រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សខ្មែរតែមួយលោក គុច លី បានអះអាងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិបានកំពុងធ្វើនយោបាយចាស់គំរឹល និងសងសឹងគ្នាទៅវិញទៅមក ។
លោក គុច លី អ្នកនាំពាក្យគណបក្សខ្មែរតែមួយបានឲ្យដឹងនៅថ្ងៃទី២២ មិថុនា ថាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី គឺជាអ្នកនយោបាយខ្មែរគំនិតចាស់គំរឹល និងធ្វើនយោបាយដោយគំនុំសងសឹកមិនគិតពីផលប្រយោជន៍ជាតិរួមទេ ។
លោកបញ្ជាក់ថា « គណបក្ស CPP បានដឹកនាំ និងកំពុងដឹកនាំប្រទេសកម្ពុជាពី ១៩៧៩~២០១៨ ដោយសារបក្សនេះមានឱកាស និងប្រើប្រាស់ឱកាស ដើម្បីគ្រប់គ្រងអំណាចរដ្ឋធំៗដូចជាតុលាការ រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ គ.ជ.ប និងកងកម្លាំងប្រដាប់អាវុធរបស់ជាតិ ដើម្បីប្រឆាំងទៅនឹងក្រុមពួកអ្នកដែលរិះគន់ និងអ្នកដែលមាននិន្នាការប្រឆាំងបក្សCPP» ។ ចំណែកអតីតគណបក្សសង្គ្រោះជាតិ (CNRP) បានដឹកនាំដោយលោក សម រង្ស៊ី ពី២០១២~២០១៧ គឺអាងអំណាចប្រជាពលរដ្ឋខ្មែរ ជាឱកាសនយោបាយសងសឹករបស់លោក សម រង្ស៊ី បានប្រើប្រាស់រូបភាពនយោបាយដោយអហិង្សាតាមរយៈសិទិ្ធសេរីបញ្ចេញមតិ បាតុកម្ម អាងអង្គការជាតិ និងអន្តរជាតិនានា ដើម្បីដាក់ញត្តិប្រឆាំងរដ្ឋាភិបាលទាំងក្នុង និង ក្រៅប្រទេស ។
លោកបានឲ្យដឹងទៀតថា មហិច្ឆតានៃនយោបាយសឹងសឹករវាងខ្មែរ និងខ្មែរបានបង្ហាញពីការបាត់បង់សាមគ្គីភាពការអភិវឌ្ឍ និងធ្វើឲ្យពួកបរទេសជិតខាងកេងចំណេញផលប្រយោជន៍ពីប្រទេសកម្ពុជាកាន់តែខ្លាំងពីមួយថ្ងៃទៅមួយ ។ វប្បធម៌នយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» បានបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី គឺបានបំបាក់ស្មារតីមនសិការស្នេហាជាតិពិតប្រាកដនៅជុំវិញខ្លួនលោកទាំងពីរជារៀងរាល់ថ្ងៃ ។ លោកគូសបញ្ជាក់ថា «ទោះបីលោកទាំងពីរមានអំណាចធំក្រៃលេងក៏មិនអាចប្រឆាំងទៅនឹងច្បាប់ធម្មជាតិបានទេ ។ ដូនតាបានផ្តាំថា ខ្មែរសាមគ្គឺគឺខ្មែររស់ ខ្មែរបែកបាក់គឺខ្មែរស្លាប់» ។
ទាក់ទិននឹងការលើកឡើងរបស់អ្នកនាំពាក្យគណបក្សខ្មែរតែមួយត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាធ្លាប់បានលើកឡើងថា គណបក្សកាន់អំណាច មិនយកខ្មែរណាជាសត្រូវនោះទេ ។ រាជរដ្ឋាភិបាលបានធ្វើទៅតាមច្បាប់របស់ប្រទេសធ្វើចំពោះអ្នកប្រព្រឹត្តិខុសនឹងច្បាប់ប្រទេស ។
លោក យ៉ែម បុញ្ញាឬទ្ធិ អតីតនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើថា សង្គមមួយដែលគឺជាសង្គមស្មើភាពគ្នាក្នុងការគោរពច្បាប់ ទាំងការគោរពផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកដោយមិនជេរប្រមាថមើលងាយ លាបពណ៌ញុះញង់ មួលបង្កាច់បំបែកបំបាក់ ដែលជាដើមចមនៃការនាំមកនូវកំហឹងគុំកួនឈានទៅដល់អំពើហិង្សាលែងចាត់ទុកគ្នាជាបងប្អូនក្នុងគ្រួសារខ្មែរដែលមានមាតាកម្ពុជាតែមួយ ។
លោកបញ្ជាក់ថា«សង្គមភាតរភាព គឺជាការចូលរួមរៀបចំសង្គមជឿនលឿនថ្លៃថ្នូរ អត់ធ្មត់ អត់ឱន យោគយល់ ក្នុងពហុគំនិត ពហុទស្សនៈ ពហុជំនឿ ដែលយើងយល់ថា គោលនយោបាយអាទិភាពក្នុងការរៀបចំរួមមាន យុត្តិធម៌ សង្គម (បំបាត់ពុករលួយ-អភិវឌ្ឍ ន៍សេដ្ឋកិច្ចគ្រួសារ…) វិស័យសុខាភិបាល វិស័យសិក្សាធិការ និងអប់រំ វិស័យការពារជាតិ និងសន្តិសុខសង្គម ។ល ៕
ចែករំលែកព័តមាននេះ