ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ចាប់ពី​ឆ្នាំ​២០១៩​ទៅ ​ប្រាក់ខែ​មន្ត្រីរាជការ​មិន​តិច​ជាង១​លាន​រៀល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ចាប់ពី​ឆ្នាំ​២០១៩​ទៅប្រាក់ខែ​មន្ត្រីរាជការ​មិន​តិច​ជាង​១​លាន​រៀលឡើយ ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​ធ្វើការ​កំណែទម្រង់​ទាំង​ថ្នាក់​ក្រោម និង​ថ្នាក់លើ ទាក់ទង​ទៅ​នឹង​បញ្ហា​សំខាន់​ៗ…

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ចាប់ពី​ឆ្នាំ​២០១៩​ទៅប្រាក់ខែ​មន្ត្រីរាជការ​មិន​តិច​ជាង​១​លាន​រៀលឡើយ ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ខិតខំ​ធ្វើការ​កំណែទម្រង់​ទាំង​ថ្នាក់​ក្រោម និង​ថ្នាក់លើ ទាក់ទង​ទៅ​នឹង​បញ្ហា​សំខាន់​ៗ ។ ក្រោយ​ពី​បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ជួបសំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៣.១៦៧​នាក់​ផង​ដែរ ។

យោង​តាម​បណ្តាញ​សង្គម សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​លើ​ការ​ធ្វើ​កំណែទម្រង់​បញ្ហា​សំខាន់​ជា​ច្រើន ដើម្បី​ឱ្យ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​កាន់តែ​សុខ​ស្រួល និង​មាន​ជីវភាព​ល្អ​ប្រសើរ ដូច​ជា​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ជា​បន្តបន្ទាប់ ។ សម្តេច​បញ្ជាក់​ថា «​ចាប់ពី​ឆ្នាំ​២០១៩​ទៅ​ប្រាក់ខែ​មន្ត្រីរាជការ​មិន​តិច​ជាង​១​លាន​រៀល​នោះ​ទេ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ រាជរ​ដ្ឋាភិ​បាល​ក៏​បាន​ខិតខំ​ធ្វើ​កំណែទម្រង់​ទាំង​ថ្នាក់​ក្រោម​និង​ថ្នាក់លើ ទាក់ទង​ទៅ​នឹង​បញ្ហា​សំខាន់​ៗមួយ​ចំនួន​ទៀត​ដូច​ជា ប្រព័ន្ធ​ហិញ្ញ​វត្ថុ កំណែទម្រង់សេវា​សាធារណៈ និង​កំណែទម្រង់​លើ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​» ។ លើស​ពី​នេះ​ទៀត សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់ ចំពោះ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​កន្លង​មក​តែងតែ​គោរព​ស្រឡាញ់​សម្តេច និង​តែងតែ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​រហូត​មក ។ សម្តេច​តេ​ជោ ក៏​បាន​ជូនពរ​ដល់​សមាជិក សមាជិកា​បក្ស​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​ៗ​គ្នា ដើម្បី​ធានា​នូវ​សន្តិភាព និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ ។ សូម​បងប្អូន​បន្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា សមិទ្ធផល​នានា​ដែល​ត្រូវ​បាន​សម្ពោធ​ឱ្យ​ប្រើប្រាស់​នា​ពេល​នោះ​រួម​មាន​អគារ​បញ្ជាការដ្ឋាន​អង្គរក្ស អគារ​ការិយាល័យ​ទទួលភ្ញៀវ សម្រាប់​ការ​ស្នាក់​នៅ បំពេញការងារ​របស់​នាយទាហាន នាយទាហានរង ពល​ទាហានរួម​នឹង​មធ្យោបាយ​សម្ភារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដោយ​ចំណាយ​ទឹកប្រាក់​ជាង​៤​លាន​ដុល្លា​អា​មេ​រិ​ក ដែល​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស សម្រាប់​បំពេញបេសកកម្ម​ការពារ​ជាតិ ការពារ​ប្រមុខ​ដឹកនាំ សុខ​សន្តិភាព​នៅ​ក្នុង​សង្គម ។ ទីតាំង​អគារ​បញ្ជាការដ្ឋាន​អង្គរក្ស​នេះ ជា​អតីត​តំបន់​បឹង​ដែល​ប្រឈម​នឹង​ការ​បាក់​ស្រុត ដូច្នេះ​ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​នរ៉ា​នី ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យធ្វើ​ការ​សាងសង់​ទីតាំង​នេះ​ឡើង​វិញ ដើម្បី​បំពេញតម្រូវការ​តាមសំណូមពរ​របស់​បងប្អូន​កងកម្លាំង​នៅ​ក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស ដើម្បី​ទទួល​បាន​អគារ​ស្នាក់​នៅ និង​ការិយាល័យ​ធ្វើការ បាន​ល្អ​ប្រសើរ ព្រមទាំងមាន​សម្ភារ​យោធា​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​បេស​កកម្ម​ការពារ​ជាតិ​មាតុភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ