សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ មិថុនានេះ បានសម្រេចចិត្តដកខ្លួនថយចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ដោយចោទប្រកាន់ស្ថាប័នមានមូលដ្ឋាននៅក្រុងហ្សឺណែវនោះថា មានពុតត្បុត ហើយប្រកាន់ជំហរប្រឆាំងអ៊ីស្រាអែល។ នេះជាការសម្រេចដែលបរិហារភ្លាមៗ ដោយបណ្ដាអង្គការការពារសិទ្ធិមនុស្ស។
នៅក្រុងវ៉ាស៊ិនតោនមុខសារព័ត៌មាន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ អ.ស.ប លោកស្រីនីកគីហាឡី នៅក្បែររដ្ឋមន្ត្រីការបរទេសលោក MIKE POMPEO ថ្លែងថា យើងចាត់វិធានការនេះ ព្រោះតែការសន្យារបស់យើងពុំអាចស្ថិតក្នុងអង្គការមួយដែលមានពុតត្បុត ហើយដែលបម្រើតែផលប្រយោជន៍របស់ខ្លួន ដោយប្រើសិទ្ធិមនុស្សមកបោកគេឡើយ។ លោកស្រីបន្តថា ចាប់ពីយូរមកហើយ ក្រុមប្រឹក្សាសិទ្ធិមនុស្សការពារពួកអ្នកប្រព្រឹត្តិការរំលោភបំពានសិទ្ធិមនុស្ស ហើយមានការលម្អៀង ព្រោះប្រកាន់ជំហរនយោបាយ។
ការប្រកាសដកខ្លួនរបស់អាមេរិកនេះ ធ្វើឡើងក្រោយការរិះគន់យ៉ាងខ្លាំង របស់នាយស្នងការជាន់ខ្ពស់ អ.ស.ប ខាងសិទ្ធិមនុស្សលោក ZEID RA’AD AL HUSSEIN ប្រឆាំងនយោបាយមិនអាចទទួលយកបាន និងសាហាវព្រៃផ្សៃ របស់អាជ្ញាធរអាមេរិក បំបែកបណ្ដាកុមារពីឪពុកម្ដាយរបស់ពួកគេ ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ លួចឆ្លងកាត់ព្រំដែនជាមួយម៉ិកស៊ីកចូលដែនដីអាមេរិក។
ទោះបីយ៉ាងណាលោកស្រីនីកគីហាឡី និងលោក MIKE POMPEO អះអាងថា ការសម្រេចចិត្តនេះទាក់ទិនដល់បរាជ័យនៃការប៉ុនប៉ងកែទម្រង់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប។ លោកស្រីថាគួរឲ្យសោកស្ដាយ ពេលនេះវាច្បាស់ថាការអំពាវនាវរបស់យើងឲ្យមានការកែទម្រង់ពុំអាចបំពេញ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៦ ដើម្បីលើកស្ទួយ និងការពារសិទ្ធិមនុស្សលើលើពិភពលោក ប៉ុន្តែបណ្ដារបាយគារណ៍របស់អង្គការនោះ ជារឿយៗផ្ទុយនឹងបណ្ដាអាទិភាពរបស់អាមេរិក។ ជាពិសេសបំផុតប្រការដែលអ៊ីស្រាអែលជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិក ជាប្រទេសតែមួយគត់លើពិភពលោក ក្លាយជាចំណុចមួយស្ថិតក្នុងរបៀបវារៈរាល់សម័យប្រជុំរបស់ខ្លួន ដែលមាន៣លើកក្នុង១ឆ្នាំ ធ្វើឲ្យអាមេរិកខឹងយ៉ាងខ្លាំង៕
ចែករំលែកព័តមាននេះ