ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អគារ​ពាណិជ្ជកម្ម​ភ្លោះ​ថៃ ប៊ុ​ន​រ៉ុ​ង កំពុង​ព​ន្លឿ​ន​ការងារ​បច្ចេកទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រៀបចំ​ការងារ​បច្ចេកទេស​នានា ដើម្បី​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​អគារ​ពាណិជ្ជកម្ម​ភ្លោះ​របស់​ក្រុមហ៊ុន​ថៃ ប៊ុ​ន​រ៉ុ​ង បាន​និង​កំពុង​សម្រុក​ឲ្យ​បាន​មុន​កាលកំណត់ ។ នេះ​បើ​តាម​លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន…

រាជធានី​ភ្នំពេញ ៖ ការ​រៀបចំ​ការងារ​បច្ចេកទេស​នានា ដើម្បី​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​អគារ​ពាណិជ្ជកម្ម​ភ្លោះ​របស់​ក្រុមហ៊ុន​ថៃ ប៊ុ​ន​រ៉ុ​ង បាន​និង​កំពុង​សម្រុក​ឲ្យ​បាន​មុន​កាលកំណត់ ។ នេះ​បើ​តាម​លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ដែនដី និង​ជា​ស្ថាបត្យករ​ដែល​ចូលរួម​គូរ​ប្លង់​អគារ​ដ៏​ខ្ពស់​លំដាប់​ពិភពលោក​មួយ​នេះ ។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៧ មិថុនា កន្លង​មក​ថា ការ​សាងសង់​ជញ្ជាំង​បុក​គ្រឹះ​ទប់​ដី គ្រោង​ចំណាយពេល​១៦​ខែ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​ព​ន្លឿ​ន​ឲ្យ​បាន​ចប់​មុន​កាលកំណត់ ស្រប​ពេល​ការ​រៀបចំ​ឧបករណ៍​គ្រឿងចក្រ​ពី​ប្រទេស​ចិន នឹង​មក​ដល់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។
លោក ទួ​ស សា​ភឿន បាន​បន្ត​ថា ៖«​យើង​កំពុង​រៀបចំ​ការិយាល័យ​សម្រាប់​ការងារ​បច្ចេកទេស ។ ជាមួយ​នេះ យើង​ក៏​បាន​សិក្សា​ការដ្ឋាន និង​ទីតាំង​ត្រូវ​សាងសង់​អគារ​នេះ​ចប់​រួចរាល់​ផង​ដែរ » ។ យ៉ាងនេះ​ក្ដី លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ពេលវេលា​នៃ​ការ​បើក​ការដ្ឋាន​សាងសង់​អគារ​នេះ​ថា នឹង​ចាប់ផ្ដើម​នៅ​ពេល​ណា​នៅឡើយ​ទេ ។

លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​គម្រោង អគារ​នេះ​នឹង​សាងសង់​កម្ពស់​៥៦១​ម៉ែត្រ និង​មាន​អង់​តែ​ន​កម្ពស់​២៨​ម៉ែត្រ​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​អគារ​នេះ​ក្លាយជា​អគារ​ពាណិជ្ជកម្ម​ភ្លោះ​កប់​ពពក​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក ព្រោះ​រហូត​មក​ទល់​ពេល​នេះ បណ្តា​ប្រទេស​នានា​បាន​សាងសង់​អគារ​ខ្ពស់កប់ពពក មាន​លក្ខណៈ​ជា​អគារ​ទោល​ប៉ុណ្ណោះ ។
លោក​អះអាង​ថា តាម​ការ​សិក្សា​ជា​ថ្មី ការ​ចំណាយ​សាងសង់​អគារ​នេះ នឹង​កើន​ទឹកប្រាក់​ជាង​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ថវិកា​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​ទៀត នឹង​ត្រៀម​សម្រាប់​ជួយ​ធ្វើ​ឲ្យ​អគារ​លំដាប់​ពិភពលោក​នេះ​ដំណើរការ​ដោយ​រស់​រវើក បន្ទាប់​ពី​សាងសង់​ចប់ និង​ដាក់​ឲ្យ​ដំណើរការ ។
ក្រុមហ៊ុន​ថៃ ប៊ុ​ន​រ៉ុ​ង បាន​ចាប់ដៃ​គ្នា​ជាមួយ​ក្រុមហ៊ុន Sun Kian Ip Group របស់​ប្រទេស​ចិន ដើម្បី​សាងសង់​អគារ​នេះ ដែល​មា​នទី​តាំងនៅ​អតីត​សួន​កម្សាន្ដ​ឌ្រី​ម​លែ​ន ទល់មុខ​សណ្ឋាគារ និង​កាស៊ីណូ​ណា​ហ្គា​វើ​ល ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​ថ្លែង​ថា ការ​សាងសង់​អគារ​ដ៏​ធំ​នេះ​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​បើ​គិត​ពី​ទំហំ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ទំហំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ វា​ហាក់​ធំ​ពេក ប៉ុន្តែ​បើ​គិត​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច និង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សម្រាប់​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ ទំហំ​អគារ​នេះ​មិនធំ​នោះ​ទេ ។

អ្នក​នាង​បន្ត​ថា ៖« វា​ជា​មោទនភាព​សម្រាប់​កម្ពុជា បើសិនជា​អគារ​នេះ​សាងសង់​បាន​ដោយ​ជោគជ័យ » ។
លោកស្រី តាំង ហួរ អគ្គ​នាយិកា​ក្រុមហ៊ុន​AMATAK Property Service ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា គម្រោង​នេះ​នឹង​ក្លាយជា​និមិត្តរូប​ដ៏​អស្ចារ្យ និង​លើកកម្ពស់​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ នៅ​ពេល​សាងសង់​ចប់ ។ លោកស្រី​ថា ៖« អគារ​នេះ យើង​មិន​បារម្ភ​ថា វា​ធំ​ពេក​ឬ​យ៉ាងណា​ឡើយ ព្រោះ​យើង​ត្រូវ​គិត​ឲ្យ​ធំ ទើប​មាន​លទ្ធផល​ធំ បើ​យើង​គិត​តូច មិន​មាន​លទ្ធផល​ធំ​នោះ​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ