ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​​ចុះ​ផ្សាយ​គ្រួសារ​ក្រីក្រ​នេះ​ទទួលបាន​អំណោយ​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព​បាន​ផ្សាយ​ពី​ជីវិត ក្រីក្រ​លំបាក​របស់​លោកយាយ ហ៊ឹ​ម សៃ អាយុ​៦៦​ឆ្នាំ ដែល​កំពុង​ចិញ្ចឹម​ចៅ​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ពីរ​នាក់​មាន​អាយុ​៩ និង​១០​ឆ្នាំ…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព​បាន​ផ្សាយ​ពី​ជីវិត ក្រីក្រ​លំបាក​របស់​លោកយាយ ហ៊ឹ​ម សៃ អាយុ​៦៦​ឆ្នាំ ដែល​កំពុង​ចិញ្ចឹម​ចៅ​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ពីរ​នាក់​មាន​អាយុ​៩ និង​១០​ឆ្នាំ ចំណែក​ពីរ​នាក់​ទៀត ម្នាក់​អាយុ​២​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៨​ខែ​រួច​មក​ក៏​មាន​សប្បុរសជន​បាន​នាំ​អំណោយ​យក​ទៅ​ជូន​គ្រួសារ​ខាងលើ ជា​បន្តបន្ទាប់ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ លោក​ឧកញ៉ា កុយ សុវណ្ណ សមាជិក​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធានកិត្តិយស សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​សាខា​ខេត្តកំពង់ឆ្នាំង និង​សហការី​ព្រមទាំង​អាជ្ញាធរ​ភូមិ​ឃុំ​ផង​បាន​នាំ​អំណោយ​ទៅ​ជូន​គ្រួសារ​ខាងលើ​ដល់​កន្លែង​រស់នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​ខ្លែង​ព័រ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ។

នៅ​ក្នុង​ឱកាស​ផ្តល់​ជូនអំណោយ​ខាងលើ​នោះ​លោក​ឧកញ៉ា កុយ សុវណ្ណ បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព​កន្លង​ថ្មី​ៗ ខ្ញុំ​មាន​សេចក្តី​តក់ស្លុត និង​អាណិតអាសូរ​បំផុត​ចំពោះ​ក្មួយ​ៗ​មិន​បាន​ទៅ​រៀនសូត្រ និង​ក្មួយ​តូច​ៗ​ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​បោះបង់​ចោល ដោយ​ទៅ​ធ្វើការ​ជា​ពលករ​ដោយ​ខុសច្បាប់ ។ ថ្ងៃនេះ ក្នុង​នាម​ក្រុមការងារ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​បាន​រៃ​ប្រាក់​គ្នា​ទិញ​សម្ភារ និង​គ្រឿង​បរិក្ខា មាន​អង្ករ មី ត្រីខ ទឹក​សុទ្ធ ប្រេងឆា ប៊ី​ចេ​ង ស្ករ អំបិល ទឹកត្រី ត្រី​ស៊ី​អ៊ី​វ សម្លៀក​បំពាក់​សិស្ស ស្បែកជើង និង​កង់​១​គ្រឿង គិត​ជា​ទឹកប្រាក់​ចំនួន​៨០​ម៉ឺន​រៀល និង​ជូន​សូម​បន្ថែម ចំនួន​៤០​ម៉ឺន​រៀល​ទៀត ទុក​ជូន​លោកយាយ ហ៊ឹ​ម សៃ សម្រាប់​ការ​ខ្វះខាត ទិញ​ម្ហូបអាហារ​ចិ​ញ្ជឹ​ម​ចៅ​ថ្ងៃក្រោយ ។ ជាមួយ​គ្នា​នេះ​រូប​លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ភូមិ ឃុំ និង​មន្ត្រី​សុរិយោដី​ស្រុក​- ខេត្ត សូម​មេត្តា​ជួយ​រក​ដី និង​រក​ឈើ​សម្រាប់​ធ្វើ​ផ្ទះ ចំណែក​ខាង​ឯកឧត្តម នឹង​ជួយ​ឧបត្ថម្ភ​ស័ង្កសី​សម្រាប់​ប្រក់ផ្ទះ ដើម្បី​ឲ្យ​គ្រួសារ​នេះ​រស់នៅ​បាន​សមរម្យ​ដូច​គេឯង​ដែរ ។

ក្នុង​ឱកាស​នោះ​លោកយាយ ហ៊ឹ​ម សៃ អាយុ​៦៦​ឆ្នាំ រួម​នឹង​ចៅស្រី​បាន​ថ្លែងអំណរគុណ​ជា​អណេក​ចំពោះ សប្បុរសជន ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ និង​សូម​គោរព​ជូនពរ​ដល់ សប្បុរសជន​ទាំងអស់ សូម​ជួប​ប្រទះ​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​កុំបី​ឃ្លាងឃ្លាត​ឡើយ ។ ជាមួយ​គ្នា​នោះ​ដែរ លោកស្រី ថោ​ង ហុង មេឃុំ​ព្រៃ​មូល​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​លោក​មេ​ភូមិ និង​អាជ្ញារ​ឃុំ​បាន​ឯកភាព​គ្នា និង​បាន​កំណត់​ទីតាំង​ដី​សម្រាប់​សាងសង់​ផ្ទះ​ឲ្យ​គ្រួសារ​នេះ​រស់នៅ​បាន​ហើយ គឺ​ជិត​សាលារៀន​សម្រាប់​ឲ្យ​ក្មួយ​ៗ​បាន​ទៅ​រៀន​ងាយស្រួល និង​បាន​ត្រៀម​ឲ្យ​មន្ត្រី​សុរិយោដី​វាស់ដី​ជូន​គាត់​ហើយ គឺ​ជាប់​របង​សាលា​បឋម​សិក្សា​ខ្លែង​ព័រ​តែ​ម្តង ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​លោក​ឧកញ៉ា កុយ សុវណ្ណ បាន​ប្រគេន​ចៅអធិការ​វត្ត ខ្លែង​ព​រ័ ចំនួន​៤០​ម៉ឺន និង​ជួយ​គ្រួសារ​ក្រីក្រ​១​គ្រួសារ​ទៀត មាន​ប្តី​ឈ្មោះ ញ៉េ​ប អឿ​ន អាយុ​៦៨​ឆ្នាំ មាន​ជំងឺ​ដើរ​មិន​រួច​យូរ​ឆ្នាំ​ហើយ និង​ប្រពន្ធ​ឈ្មោះ ចាន់ ហឿ​ន អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ក៏​បាន​ទទួល​អំណោយ​ដូច​គ្រួសារ​កុមារ​កំព្រា​ខាងលើ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ