ក្នុងជំនួបប្រកួតអេស្ប៉ាញឈ្នះអ៊ីរ៉ង់១ទល់០កាលពីថ្ងៃពុធកន្លងទៅគេសង្កេតឃើញមានអ្នកគាំទ្រអ៊ីរ៉ង់ប្រុសស្រីជាច្រើននាក់បានមកគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួន នៅកីឡដ្ឋាន Kazan Arena ដែលវាជាលើកដំបូងហើយសម្រាប់ស្រ្តីអ៊ីរ៉ង់ត្រូវបានអនុញ្ញាតឱ្យមើលផ្ទាល់ក្នុងកីឡដ្ឋានបែបនេះ ។
យោងតាមគេហទំព័ររុស្ស៊ី RT បានឱ្យដឹងថា ស្រ្តីអ៊ីរ៉ង់ត្រូវបានហាមឃាត់ចូលកីឡដ្ឋានមើលការប្រកួតកីឡាផ្នែកបុរស អស់រយៈពេលជិត៤០ឆ្នាំមកហើយ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩មកម៉្លេះ ដែលសូម្បីតែមើលការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៅផ្ទះក៏មិនត្រូវបានអនុញ្ញាត បើទោះជាមានការរើបំរាស់ប្រឆាំងលើការរើសអើងបំបិទសិទ្ធិច្រើនលើកច្រើនសារក្តី ។ យ៉ាងណាមិញប្រភពដដែលនេះ ពុំមានបញ្ជាក់ពីហេតុផលណាមួយច្បាស់លាស់ទាក់ទិនទៅនឹងបំរាមខាងលើនោះទេ ។
ចំពោះវត្តមានស្រ្តីអ៊ីរ៉ង់មើលការប្រកួត World Cup ផ្ទាល់នៅកីឡដ្ឋានបែបនេះកើតឡើងបន្ទាប់ពីអភិបាលខេត្ត Tehran អនុញ្ញាតឱ្យពួកគេទស្សនាការផ្សាយបន្តផ្ទាល់នៅតាមទីសាធារណៈ ដើម្បីជាការគាំទ្រដល់ក្រុមជម្រើសជាតិពួកគេ ។ ទោះជាយ៉ាងណា ស្រ្តីអ៊ីរ៉ង់នៅតែជាប់បំរាមមើលការប្រកួតកីឡាផ្នែកបុរសយ៉ាងដាច់អហង្ការដដែល ហើយពួកគេនឹងត្រូវប្រឈមការចាប់ខ្លួន ពិន័យជាប្រាក់ ឬអាចជាប់ពន្ធនាគារទៀតផង ប្រសិនបើប្រធានាធិបតីអ៊ីរ៉ង់មិនដកបំរាមនេះចេញ ៕
ចែករំលែកព័តមាននេះ