Apple អាចនឹងមានហានិភ័យខ្ពស់ជាងគេ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ប្រសិនបើភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បន្តកើនឡើង ។ កាលពីល្ងាចថ្ងៃចន្ទកន្លងមកនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមថា នឹងដាក់ពន្ធបន្ថែមលើផលិតផលចិនប្រមាណ២០០ប៊ីលានដុល្លារ ។ ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិនបានសន្យាថា នឹងដាក់ពន្ធវិញ ប្រសិនបើសហរដ្ឋអាមេរិកអនុម័តពន្ធនេះ ។
ការគំរាមកំហែងនេះកើតមានឡើង បន្ទាប់ពីការប្រកាសកាលពីថ្ងៃសុក្រថា នឹងដាក់ពន្ធ ២៥%លើផលិតផលចិន ស្មើនឹងទឹកប្រាក់ប្រមាណ៥០ប៊ីលានដុល្លារ ។ កាលពីឆ្នាំហិរញ្ញវត្ថុមុន ២០%នៃប្រាក់ចំណូលរបស់ Apple គឺបានមកពីប្រទេសចិន ដែលស្មើនឹង៤៤,៧ប៊ីលានដុល្លារ ។ យោងតាមទិន្នន័យពី IDC ឲ្យដឹងថា កាលពីឆ្នាំ២០១៧ ក្រុមហ៊ុននេះបានលក់ iPhone ប្រមាណ៤១លានគ្រឿងនៅប្រទេសចិន និងជាក្រុមហ៊ុនទូរស័ព្ទធំជាងគេលេខ៥ ក្នុងទីផ្សារចិនផងដែរ ។
លើសពីនេះ Apple មានហាងប្រមាណ៤០កន្លែងនៅប្រទេសចិន និងមានដំណើរការសេវាកម្មផ្សេងៗដូចជា App Store និង Apple Music ក្នុងប្រទេសចិន ។ ផ្នែកផ្តល់សេវាកម្មកំពុងតែក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងអាជីវកម្មរបស់ Apple ព្រោះតែទីផ្សារស្មាតហ្វូនអន់ថយ ។ Apple ក៏បានពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុនផ្គត់ផ្គង់នៅអាស៊ីផងដែរ ។ iPhone របស់ពួកគេបានផ្គុំក្នុងប្រទេសចិន ដោយក្រុមហ៊ុនតៃវ៉ាន់ Foxconn ។
បើទោះជាមានសេចក្តីរាយការណ៍ថា លោកត្រាំ បានធានាដល់លោក Tim Cook ជានាយកប្រតិបត្តិរបស់ Apple ថា iPhone ដែលបានផ្គុំនៅប្រទេសចិន នឹងមិនរងពន្ធពីសហរដ្ឋអាមេរិកក្តី ប៉ុន្តែចិននៅតែអាចដាក់សម្ពាធលើក្រុមហ៊ុនផ្គត់ផ្គង់ឲ្យ Apple ដែលអាចបង្កជាការពន្យារពេល ឬមានបញ្ហាផ្សេងៗដល់ផលិតផល Apple ជាដើម ។
ប្រទេសចិនក៏អាចហាមឃាត់ការប្រើប្រាស់សេវាកម្មរបស់ Apple ផងដែរ ដែលធ្លាប់កើតមានឡើងកាលពីឆ្នាំ២០១៦ ជាពេលចិនបញ្ឈប់ការប្រើប្រាស់ iBook Store និង iTunes Movies ក្នុងប្រទេសរបស់ខ្លួន ។
លោក Neil Campling ប្រធាន Mirabaud Securities បាននិយាយថា ទំនិញស្តុករបស់ Apple កាលពីត្រីមាសទី៤ឆ្នាំមុន ស្មើតែ៤,៤ប៊ីលានដុល្លារប៉ុណ្ណោះ ប៉ុន្តែវាបានកើនឡើងដល់៧,៦ប៊ីលានដុល្លារកាលពីត្រីមាសទី១ ឆ្នាំនេះ ។ លោកកត់សម្គាល់ថា ៖« វាជាសញ្ញាបង្ហាញថា Apple បានប្រមូលគ្រឿងទូរស័ព្ទទុកសម្រាប់ពេលមានការរអាក់រអួល និងបង្ហាញថាក្រុមហ៊ុននេះកំពុងតែព្រួយបារម្ភ » ៕
ចែករំលែកព័តមាននេះ