជាង​២​ពាន់​ខ្នង ។ ដូចនេះ​នៅ​ខ្វះខាត​ច្រើន​ណាស់​សម្រាប់​បំពេញតម្រូវការ​ដែល​កំពុង​តែ​កើនឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​» ។

លោក ហ៊ុយ វ​ណ្ណា អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​នៅ​កម្ពុជា​មាន​តិចតួច​ប៉ុណ្ណោះ ដោយ​ភាគច្រើន​ពួក​គាត់​នៅ​តែ​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្រិត​មធ្យម​ឡើង​ដដែល​។ លោក​ថា ៖« ពួក​យើង​នៅ​តែ​មើលឃើញ​ថា តម្រូវការ​លំនៅ​ឋាន​កម្រិត​មធ្យម​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ច្រើន ព្រោះ​យើង​សង្កេត​ឃើញ​ថា ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​យើង ក៏​មាន​ខ្ពស់​ដែរ​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ពួក​គាត់​អាច​ទិញ​ផ្ទះ​នោះ​ដោយ​បង់​រំលស់​ប្រចាំខែ » ។ លោក​បន្ត​ថា សមាជិក​របស់​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា ក៏​ចង់​ងាក​មក​សាងសង់​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ​ដែរ ដើម្បី​ផ្គត់ផ្គង់​ទៅ​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ក៏​ដូច​ជា​ចូលរួម​ជាមួយ​រាជ​រដ្ឋា​ភិបាល ក៏​ប៉ុន្តែ​អ្វី​ជា​បញ្ហា​ប្រឈម​នោះ គឺ​ត្រង់​តម្លៃ​ដី​ឡើងថ្លៃ ដូចនេះ មិន​អាច​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ចំណេញ ឬ​រួចខ្លួន​ទេ ។ លោក​ថា ៖«​ពួក​យើង​នឹង​ងាក​មក​សង់​លំនៅ​ឋាន​នេះ​ផ្គត់ផ្គង់​តាម​អ្វី​ដែល​រដ្ឋាភិបាល​ចង់បាន ក៏​ប៉ុន្តែ​ពួក​យើង​សូម​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​សម្រួល​នូវ​ការ​ចំណាយ​នានា​ដល់​ពួក​យើង​ដូច​ជា ការ​ចំណាយ​ផ្លូវច្បាប់ និង​ពន្ធ​ផ្សេង​ៗ ជាដើម ដើម្បី​ឲ្យ​ការ​ចំណាយ​ថ្លៃដើម​របស់​ពួក​យើង​នៅ​សល់​ទាប​ដែរ » ។

ប្រធាន​អង្គភាព ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ថ្នាក់​កណ្តាល​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក សំ វ​ង្សី បាន​មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី​ការ​ដាក់​សំណើ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ នៅ​ថ្ងៃ​ទី​២០ មិថុនា ថា ដើម្បី​ជៀសវាង​ការ​រៀបចំ​ឯកសារ​គម្រោង​មិន​ត្រឹមត្រូវ និង​ជៀសវាង​ការ​ខាត​ពេលវេលា​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​រៀបចំ​ឯកសារ គឺ​ត្រូវ​បង្ហាញ​សមត្ថភាព​អ្នក​សំណើ​គម្រោង មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​អភិវឌ្ឍន៍ រួម​មាន ឯកសារ​ទស្សនទាន បញ្ជី​គម្រោង​សក្តានុពល គម្រោង​លម្អិត​លើ​ផ្នែក​បច្ចេកទេស និង​ព័ត៌មាន​លម្អិត​អំពី​គម្រោង មុន​នឹង​ចាប់ផ្តើម​សាងសង់​ឡើង ។ លោក​បន្ត​ថា ៖« ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ត្រូវ​តែ​ជា​នីតិបុគ្គល​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា និង​ត្រូវ​អនុញ្ញាត​សាងសង់​លំនៅ​ឋាន​យ៉ាងតិច​១០០​ឯក​តា​ឡើង ត្រូវ​មាន​ទីធ្លា និង​បរិស្ថាន​ល្អ​ត្រឹមត្រូវ មាន​ទីផ្សារ ឬ​មជ្ឈមណ្ឌល​ផ្សេង​ៗ»​។ លោក​បន្ថែម​ថា ៖« គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ ដែល​មាន​លំនៅ​ឋាន​ចាប់ពី​១០០​ឯក​តា ត្រូវ​មាន​ទីតាំង​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​រាជធានី​-​ក្រុង និង​ត្រូវ​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​១,៥​ម៉ឺន​ដុល្លារ​ទៅ​ដល់​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក » ។

លោក អ៊ុ​ង លុយ​ណា អនុប្រធាន​ប្រចាំការ​នៃ​ក្រុមការងារ​បច្ចេកទេស ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងផង​ដែរ​ថា គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ រាជ​រដ្ឋា​ភិបាល​ចង់​ឲ្យ​ប្រជាពលរដ្ឋ ដែល​ពុំ​ទាន់​មានផ្ទះ​សម្បែង​មាន​លំនៅ​ឋាន​មួយ​រស់នៅ​សម​រម្យ គឺ​ការ​ជំរុញ​បត់បែន​ទៅ​តាម​ជំហាន​រីក​ចម្រើន ក៏​ដូច​ជា​ការ​កាត់​បន្ថយ​សេវា​សាធា​រណៈ​ឲ្យ​កាន់តែ​ប្រសើរ ការ​កាត់​បន្ថយ​អសន្តិសុខ និង​ការ​ពង្រីក​វប្បធម៌ សាម​គ្គី​ធម៌​ឲ្យ​កាន់តែ​ទូលាយ​ផង​ដែរ ។ គួរ​បញ្ជាក់​ថា គោលនយោបាយ​លំនៅ​ឋាន​តម្លៃ​សមរម្យ​របស់​រាជរដ្ឋាភិបាល​នេះ ក្រសួង​សេដ្ឋកិច្ច​បាន​ប្រកាស​ថា សូម​ឲ្យ​អភិវឌ្ឍន៍​នៅ​តំបន់​ជាយក្រុង ដែល​អាច​មាន​ចម្ងាយ​ពី​ចំណុចកណ្ដាល​រាជធានី ចាប់ពី​២០​គីឡូម៉ែត្រ​ឡើង​ទៅ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ