ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កុមារីអភ័ព្វម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោធអាធ័ម ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅស្រះទឹកមួយដែលមានជំរៅជាង១ម៉េត្រ ស្ថិតក្នុងភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ ។
បើតាមលោកវរសេនីយ៍ត្រី យន់ ឆៃយាន បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ខូយ លីតា ភេទស្រី អាយុ១ឆ្នាំ មានឪពុកឈ្មោះ គា ខើយ អាយុ២២ឆ្នាំ និងម្ដាយឈ្មោះ អ៊ីវ ហើន អាយុ២១ឆ្នាំ។លោកបន្តថា ទាំងពីរនាក់ប្តីប្រពន្ធមានកូនតែម្នាក់គត់ ហើយបានផ្ញើកូនស្រីដែលជាជនរងគ្រោះឲ្យរស់នៅជាមួយនឹងជីដូនអាយុ៥៦ឆ្នាំក្នុងភូមិ-ឃុំកើតហេតុខាងលើ បន្ទាប់ពីផ្ញើកូនជាមួយម្តាយរួចក៏នាំគ្នាទៅធ្វើការងារនៅភ្នំពេញបាត់។ ហើយនៅថ្ងៃកើតបហេតុនោះ បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច ជីដូនបានលង់ខ្លួនដេកលក់មួយភាំងនៅក្រោមផ្ទះ លុះភ្ញាក់ដឹងខ្លួនឡើងបាត់ចៅ ក៏ដើររកស្រាប់តែឃើញដានជើងចៅចុះលេងទឹកស្រះនៅមុខផ្ទះ ក៏ចុះរាវរកប្រទះឃើញសពចៅស្រីបានលក់ទឹកស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុខាងលើនេះបណ្តាលមកពីជីដូនខ្វះការប្រុងប្រយ័ត្ន ទើបក្មេងចុះលេងទឹកស្រះនៅខាងមុខផ្ទះបាន បន្ទាប់ពីពិនិត្យសពក្មេងរងគ្រោះរួច ក៏ប្រគល់សពឱ្យជនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ