ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​រាប់រយ​គ្រឿង​ចូល​មក​ធ្វើបុណ្យ​នៅ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ហាង និង​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​ក្នុង​ក្រុងប៉ៃលិន ជា​ពិសេស​ហាង​បាយ ដែល​ស្ថិត​នៅ​ក្បែរ​វត្ត និង​ជើងភ្នំ​យ៉ា​ត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ហាង និង​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​ក្នុង​ក្រុងប៉ៃលិន ជា​ពិសេស​ហាង​បាយ ដែល​ស្ថិត​នៅ​ក្បែរ​វត្ត និង​ជើងភ្នំ​យ៉ា​ត ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ចាប់តាំងពី​ថ្ងៃ​ទី​១៥-១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវ​ចូល​ទិញ​អាហារ​ពេញ​ៗ ទាំង​ព្រឹក​ទាំង​ល្ងាច​តែ​ម្តង ។ ការ​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​បែប​នេះ ដោយសារ​តែ​នៅ​ក្នុង​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ព្រះសង្ឃ​បាន​រៀបចំ​កម្មវិធី​ធ្វើបុណ្យ​រួម​គ្នា​មួយ ។

ប្រភព​ព័ត៌មាន​ពី​ដូនជី​ចំណាស់​ម្នាក់ ឈ្មោះ ឡុ​ង ស្រី អាយុ​៦០​ឆ្នាំ មក​ពី​ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គាត់​បាន​រៃ​អង្គាស​លុយ​គ្នា ជួល​រថយន្ត​ជា​ច្រើន​គ្រឿង ដើម្បី​មក​ធ្វើបុណ្យ​រួម​គ្នា​នៅ​ក្នុង​ខេត្ត​ប៉ៃលិន អស់​រយ​:​ពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ដោយ​មក​ពី​បណ្តា​ខេត្ត​នានា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដូច​ជា​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​ជាដើម ។

គាត់​បន្ត​ទៀត​ថា ការ​នាំ​គ្នា​មក​ធ្វើបុណ្យ​រយ​:​ពេល​៣​ថ្ងៃនេះ នាំ​ឱ្យ​ពួក​គាត់​មានការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ដោយ​មាន​រថយន្ត​រាប់រយ​គ្រឿង​ឯណោះ ហើយ​នៅ​ពេល​យប់​នាំ​គ្នា​បោះ​តង់​ដេក​សម្រាក​នៅ​តាម​បរិវេណ​វត្ត​ភ្នំ​យ៉ា​ត វត្ត​កោង​កាង និង​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី​ជាង​ដើម ។ គាត់​បញ្ជាក់​ថា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា នេះ មាន​អ្នកខ្លះ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​អ្នកខ្លះ​ទៀត​នៅ​បន្ត​ធ្វើបុណ្យ​មួយ​ថ្ងៃ ពីរ​ថ្ងៃ​ទៀត ទើប​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។

នេះ​ជា​លើក​ទី​១​ហើ​យ​ដែល​ពួក​គាត់​សប្បាយចិត្ត​ក្នុង​ការ​ធ្វើបុណ្យ​រួម​គ្នា ។ ពួក​គាត់​មិន​ត្រឹមតែ​ទិញ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​គ្នា​ឈរ​ដង្ហែ​ជា​ជួរ​រៀបចំ​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​រាប់រយ​អង្គ ។ ម្យ៉ា ង​វិញទៀត ការ​មក​ស្នាក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ធ្វើបុណ្យ​នេះ គឺ​ចំណាយ​ថវិកា​រៀង​ៗ​ខ្លួន ទាំង​ថ្លៃ​ធ្វើ​ដំណើរ ទាំង​ថ្លៃ​ហូប​អាហារ​។ គាត់​ក៏​បាន​សង្កេត​ឃើញ​ថា ហាង​លក់​បាយ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ក្រុងប៉ៃលិន ជា​ពិសេស​ក្បែរ​វត្ត​កោង​កាង ដែល​ជា​កន្លែង​ធ្វើបុណ្យ​តែ​ម្តង ។

ចំណែក​ម្ចាស់​ហាង​បាយ​មួយ​មាន​យីហោ «​តា​ជា​» ដែល​នៅ​ខាង​មុខ​វត្ត​រតនា​សោភ័ណ​បានឱ្យ​ដឹង​ថា រយ​:​ពេល​៣​ថ្ងៃ​កន្លង​ទៅ​នេះ ម្ចាស់​ភោជនីយដ្ឋាន​ម្នាក់​ៗ ដាំបាយ​ស្ទើរតែ​មិន​ទាន់ ពោល​គឺ​រវល់​តាំងពី​ព្រឹក​រហូត​ដល់​យប់ នៅ​តែ​មាន​ភ្ញៀវ​ចូល​មក​ទិញ​ទទួលទាន ។ ប្រភព​បន្ត​ទៀត​ថា ភ្ញៀវ​ដ៏​ច្រើន​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មកនេះ ភាគច្រើន​គឺ​ដូនជី​ចាស់​ៗ ដែល​មក​ពី​តាម​បណ្តា​ខេត្ត​នានា ខណ​:​ពួក​គាត់​មក​ធ្វើបុណ្យ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន នាំ​គ្នា​ទិញ​បាយ​ហូប​ទាំង​ព្រឹក​និង​ល្ងាច ។

មិន​ត្រឹមតែ​ហាង​លក់​បាយ​នោះ​ឡើយ សូ​ម្បី​តែ​ផ្លែ​ឈើ​ដូច​ជា ធុ​រេ​ន សាវម៉ាវ និង​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​ជាដើម ទោះបីជា​ពី​មុន​តា​ង៉ែ​ន​១​គីឡូក្រាម តម្លៃ​ត្រឹមតែ​៣០០០​ទៅ​៤០០០​រៀល ហើយ​ពេល​នេះ​ឡើងថ្លៃ រហូត​ដល់​១​គីឡូក្រាម​១៣០០០​ទៅ​១៥០០០​រៀល ក៏​ពួក​គាត់​នាំ​គ្នា​សម្រុក​ទិញ​ទទួលទាន និង​ទិញ​យក​ទៅ​ផ្ញើ​កូនចៅ​នៅ​ឯ​ស្រុក​ផង​ដែរ ។ ដូច្នេះ ការ​ដែល​រួម​គ្នា​ធ្វើបុណ្យ​នៅ​កន្លែង​ណាមួយ មិន​ត្រឹមតែ​បាន​បុណ្យ​ដល់​អ្នក​ដែល​សាង​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ក៏​ទទួល​បាន​ផល​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​ថែម​ទៀត​ដែរ ។

គេ​ក៏​សង្កេត​ឃើញ​អ្នកលក់​ត្បូង​ដែល​ច្នៃ​រួចរាល់​គ្រប់​ប្រភេទ ក៏​មាន​ភ្ញៀវ​ចូល​ទិញ​យក​ទៅ​ប្រើប្រាស់​លំអ​រាង​កាយ ដោយ​លក់ដាច់​ជា​ហូរហែ​គួរ​ឱ្យ​កត់សម្គាល់ផងដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ