ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋកាន់តែបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋាន បន្ទាប់ពីសកម្មភាពប្រព្រឹត្តអំពើចោរកម្មរបស់ក្រុមចោរ ក្នុងការគាស់ទំលុះទំលាយលំនៅឋានដែលបានកើតឡើងទាំងយប់ទាំងថ្ងៃជាបន្តបន្ទាប់ ខណ:កម្លាំងសមត្ថកិច្ចហាក់គ្រប់គ្រង់មុខសញ្ញាជនល្មើសមិនបាន ឬបង្ក្រាបបានតិចតួចបំផុត ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២០ មិថុនា នៅចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល មានករណីគាស់ទម្លុះទម្លាយលំនៅឋានរបស់ពលរដ្ឋចំនួន២លើកផ្ទួនៗ(២ផ្ទះ) ចូលរើកកាយលួចយកទ្រព្យសម្បត្តិ រួចគេចខ្លួនដោយសុវត្ថិភាព ។ប៉ុន្តែសមត្ថកិច្ចហាក់មិនទាន់កំណត់បាននូវមុខសញ្ញាជនសង្ស័យបាននៅឡើយរហូតមកទល់ពេលនេះ ។
លោកជេត វណ្ណនី ស្នងការរងខេត្តបានមានប្រសាសន៍ថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតលើករណីខាងលើនេះនៅឡើយ តែហាក់មិនទាន់មានតម្រុយអំពីមុខសញ្ញាជនសង្ស័យនៅឡើយទេ ។ លោកបានបញ្ជាក់ថា ជនមិនស្គាល់មុខបានធ្វើសកម្មភាពគាស់ផ្ទះចំនួនល្វែងជាប់គ្នា និងព្រមគ្នាក្នុងពេលតែមួយ ខណ:ម្ចាស់ផ្ទះបិតទ្វារមិននៅ តែបានបាត់បង់ទ្រព្យសម្បត្តិមិនច្រើនប៉ុន្មានទេ ។ លោកជេត វណ្ណនី បានបញ្ជាក់អំពីពេលវេលានៃការធ្វើសកម្មភាពរបស់ក្រុមចោរថា ជនមិនស្គាល់មុខអាចធ្វើសកម្មភាពនៅចន្លោះពីម៉ោង០៩ ទៅម៉ោង១០ព្រឹកថ្ងៃទី២០មិថុនា តែយើងមិនទាន់អាចសន្និដ្ឋានបានថា ពួកគេមានបក្សពួកប៉ុន្មាននាក់នោះទេ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់លំនៅឋានដែលត្រូវជនមិនស្គាល់មុខគាស់ទម្លុះទម្លាយទាំង២កន្លែងនៅក្បែគ្នានោះ មានម្នាក់ឈ្មោះតាំង យក់អុីី ស្រីអាយុ៧៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ
គឹម កែវមុន្នី ស្រីអាយុ៥៥ឆ្នាំ ដែលជនរងគ្រោះមានលំនៅឋាននៅជាប់គ្នា(ផ្ទះល្វែង)។ របាយការណ៍បឋមដដែលបានឱ្យដឹងទៀតថា ឈ្មោះតាំង យក់អុី បានបាត់បង់សម្ភារមានខ្សែដៃប្លាទីន១ខ្សែតម្លៃ៧០០
ដុល្លារ, លុយថៃចំនួន៣០០០បាត, លុយខ្មែរចំនួន៧៥មុឺនរៀល, និងលុយអូស្ត្រាលីចំនួន១០០។ ដោយឡែក ជនរងគ្រោះឈ្មោះគឹម កែវមុន្នី បានបាត់បង់តែបន្តោងខ្សែរ.កប្លាទីនចំនួន១ តែប៉ុណ្ណោះ។ ប៉ុន្តែជនល្មើសបានចូលទៅគាស់តុទួរ និងរើ.កកាយគ្មានសល់ឡើយ ។ ពលរដ្ឋបាននិយាយថានេះមិនមែនជាសកម្មភាពលើកទីមួយទេ ដែលក្រុមចោរបានធ្វើគាស់ទម្លុះទម្លាយ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅក្នុងទឹកដីឃុំជ្រៃ ស្រុកថ្មគោលតែសមត្ថកិច្ចក៏ធ្លាប់បង្ក្រាបចោរបានខ្លះៗដែរ។ ប៉ុន្តែអ្នកភូមិនិយាយដោយបង្ហាញពីភាពភ័យខ្លាចដូច្នេះថា អ្វីដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានការព្រួយបារម្ភកាន់តែខ្លាំងនោះ គឺសកម្មភាពប្រព្រឹត្តបទល្មើសទាំងថ្ងៃៗរបស់ក្រុមចោរ។
អ្នកភូមិបានលើកឡើងថា ប្រជាពលរដ្ឋមួយចំនួនត្រូវការចេញទៅប្រកបមុខរបប្រចាំថ្ងៃ រីឯកូនៗត្រូវចេញទៅរៀនសូត្រ។ ដូច្នេះមានតែបិទទ្វារផ្ទះទុកចោលបណ្ដោះអាសន្ន។ ការបិទទ្វារទុកចោលនេះ ហើយ ដែលជាឱកាសរបស់ជនល្មើស ក្នុងការធ្វើសកម្មភាពគាស់ទម្លុះទម្លាយដើម្បីចូលលួចទ្រព្យសម្បត្តិ។ អ្នកភូមិកំពុងព្រួយបារម្ភបំផុតចំពោះបញ្ហាអសន្តិសុខនៅក្នុងមូលដ្ឋាននេះដោយសារក្រុមចោរហាក់បង្ហាញពីសកម្មភាពកាន់តែគគ្លើន រីឯសមត្ថកិច្ចហាក់គ្រប់គ្រងមុខសញ្ញានេះមិនទាន់បាន ។
ចែករំលែកព័តមាននេះ