រាជធានីភ្នំពេញ ៖ បុរសម្នាក់មានអាការមិនស្រួលខ្លួនចូលផ្ទះកោសជប់ម៉ាស្សាមួយកន្លែង ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ហើយត្រួវពួកនាងបន្លំលួចអស់៤០០ដុល្លារ រួចដាក់លុយខ្មោច៣០០ដុល្លារជំនួសវិញ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីបុរសនោះស្រែកឆោឡោរត់ទៅប្តឹងប៉ូលិសគោលដៅស្តុបណតប្រីដឲ្យជួយអន្តរាគមន៍ក្នុងខណ្ឌសែនសុខ ។
បុរសខាងលើឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនមិនស្រួលខ្លួនចូលទៅផ្ទះម៉ាស្សានៅចំណុចខាងលើរួចរាល់ ហើយស្រាប់តែបាត់លុយអស់៤០០ដុល្លារ ក្នុងចំនួនលុយសរុប៤៥០ដុល្លារ ហើយប្តូរដាក់លុយក្រដាសសែនខ្មោច៣សន្លឹក៣០០ដុល្លារឲ្យវិញ ។ បន្ទាប់ពីបាត់លុយគាត់បានសួរនាំពួកនាងៗមិនដឹង ទើបរត់ទៅប្តឹងនគរបាលគោលដៅស្តុបណតប្រីដកែងផ្លូវ២០០៤ ស្ថិតនៅភូមិទ្រុងមាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឲ្យជួយអន្តរាគមន៍ តែសាកសួរទៅកន្លែងកើតហេតុក្នុងទឹកដីខាងសង្កាត់ស្ទឹងមានជ័យ៣ ។
នៅព្រឹកនោះខ្លាចមានរឿងនៅកន្លែងម៉ាស្សាទើបក្រុមស្ត្រីដៃស្អិតប្រគល់លុយគ្រប់ចំនួនឲ្យជនរងគ្រោះវិញ ដើម្បីបញ្ចប់រឿងតែម្តង ។ រឿងចូលកោសខ្យល់ និងម៉ាស្សាពួកនាងៗលួចលុយបានកើតឡើងរាប់មិនអស់ខ្លះ ប្តឹងប៉ុស្តិ៍បានវិញ និងខ្លះទៀតមិនបានប្រាក់វិញ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ។
សូមបងប្អូនមានការប្រុងប្រយ័ត្ននៅពេលចូលកោសជប់ និងម៉ាស្សាផង ។ ម្យ៉ាងទៀតអាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការណែនាំធ្វើកិច្ចសន្យា បើមានរឿងលួចលុយភ្ញៀវត្រូវបិទតែម្តង ។ គួបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញមានហាងកោសជប់ ម៉ាស្សារាប់មិនអស់ ខ្លះអត់ច្បាប់ និងខ្លះទៀតបានលួចលាក់បម្រើ សេវាកម្មផ្លូវភេទ គ្រាន់យកកោសជប់ ម៉ាស្សាបិទបាំងតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ