អាមេរិកចង់ឱ្យ Google ​ពិចារណាសហការជាមួយក្រុមហ៊ុនយក្សមួយនេះ


រដ្ឋធានីវ៉ាស៊ីនតោន​ ៖​​ កាលពី​ថ្ងៃ​ពុធ ក្រុម​​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន ​Google ដែល​នៅ​ក្រោម​Alphabet Inc ​ពិចារណា​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​​ហ៊ុន Huawei Technologies Co, Ltd. មក​ពី​ប្រទេស​ចិន​ឡើង​វិញ ព្រោះតែ​មាន​បញ្ហា​ផ្នែក​​សន្តិសុខ ។

ពួក​គេ​បាន​និយាយ​នៅ​ក្នុង​សំបុត្រ​មួយ​ដែល​​បាន​ផ្ញើ​​ឲ្យ​​លោកនាយក​ប្រតិ​បត្តិ Sundar Pichai របស់​Google ថា នា​ពេល​ថ្មី​ៗ​នេះ Google បាន​សម្រេច​ថា នឹង​មិន​បន្ត​គម្រោង Project Maven ដែល​ជា​គម្រោង​សហប្រតិបត្តិការ​លើ​ការ​ស្រាវជ្រាវ​ពី Artificial Intelligence ជាមួយ​ក្រសួងការពារជាតិ​អា​មេ​រិ​កទៀត​ទេ ។

ពួក​គេ​បាន​សរសេរ​ថា​ ៖​« ​ខណៈ​ពួក​យើង​​សោក​ស្តាយ​ដែល Google មិន​ចង់​បន្ត​កិច្ច​​សហ​ប្រតិបត្តិការ​ដ៏​យូរ​អង្វែង និង​មាន​ភាព​​ជោគ​ជ័យ​រវាង​កង​យោធា និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា ពួក​យើង​កាន់តែ​ខកបំណង​ទៅ​ទៀត ដែល Google ហាក់​ចាប់អារម្មណ៍​លើ​ការ​គាំទ្រ​គណបក្ស​កុំម្មុយនីស្ត​ចិន ​ច្រើន​ជាង​យោធា​អាមេ​រិ​ក​ » ។​​

សំបុត្រ​នេះ​មាន​ហត្ថលេខា​សមាជិក​ព្រឹទ្ធសភា លោក Tom Cotton និង​លោក Marco Rubio, អ្នកតំណាង​គណបក្ស​សាធារណរដ្ឋ លោក Michael Conaway និង​អ្នក​នាង Liz Chaney ព្រមទាំង​អ្នកតំណាង​គណបក្ស​ប្រជាធិបតេយ្យ លោក Dutch Ruppersberger ផង​​ដែរ ។

សំបុត្រ​នេះ​ គឺជា​ករណី​ថ្មី​ជាងគេ​ក្នុង​ចំណោម​ការ​​ខិតខំ​ប្រឹង​ប្រែង​ជា​ច្រើន​របស់​សមាជិក​សភា​​អា​មេ​រិ​ក ​ក្នុង​ការ​ដាក់​គោលដៅ​លើ​ក្រុមហ៊ុន Huawei និង ZTE Corp​ ។ ពួក​គេ​បាន​ស្នើ​ច្បាប់​ដែល​អាច​ហាមឃាត់​ភ្នាក់ងារ​​រដ្ឋាភិបាល​ ក្នុង​ការ​ប្រើប្រាស់​ផលិតផល​របស់​​ក្រុម​ហ៊ុន​ទាំង​ពីរ​ថែម​ទៀត និង​ព្យាយាម​រារាំង​កិច្ចព្រមព្រៀង​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់​ ត្រាំ ក្នុង​ការ​​បញ្ចប់​ការ​ហាមឃាត់​លើ ZTE ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ