ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​នេះ​ពិតជា​អស្ចារ្យ​ធ្វើ​ឲ្យ​គ្រួសារ​គាត់​មានបាន​រហូត​មក(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ឈ្មោះ អឿ​ន សល់ អាយុ​៣៨​ឆ្នាំ មាន​ប្តី​ឈ្មោះ ទឺង ចិន អាយុ​៤០​ឆ្នាំ…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ឈ្មោះ អឿ​ន សល់ អាយុ​៣៨​ឆ្នាំ មាន​ប្តី​ឈ្មោះ ទឺង ចិន អាយុ​៤០​ឆ្នាំ មានកូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់ កូនប្រុស​២​នាក់ ស្រី​ម្នាក់ រស់នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​បណ្តុះ​ផ្សិត​លក់​អស់​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ហើយ ឃើញ​ថា លទ្ធផល​ជីវភាព​របស់​ពួក​គាត់​ទៅ​មុខ​យ៉ាង​រលូន ។ ក្នុង​១​ថ្ងៃ​ៗ បើ​ផ្សិត​អត់​សូវ​មាន​ដុះ​សោះ​ក៏​អាច​រក​ប្រាក់​ចំណូល​បាន​៥ ទៅ​៦​ម៉ឺន​រៀល​ដែរ តែបើ​មាន​ដុះ​ច្រើន​វិញ​ក្នុង​១​ថ្ងៃ​ៗ អាច​រក​ចំណូល​បាន​១៥​ទៅ​២០​ម៉ឺន និង​លើស​នេះ​ផង​ដែរ ។


បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ឈ្មោះ អឿ​ន សល់ បានឱ្យ​ដឹង​ថា កាលពី​ដំបូង​ឡើយ​គាត់​បាន​ធ្វើ​លិខិតឆ្លងដែន​ទៅ​ធ្វើការ​ស៊ីឈ្នួល​ជា​កម្មករ​មើលថែ​ផ្សិត​ឱ្យ​គេ នៅ​ក្នុង​ខេត្ត​ច័ន្ទ​បូ​រី ប្រទេស​ថៃ ដោយ​ស្នាក់​នៅ​ធ្វើការ​យូរ​ៗ​ទៅ​ក៏​ចាប់អារម្មណ៍​នឹង​របរ​បណ្តុះ​ផ្សិត​លក់​ទើប​សុំ​រៀនសូត្រ​ពី​ថៅកែ​ថៃ​ម្នាក់​នោះ ។ គាត់​បន្ត​ទៀត​ថា ការ​រៀន​នេះ​បាន​ត្រឹមតែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ថៅកែ​តម្រូវ​ឱ្យ​បង់ថ្លៃ​ចំនួន​៤​ម៉ឺន​បាត (​ប្រាក់​ថៃ​) ជាង​៤​លាន​រៀល ។ បន្ទាប់​ពី​ចេះ​ដឹង​នូវរ​បៀ​ផ្សំ​គ្រឿង និង​វិធី​បណ្តុះ​ផ្សិត​រួចរាល់ គាត់​ក៏​ធ្វើ​ដំណើរ​ត្រឡប់​មក​ខេត្ត​ប៉ៃលិន​វិញ ហើយ​ចាប់ផ្តើម​ធ្វើ​ភ្លាម​ៗ​តែ​ម្តង ។

ដោយ​មុន​ដំបូង​គាត់​ចាប់ផ្តើម​យក​គ្រឿងផ្សំ​មាន​កន្ទក់ ម្សៅដំណើប កំបោរ​ស​ហូប​ម្លូ រួច​យក​ទៅ​លាយ​ជាមួយ​ស្នូលពោត ដុត​ភ្លើង​ចំហុយ​រយៈពេល​៥​ម៉ោង ដោយ​ទុក​រយៈពេល​២​យប់​ទើប​ច្រក​ក្នុង​ថង់​ដាក់​ព្យួរ​តែ​ម្តង ។ គាត់​ចាប់ផ្តើម​សាកល្បង​មុនគេ​ធ្វើ​ត្រឹមតែ​១០០​ទៅ​២០០​កញ្ចប់​ប៉ុណ្ណោះ លុះ​សង្កេត​ឃើញ​ថា លទ្ធផល​ផ្សិត​ដុះ​បាន​ល្អ​ក៏​បណ្តុះ​បន្ថែម​ទៀត​រហូត​ដល់​៤០០០​ថង់ ។ លុះដល់​១​ឆ្នាំ​២​ឆ្នាំ បន្ទាប់​មក​មាន​គេ​កុម្ម៉ង់​ទិញ​ទៅ​បណ្តុះ​លក់​នៅ​ខេត្តកំពត​៥០០០​ថង់ លុះ​មាន​អ្នកដឹង​ពី​ផ្សិត​ល្អ រហូត​មក​ដល់​ពេល​នេះ​គេ​កុម្ម៉ង់​ឱ្យធ្វើ​ប្រហែល​១០០០០​ទៅ​២០០០០​កញ្ចប់​ទៀត ដើម្បី​យក​ទៅ​បណ្តុះ​លក់​នៅ​ទីនោះ ។
គាត់​បន្ថែម​ថា ទោះបីជា​មាន​គេ​បណ្តុះ​ផ្សិត​ច្រើន​យ៉ាងណា​ក៏​ដោយ​ក៏​គាត់​មិន​ភ័យ​បារម្ភ​ក្រែង អស់​ម៉ូយ​នោះ​ដែរ ព្រោះ​រាល់ថ្ងៃ​ផ្សិត​ត្រូវ​បាន​គេ​លើកយក​ទៅ​លក់​នៅ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​នៅ​តាម​កាស៊ីណូ​ព្រំដែន​កម្ពុជា​ថៃ​ថែម​ទៀត ។


បច្ចុប្បន្ន​កូនស្រី​ច្បង​របស់​គាត់​រៀន​ថ្នាក់​ទី​១២ និង​ថ្នាក់​ទី​១០ និង​កូនប្រុស​ពៅ​ទើបតែ​ថ្នាក់​ទី​៣ ហើយ​តាម​រយៈ​ការ​បណ្តុះ​ផ្សិត​លក់​នេះ គាត់​សន្យា​ថា នឹង​ឱ្យ​កូន​រៀនសូត្រ​ឱ្យ​បាន​ខ្ពង់ខ្ពស់ មានការ​ងារ​ធ្វើ​មិន​ឱ្យ​ល្ងង់​ដូច​ឪពុក​ម្តាយ​នោះ​ឡើយ ។ រីឯ​ប្រាក់​ចំណូល​ក្នុង​១​ថ្ងៃ​ៗ​គាត់​បេះ​ផ្សិត​បាន​ចាប់ពី​១០​ទៅ​២០​គីឡូក្រាម ដោយ​១​គីឡូ​លក់​បាន​ប្រាក់​៥០០០​រៀល ហើយ​នៅ​រដូវប្រាំង​វិញ ផ្សិត​១​គីឡូក្រាម អាច​លក់​បាន​រហូត​ដល់​ទៅ​៧០០០​រៀល ពេល​យក​ទៅ​ឱ្យ​ម៉ូយ​ក្នុង​ផ្សារ គឺ​គេ​ដណ្តើម​គ្នា​ទិញ​តែ​ម្តង ។

គាត់​បញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ​ផ្សិត​ទាំងនោះ​បាន​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​គាត់​ជា​ហូរហែ ដោយ​មិន​ខ្វះ​មុខ ខ្វះ​ក្រោយ​ដូច​កាលពីមុន​ឡើយ ។
ចំណែក​ប្អូន​របស់​គាត់​ឈ្មោះ ច​ន ចាន់​ស្រី​ពៅ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ក៏​បណ្តុះ​ផ្សិត​ក្បែរ​គាត់​ដែរ ដោយ​បាន​ជាង​៥០០០​កញ្ចប់ ប្រមូល​ផល​ក្នុង​១​ថ្ងៃ​ៗ ចាប់ពី​១៥​ទៅ​២០​គីឡូក្រាម និង​យក​ទៅ​លក់​ឱ្យ​អ្នកផ្សារ​ដូច​គ្នា​ដែរ ។ គាត់​រំលឹក​ថា តាំងពី​ចេះ​បណ្តុះ​ផ្សិត​លក់​មក​មិន​ធ្លាប់​ឃើញ​មាន​មេរោគ ឬ​ដង្កូវ​ស៊ី​ផ្សិត​នោះ​ឡើយ ដោយ​បន្ទាប់​ពី​ដក​ផ្សិត​រួច គាត់​តែងតែ​ឆ្កឹះ​ឫស​ជាប់​នឹង​ថង់​ចេញ ដើម្បី​កុំឱ្យ​មាន​រុយ​ពង​ដាក់ អាច​ក្លាយទៅជា​ដង្កូវ លុះ​ពេល​ផ្សិត​ដុះ​មក​វា​ស៊ី​ខូច​អស់ ។ ហើយ​កាលពី​ដំបូង​គាត់​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ដោយ​មាន​ប្រាក់​ជាប់​នឹង​ខ្លួន​ត្រឹមតែ​ជាង​២​លាន​រៀល​ប៉ុណ្ណោះ ក្រែង​លក់​មិន​ដាច់ អត់​មាន​ម៉ូយ លុះ​យូរ​ៗ​ទៅ​ស្គាល់​គេឯង ក្លាយទៅជា​ម៉ូយ ក៏​យក​ទៅ​បោះ​ឱ្យ​នៅ​ក្នុង​ផ្សារ រួច​គេ​លើកយក​ទៅ​លក់​នៅ​តាម​ទីផ្សារ​ផ្សេង​ៗ ជា​ច្រើន​ទៀត ។


លើស​ពី​នេះ​នៅ​ថ្ងៃ​អនាគត​គាត់​នឹង​ពង្រីក​ការ​បណ្តុះ​ផ្សិត​នេះ​បន្ថែម​ទៀត បើសិនជា​កូនប្រុស​កូនស្រី​របស់​គាត់​អត់​មានការ​ងារ​អី​ផ្សេង​ទេ គាត់​នឹង​បង្រៀន​ឱ្យ​ពួក​គេ​ឱ្យ​ចេះ​បណ្តុះ​ផ្សិត​លក់ ក៏​បាន​ប្រាក់​សម្រាប់​ជីវភាព​គ្រួសារ​របស់​ពួក​គេ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ