រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះ អាជីវករតាមផ្សារប្រពៃណីដូចជា ផ្សារអូរឫស្សី ផ្សារអូរឡាំពិក ផ្សារទួលទំពូង និងផ្សារច្បារអំពៅ ជាដើមនោះ បានបង្ហាញពីក្តីបារម្ភ ខណៈផ្សារទំនើបធំៗមកពីបរទេសបានចូលមកបង្កើត និងពង្រីកកាន់តែច្រើនក្នុងប្រទេសកម្ពុជា និងបានទាក់ទាញអតិថិជនអស់មួយចំនួនធំ ជាពិសេសអតិថិជនដែលជាយុវវ័យ និងអ្នកមានជីវភាពធូរធារ ។
បើតាមលោក ស្រួយ ឌីណា អាជីវករក្នុងផ្សារដើមគ បានឲ្យដឹងថា កាលពី៣ឆ្នាំមុន ការលក់ដូរនៅក្នុងផ្សារដើមគ ស្ទើរតែរកពេលទំនេរគ្មានទេ ហើយអតិថិជនចូលមករកទិញអីវ៉ាន់ និងប្រើសេវាកម្មផ្សេងៗក្នុងផ្សារណែនៗពេញផ្សារតែម្ដង ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ អតិថិជនដែលធ្លាប់ឃើញមុខកាលពីមុននោះ បានបាត់អស់ច្រើន ស្ទើរតែលើសពីពាក់កណ្ដាល ដោយពួកគេងាកទៅរកផ្សារទំនើបៗ ដែលមានម៉ាស៊ីនត្រជាក់ និងកន្លែងស្អាត ។ លោកថា ៖« ខ្ញុំជាអាជីវករលក់គ្រឿងអលង្ការនៅផ្សារដើមគ ។ កាលពីមុន ខ្ញុំរកពេលញ៉ាំបាយស្ទើរមិនបានផង ព្រោះមានទាំងអតិថិជនមករកធ្វើគ្រឿងអលង្ការ និងមានអតិថិជនខ្លះទៀតមកទិញពីខ្ញុំ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំទំនេរច្រើនជាងមុន ព្រោះបាត់អតិថិជនអស់ច្រើន ។ ខ្ញុំបានសង្កេតឃើញអាជីវករផ្សេងទៀតនៅក្នុងផ្សារនេះ ក៏បានត្អូញត្អែរខ្លាំងដែរពីការបាត់ប្រាក់ចំណូលប្រចាំថ្ងៃ ហើយអ្នកខ្លះស្ទើរតែរកប្រាក់បង់ថ្លៃតូបមិនបានផង » ។
លោកបន្តថា កាលពីមុន មានតែផ្សារប៉ុន្មានប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញ ជាលក្ខណៈផ្សារប្រពៃណី ហើយកាលនោះ អាជីវករតាមផ្សារទាំងនោះឃើញថា ពួកគាត់ពិតជាកាក់កបក្នុងការរកប្រាក់ចំណូល ក៏ប៉ុន្តែបច្ចុប្បន្ននេះ ក្រៅពីផ្សារទំនើបធំៗដែលបានបើកនៅក្រុងភ្នំពេញហើយនោះ នៅតាមតំបន់ជាយៗរាជធានី ក៏ដូចជានៅតំបន់ផ្សេងៗតាមខណ្ឌនីមួយៗ ក៏មានបង្កើតផ្សារតូចៗ ព្រមទាំងមានការលក់ដូរស្រដៀងនឹងផ្សារប្រពៃណីដូចជាផ្សារដើមគ ផ្សារទួលទំពូង ផ្សារអូរឫស្សី និងផ្សារអូឡាំពិកដែរ ដូចនេះហើយទើបធ្វើឲ្យបាត់អតិថិជនច្រើននៅតាមផ្សារទាំងនោះ ។
ចំណែកអាជីវករមួយរូបទៀតនៅផ្សារអូរឡាំពិក បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ អាជីវកម្មលក់រាយនៅផ្សារអូរឡាំពិក ពិតជាបានធ្លាក់ចុះមែន តែបើនិយាយពីអាជីវកម្មបោះដុំវិញ ហាក់នៅតែមានសកម្មភាពដដែល ។
លោកថា ៖« មានផ្សារទំនើបមួយចំនួននៅភ្នំពេញ ក៏បានយកទំនិញបោះដុំពីផ្សារអូរឡាំពិកទៅលក់បន្តដែរ ដូចនេះហើយការលក់បោះដុំនៅផ្សារអូរឡាំពិកនៅតែដដែល ចំណែកការលក់រាយហាក់ធ្លាក់បន្តិច ព្រោះមានយុវជនមួយចំនួនធំ គាត់ជឿជាក់លើផ្សារទំនើប ។ ម្យ៉ាងទៀត ផ្សារទំនើបគេមានកន្លែងកម្សាន្ត មានកន្លែងទទួលទានស្អាត មានចំណតត្រឹមត្រូវ ជាពិសេសមានម៉ាស៊ីនត្រជាក់មិនធ្វើឲ្យគេធុញទៀតផង » ។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិននៅកម្ពុជា ក៏បានឲ្យដឹងផងដែរថា ការប្រកបមុខរបរចិញ្ចឹមជីវិត មិនមែនជាការងាយស្រួលទេ ។ ប៉ុន្មានឆ្នាំកន្លងមកនេះ មានផ្សារទំនើបដែលវិនិយោគិនមកពីបរទេស ដូចជាផ្សារទំនើបអុីអនម៉ល ផ្សារម៉ាក្រូ បានបើកនៅភ្នំពេញជាបន្តបន្ទាប់ ហើយទាំងនេះសុទ្ធតែប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរដែលចូលមកផ្សារប្រពៃណី និងបានធ្វើឲ្យបាត់ចំណូលដល់អាជីវករលក់តាមផ្សារប្រពៃណីផងដែរ ។
អ្នកឧកញ៉ាបន្តថា ៖« យើងដឹងហើយថា ផ្សារប្រពៃណីយើងមានលក្ខណៈពិសេសខុសៗគ្នា ដូចជា ផ្សារធំថ្មី និងផ្សារទួលទំពូង ដែលជាផ្សារទទួលភ្ញៀវទេសចរបរទេស ហើយផ្សារអូរឫស្សី និងផ្សារអូឡាំពិក ជាផ្សារលក់ទំនិញបោះដុំ។ ចំណែកផ្សារចាស់ ផ្សារដេប៉ូ ផ្សារកណ្ដាល ផ្សារដើមគ និងផ្សារច្បារអំពៅ គឺជាផ្សារលក់រាយ លក់បន្លែ និងលក់ត្រីសាច់ ជាដើម ។ ដូចនេះ ដើម្បីទាក់ទាញអតិថិជនឲ្យត្រឡប់មករកផ្សារទាំងនេះវិញ យើងត្រូវការកែលម្អផ្សារទាំងនេះឲ្យមានគុណភាព បរិស្ថាន អនាម័យ និងតម្លៃ ទើបអាចរក្សាភាពប្រកួតប្រជែងជាមួយផ្សារទំនើបបាន » ។
ក្នុងនាមជាប្រធានសមាគមខ្មែរ-ចិននៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានប្រកាសស្វែងរកការសហការជាមួយបណ្ដាធនាគារ និងមីក្រូហិរញ្ញវត្ថុនានាក្នុងប្រទេស ដើម្បីផ្ដល់នូវឥណទានសម្រាប់អាជីវករនៅតាមផ្សារប្រពៃណី ដើម្បីពង្រីក និងកែលម្អតូបនៅតាមផ្សារដែលខ្លួនកំពុងធ្វើអាជីវកម្ម ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ផ្សារទំនើបធំៗមួយចំនួនទៀតបានចាប់ផ្ដើមបើក និងគ្រោងបើកដំណើរការមានដូចជា ផ្សារទំនើបAEON Mall2 ដែលបានបើកដំណើរការសាកល្បងកាលពីថ្ងៃទី២៩ ឧសភា កន្លងទៅ, ផ្សារទំនើបThe Bridge Commercial, ផ្សារទំនើប The Prince Central Plaza, និងផ្សារទំនើប Phnom Penh Mega Mall ជាដើម ៕
ចែករំលែកព័តមាននេះ