ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ស្ថានទូត​តំណាង​កម្ពុជា​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២១​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា បាន​ឲ្យ​ដឹង​ថា មន្ត្រី​ស្ថានទូត​តំណាង​កម្ពុជា​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២១​នាក់ ពី​ប្រទេស​សិង្ហ​បូ​រី​ចំនួន​២​នាក់ ប្រទេស​ម៉ា​ឡេ​ស៊ី​ចំនួន​១២​នាក់…

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា បាន​ឲ្យ​ដឹង​ថា មន្ត្រី​ស្ថានទូត​តំណាង​កម្ពុជា​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២១​នាក់ ពី​ប្រទេស​សិង្ហ​បូ​រី​ចំនួន​២​នាក់ ប្រទេស​ម៉ា​ឡេ​ស៊ី​ចំនួន​១២​នាក់ និង​ពី​ក្រុង​សៀង​ហៃ​ប្រទេស​ចិន​ចំនួន​៧​នាក់ ហើយ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​មក​ដល់​ស្រុក​កំណើត​វិញ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។

១- ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហ​បូ​រី​បាន​ជួយ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពល​ការិនី​ខ្មែរ​ចំនួន​២​នាក់​មក​ពី​ខេត្តកំពង់ចាម និង​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ទៅ​បម្រើ​ការងារ​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​សិង្ហ​បូ​រី កាលពី​ខែមេសា និង​ខែឧសភា ឆ្នាំ​២០១៨ តែ​មិន​អាច​ទ្រាំទ្រ​ការងារ​លំបាក​នៅ​ទីនោះ​បាន និង​ដោយសារ​មានធុរៈ​ក្នុង​គ្រួសារ ។ ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​អាហារ​បរិភោគ​ព្រមទាំង​ជួយ​ទាមទារ​លិខិតឆ្លងដែន និង​សំបុត្រ​យន្តហោះ​ពី​ភ្នាក់ងារ​នាំ​ពលករ ហើយ​ពល​ការិនី​ទាំង​ពីរ​នាក់​បាន​មក​ដល់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​០៨ និង​ថ្ងៃ​ទី​២១ ខែ មិថុនា ឆ្នាំ​២០១៨ ។ ២- ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ា​ឡេ​ស៊ី​ដោះស្រាយ​បញ្ហា និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​១២​នាក់​មក​ពី​ខេត្តកណ្តាល កំពត កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះ​វិហារ និង​រាជធានី​ភ្នំពេញ ក្នុង​នោះ​ពលករ​មាន​ចំនួន​២​នាក់ និង​ពល​ការិនី​៧​នាក់​ដែល​បាន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​៣​នាក់​ជា​កុមារ (​កូន​របស់​ពល​-​ការិនី​ម្នាក់​) ។

ពលរដ្ឋ​ខ្មែរ​ទាំង​១២​នាក់​នោះ​បាន​មក​ដល់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​ចន្លោះ​ពី​ថ្ងៃ​ទី​០៣​ដល់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ។ ៣- ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ចិន​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ស្ត្រី​ខ្មែរ​ចំនួន​៧​នាក់​មក​ពី​ខេត្តកណ្តាល​កំពង់ចាម តាកែវ បាត់ដំបង​ពោធិ៍សាត់ ព្រៃវែង និង​ស្វាយ​រៀង​ដែល​ត្រូវ​បាន​មេខ្យល់​នាំ​ធ្វើ​ដំណើរ​ពី​កម្ពុជា​ទៅ​រៀប​ការ និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៨ ។ ស្ថាន​អគ្គ​កុងស៊ុល​បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​អាហារ​បរិភោគ និង​រៀបចំ​ឯកសារ​ធ្វើ​ដំណើរ​ដល់​ស្ត្រី​ខ្មែរ​ទាំង​៧​នាក់ ហើយ​ពួក​គេ​នឹង​មក​ដល់​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ៕

កែសម្រួលដោយ